កាលពីខែមករាឆ្នាំ ២០១៨ សភាបារាំង បានធ្វើកំណែទម្រង់ពន្ធអាករជាច្រើនចំណុច នៅក្នុងផ្នែកមួយនៃក្រមហិរញ្ញវត្ថុឆ្នាំ ២០១៨ ដែលទំនងជាប៉ះពាល់ដល់បណ្ដាក្រុមហ៊ុននានា ដែលមានដូចជា និរាករណ៍នូវការយកពន្ធបន្ថែមលើការបែងចែកភាគលាភ ៣ % ពីក្រមពន្ធដារបារាំង។ ការបន្ថយពន្ធអាករនេះ គឺអនុលោមទៅតាមសេចក្ដីសម្រេចអះអាងថា បទបញ្ញត្តិខ្លះក្នុងក្រមចាស់ មានភាពផ្ទុយនឹងសេចក្តីបង្គាប់ស្ដីពីពន្ធអាករចំពោះក្រុមហ៊ុនមេ-បុត្រសម្ព័ន្ធរបស់សហភាពអឺរ៉ុប (PSD) និងផ្ទុយពីរដ្ឋធម្មនុញ្ញបារាំង ព្រមទាំងគូសបញ្ជាក់អំពីបាតុភូតនៃការធ្វើអឺរ៉ុបូនីយកម្មលើច្បាប់ជាតិ ហើយបើតាមការប៉ាន់ប្រមាណ កត្ដានេះធ្វើឱ្យរដ្ឋាភិបាលបាត់បង់ចំណូល ៩ ពាន់លានអឺរ៉ូ សម្រាប់ការទូរទាត់សងការចំណាយលើកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា។
ដោយដាក់បញ្ចូលក្នុងក្រមពន្ធដារបារាំងក្នុងឆ្នាំ ២០១២ នោះ អត្រាពន្ធ ៣ % លើការបែងចែកភាគលាភត្រូវបានប្រមូលពីបណ្ដាក្រុមហ៊ុនបារាំង ដែលមានពន្ធលើប្រាក់ចំណេញសាជីវកម្ម (រួមទាំងក្រុមហ៊ុនបរទេសអចិន្រ្តៃយ៍ នៅក្នុងប្រទេសបារាំង) ដែលបានបែងចែកប្រាក់ចំណេញ ដែលទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ គោលបំណងនៃក្រមនោះ គឺដើម្បីរារាំងក្រុមហ៊ុនមិនឱ្យបែងចែកភាគលាភទៅឱ្យម្ចាស់ហ៊ុន និងជំរុញពួកគេឱ្យវិនិយោគប្រាក់ចំណេញរបស់ខ្លួនចូលទៅក្នុងអាជីវកម្មរបស់ខ្លួនវិញ។ ចាប់តាំងពីដើមដំបូង ការជជែកវែកញែកយ៉ាងតឹងសរសៃក បានហ៊ុំព័ទ្ធការអនុវត្តន៍ពន្ធដារ និងជាពិសេស អនុលោមតាមបទបញ្ជា PSD ។
ដោយបានបង្កើតឡើង នៅឆ្នាំ ១៩៩០ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប បទបញ្ជា PSD ត្រូវបានរៀបចំឡើងដើម្បីដោះស្រាយភាពស្មុគស្មាញលើវិស័យពន្ធដារ នៅក្នុងបរិបទនៃការបែងចែកភាគលាភរវាងក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមានទីតាំងនៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុបផ្សេងៗគ្នា។ ជាពិសេស ត្រង់មាត្រាទី ៤ (១)នៃបទបញ្ជានោះ ចែងថា ទីតាំង ដែលក្រុមហ៊ុនមេទទួលបានប្រាក់ចំណេញពីក្រុមហ៊ុនបុត្រសម្ព័ន្ធនានានៅទ្វីបអឺរ៉ុប រដ្ឋជាសមាជិកនៃក្រុមហ៊ុនមេនោះ ត្រូវតែបញ្ឈប់ការយកពន្ធពីប្រាក់ចំណេញនោះ ព្រមទាំងត្រូវផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនមេកាត់បន្ថយកម្រិតពន្ធ ដែលត្រូវបង់ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ។ ប្រទេសបារាំង បានជ្រើសរើសប្រព័ន្ធដកហូតពន្ធលើភាគលាភ ដែលបង់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធទៅឱ្យក្រុមហ៊ុនមេរបស់ពួកគេ។
ផលប៉ះពាល់ចម្បងនៃច្បាប់សហភាពអឺរ៉ុប ត្រូវបានបំផុសឡើងដោយសេចក្តីសម្រេចបឋមរបស់តុលាការយុត្ដិធម៌សហភាពអឺរ៉ុប(CJEU) ដែលទាក់ទងនឹងការប្រតិបត្ដិទៅតាមអត្រាពន្ធ ៣ % របស់សេចក្ដីបង្គាប់ PSD ។ រដ្ឋជាសមាជិក ត្រូវបានរារាំងដោយសេចក្ដីសម្រេចរបស់ CJEU ដែលតម្រូវឱ្យរដ្ឋទាំងនោះ ធានាថាច្បាប់ជាតិ ត្រូវគោរពតាមច្បាប់សហភាពអឺរ៉ុប និងសេចក្ដីសម្រេចរបស់ CJEU ។ ដោយឡែក សេចក្តីសម្រេចបឋមរបស់តុលាការយុត្ដិធម៌សហភាពអឺរ៉ុប គឺជាធាតុផ្សំដ៏សំខាន់នៃឧត្ដមភាពច្បាប់អ៊ឺរ៉ុប និងគូសបញ្ជាក់ពីការគោរពរបស់រដ្ឋជាសមាជិកចំពោះចៅក្រមអឺរ៉ុប ក្នុងការបកស្រាយច្បាប់អឺរ៉ុប។ នៅឆ្នាំ ២០១៦ អង្គការជំនាញដ៏ធំមួយ ដែលតំណាងឱ្យក្រុមហ៊ុនចុះបញ្ជីធំ ៗ របស់បារាំង (AFEP) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងគណនីសាធារណៈឱ្យចេញមុខបកស្រាយអំពីនីត្យានុកូលភាពលើគោលការណ៍រដ្ឋបាលពន្ធដារ ដូចជាការរំលោភលើបទបញ្ជា PDS ជាអាទិ៍ ។ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦ តុលាការរដ្ឋបាលកំពូលរបស់ប្រទេសបារាំង ដែលមានការសង្ស័យយ៉ាងខ្លាំងចំពោះការអនុលោមតាមអត្រាពន្ធ ៣% របស់ PSD បានបញ្ជូនរឿងនេះ ទៅតុលាការ CJEU ដើម្បីឱ្យស្ថាប័ននេះចេញសេចក្តីសម្រេចបឋម។
នៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០១៧ តុលាការ CJEU បានសម្រេចថា ភាគលាភ ដែលត្រូវបានបែងចែក ដោយក្រុមហ៊ុនមេបារាំង រួមទាំងភាគលាភ ដែលក្រុមហ៊ុនមេបានទទួលកន្លងមក ពីក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅសហភាពអឺរ៉ុប មិនអាចជាកម្មវត្ថុនៃការយកពន្ធ ៣ % លើការបែងចែកប្រាក់ចំណេញទេ ព្រោះនេះ វាស្មើនឹងការប្រមូលពន្ធត្រួតគ្នានៃភាគលាភ។ តុលាការនេះ បានលើកឡើងថា ទោះបីជា ការទូទាត់ពន្ធនេះ ទទួលបានពីប្រាក់ចំណេញរបស់ក្រុមហ៊ុនមេ ឬការបែងចែកភាគលាភជាបន្តបន្ទាប់ក៏ដោយ ក៏ការបែងចែកភាគលាភទៅលើការបង់ពន្ធ ៣% នឹងជាទម្រង់នៃការយកពន្ធត្រួតគ្នា ដែលហាមឃាត់ដោយបទបញ្ជា PSD ។
ដោយមានការលើកឡើងថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋបារាំង បណ្តាលឱ្យមានការរើសអើងក្នុងចំណោមអ្នកជាប់ពន្ធ អាស្រ័យទៅលើប្រភពប្រាក់ចំណេញ ដែលបានបែងចែកឱ្យភាគទុនិកនោះ ភាពស្របតាមរដ្ឋធម្មនុញ្ញនៃការយកពន្ធ ត្រូវបានបញ្ជាក់នៅចំពោះមុខក្រុមប្រឹក្សាធម្មនុញ្ញរបស់បារាំង។ ជាពិសេស មានការលើកឡើងនូវការចោទប្រកាន់ថា ការរើសអើងនេះ ជាមូលដ្ឋាននាំឱ្យកើតការើសអើងត្រឡប់មកវិញ ដែលផ្ទុយនឹងគោលការណ៍សមភាពទាក់ទងនឹងបន្ទុកសាធារណៈ ដែលធានាដោយរដ្ឋធម្មនុញ្ញបារាំង។
ក្រុមប្រឹក្សាធម្មនុញ្ញបារាំង កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៧ យល់ឃើញថា ការដាក់ចេញនូវប្រព្រត្ដិកម្មផ្សេងៗគ្នា ផ្អែកលើប្រភពនៃការបែងចែកភាគលាភនោះ អត្រាពន្ធ ៣% នេះ មានការរំលោភលើគោលការណ៍សមភាពនៃរដ្ឋធម្មនុញ្ញ នៅចំពោះមុខច្បាប់ និងសមភាពក្នុងបរិបទនៃការចំណាយសាធារណៈ។ ដើម្បីឈានដល់សេចក្ដីសម្រេចរបស់ខ្លួន ក្រុមប្រឹក្សាធម្មនុញ្ញ ពឹងផ្អែកលើគោលបំណងនៃច្បាប់ ដែលចាត់ទុកប្រាក់ចំណូលពន្ធជាកត្ដាសំខាន់ ដោយមិនគិតពីប្រភពដើមនៃប្រាក់ចំណូល ដែលបានបែងចែកឡើយ។ បន្ទាប់ពីសេចក្ដីសម្រេចរបស់ខ្លួន អត្រាពន្ធ ៣ % ត្រូវបានលុបចោលជាផ្លូវការ នៅក្នុងខែមករាឆ្នាំ ២០១៨ ដែលជាផ្នែកមួយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១៨ ។
សេចក្ដីសម្រេចនេះ មានលក្ខណៈគួរឱ្យកត់សម្គាល់ពីរយ៉ាង។ ទីមួយ វាបញ្ជាក់ពីការរួមបញ្ចូលគ្នានូវបទបញ្ជានីត្យានុកូល ហើយក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា បញ្ញត្តិពន្ធដារនេះ មានការរំលោភបំពានលើគោលការណ៍សមភាព ដែលបញ្ជាឱ្យប្រព្រឹត្តចំពោះអ្នកជាប់ពន្ធស្មើភាពគ្នា។ ទី ២ វាបង្ហាញអំពីការលេចឡើងនូវបាតុភូតស៊ីសង្វាក់គ្នារវាងស្ថានភាពច្បាប់ក្នុងស្រុក និងអឺរ៉ុប សម្រាប់គោលបំណងសមភាព។ តាមមើលទៅ បើផ្អែកតាមការទទួលស្គាល់នូវការរើសអើងជាក់ស្ដែង និងការខ្វះឆន្ទៈច្បាស់លាស់ណាមួយរបស់អ្នកច្បាប់ទាក់ទងនឹងប្រព្រឹត្ដិកម្មខុសគ្នានោះ ច្បាប់ក្នុងស្រុករបស់បារាំង គួរតែបញ្ញត្ដិឱ្យស្របទៅនឹងច្បាប់អឺរ៉ុប ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist