CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមហ៊ុន​ Rolls-Royce របស់ចក្រភពអង់គ្លេស នឹងកាត់បន្ថយបុគ្គលិក ៤,៦០០ នាក់

ក្រុមហ៊ុនវិស្វកម្មអង់គ្លេស Rolls-Royce គ្រោងនឹងកាត់បន្ថយការងារចំនួន ៤,៦០០ កន្លែង ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកាត់បន្ថយការចំណាយលើអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុននេះ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងធ្វើការកាត់បន្ថយបុគ្គលិក ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ ដោយសារតែខ្លួនព្យាយាមកាត់បន្ថយចំណាយប្រចាំឆ្នាំចំនួន ៤០០ លានផោន (៥៣៥ លានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ ២០២០។ ការកាត់បន្ថយការងារភាគច្រើន នឹងត្រូវធ្វើឡើង នៅចក្រភពអង់គ្លេស។


ការកាត់បន្ថយបុគ្គលិកនេះ គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញដ៏ទូលំទូលាយ នៅក្រុមហ៊ុន Rolls-Royce (RYCEF) ។ នៅក្នុងខែមករា ក្រុមហ៊ុននេះបាននិយាយថា ខ្លួនមានគម្រោងផ្តោតជាសំខាន់លើអាជីវកម្មស្នូលរបស់ខ្លួននៃការផលិតម៉ាស៊ីនប្រើប្រាស់សម្រាប់ការផលិត និងប្រព័ន្ធថាមពលសម្រាប់ឧស្សាហកម្មអាកាសចរណ៍ ការពារជាតិ និងថាមពល។

ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួននឹងធ្វើឱ្យជោគជ័យផ្នែកហិរញ្ញវត្ថុ ក្នុងចំនួនទឹកប្រាក់ ៥០០ លានផោន ( ៦៧០ លានដុល្លារ) ពីលទ្ធផលនៃការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញនេះ។

លោក Warren East នាយកប្រតិបត្ដិនៃក្រុមហ៊ុននេះ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ "នេះមិនមែនជាការសម្រេចចិត្តដ៏ងាយស្រួលនោះទេ ក្នុងការកាត់បន្ថយកម្លាំងពលកម្មរបស់យើង ប៉ុន្តែយើងត្រូវតែបង្កើតអង្គភាពពាណិជ្ជកម្មមួយ ដែលឈានមុខគេលើពិភពលោក តួយ៉ាងដូចជាវិស័យបច្ចេកវិទ្យារបស់យើងនេះ" ។ ដើម្បីសម្រេចគោលបំណងនោះបាន យើងត្រូវផ្លាស់ប្តូរជាមូលដ្ឋានពីរបៀប ដែលយើងធ្វើការ”។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើងច្រើនជាង ២%  នៅទីក្រុងឡុង បន្ទាប់ពីលេចលឺព័ត៌មានអំពីការកាត់បន្ថយការងារនេះ។

Unite ដែលជាសហជីពដ៏ធំបំផុត នៅចក្រភពអង់គ្លេស បានព្រមានថា ការកាត់បន្ថយបុគ្គលិកបែបនេះ "អាចមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ទៅលើសហគមន៍មូលដ្ឋាន ដែលពឹងផ្អែកលើការងាររបស់ក្រុមហ៊ុន Rolls Royce" ។

លោក Steve Turner មន្ត្រីសហជីព Unite បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាមានគ្រោះថ្នាក់យ៉ាងពិតប្រាកដ ដែលក្រុមហ៊ុន Rolls-Royce នឹងកាត់បន្ថយការងារយ៉ាងច្រើន និងឆាប់រហ័សបែបនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការយ៉ាងរលូនរបស់ក្រុមហ៊ុន និងបាត់បង់បុគ្គលិក ដែលមានជំនាញ និងបទពិសោធន៍»។

ក្រុមហ៊ុន Rolls-Royce បាននិយាយថា៖  "យើងមិនរំពឹងទុកថា ការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញនេះ នឹងនាំឱ្យថយបុគ្គលិកជំនាញ និងមានសមត្ថភាព ដែលយើងត្រូវការដើម្បីគាំទ្រដល់កម្មវិធីផលិតបច្ចុប្បន្នរបស់យើងឡើយ" ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ មានបុគ្គលិកបម្រើការងារប្រហែល ៥០,០០០ នាក់។

នៅក្នុងឆ្នាំសារពើពន្ធ ដែលបញ្ចប់ត្រឹមខែមីនាឆ្នាំ ២០១៨ ក្រុមហ៊ុន Rolls-Royce បានរាយការណ៍ពីប្រាក់ចំណេញមុនបង់ពន្ធចំនួន ៤,៩ ពាន់លានផោន ( ៦,៦ ពាន់លានដុល្លារអាមេរិក) ដែលជាការងើបឡើងវិញយ៉ាងអស្ចារ្យពីការខាតបង់ចំនួន ៤,៦ ពាន់លានផោន ( ៦,២ ពាន់លានដុល្លារអាមេរិក) កាលពីឆ្នាំមុន។

កាលពីឆ្នាំ ២០១៧  ក្រុមហ៊ុន បានចំណាយប្រាក់ចំនួន ៦៧១  លានផោន (៩០០ លានដុល្លារអាមេរិក) ដើម្បីទូទាត់លើអំពើពុករលួយដោយអាជ្ញាធរ នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រេស៊ីល។

ក្រុមហ៊ុននេះ ក៏បានជួបបញ្ហាជាមួយនឹងម៉ាស៊ីនយន្ដហោះធុន Trent 1000 របស់ខ្លួនផងដែរ ដែលត្រូវបានប្រើប្រាស់ក្នុងយន្តហោះប្រភេទ Boeing 787 ។ ក្រុមហ៊ុននេះ បានរាយការណ៍ជាលើកដំបូងពីបញ្ហាម៉ាស៊ីន នៅក្នុងឆ្នាំ ២០១៦ ។

ក្រុមហ៊ុន Rolls-Royce មានប្រភពដើមពីក្រុមហ៊ុនផលិតរថយន្តដ៏ប្រណីត ដែលមានឈ្មោះរបស់ខ្លួនស្រាប់ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនទាំងពីរនេះ គឺជាក្រុមហ៊ុនដាច់ដោយឡែកពីគ្នា។ ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW (BMWYY) ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ money.cnn


Tags: International news