នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានសរសេរ នៅក្នុងសារអ៊ីម៉ែល ផ្ញើទៅកាន់បុគ្គលិកថា៖” ក្រុមហ៊ុន Tesla បានរីកចម្រើនលូតលាស់ជាលំដាប់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលជាលទ្ធផលធ្វើឱ្យនាទី និងមុខតំណែងមួយចំនួន មានភាពត្រួតគ្នា។ ខណៈមុខតំណែង និងតួនាទីទាំងនោះ អាចទទួលយកបាននៅពេលអតីត ប៉ុន្ដែពិបាកនឹងធ្វើឱ្យស៊ីសង្វាក់គ្នានាពេលបច្ចុប្បន្ន”។
លោកបន្ថែមថា៖”វាជាបញ្ហាដ៏ពិបាកសម្រាប់យើង ក្នុងការសម្រេចចិត្ដ ដូច្នេះ យើងនឹងមិនធ្វើបែបនេះទៀតឡើយនៅពេលអនាគត”។
លោកបន្ដថា៖”ការរំសាយបុគ្គលិកនេះ ប៉ះពាល់តែបុគ្គលិកស៊ីប្រាក់ខែប៉ុណ្ណោះ ដោយវាមិនប៉ះពាល់ដល់ផ្នែកផលិតរថយន្ដ Model 3 ឡើយ ក៏ព្រោះតែបុគ្គលិកផ្នែកផលិតកម្ម មិនត្រូវបានរំសាយនោះទេ។ ក្រុមហ៊ុន Tesla នៅបន្ដរើសបុគ្គលិកកាន់មុខតំណែងសំខាន់ៗជាច្រើនទៀត ហើយនឹងបង្កើនចំនួនបុគ្គលិកផ្នែកផលិតកម្មរបស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្ដប្រើចរន្ដអគ្គិសនីនេះ ប្រាថ្នាឱ្យការផលិតរថយន្ដ Model 3 ទទួលបានជោគជ័យ ជាជម្រើស ដែលខ្លួនមានលទ្ធភាពចំណាយ។
ការផលិតរថយន្ដ Model 3 បានជាប់គាំង នៅរដូវស្លឹកឈើជ្រុះ ដែលបណ្ដាលឱ្យភាគទុនិក ប្តឹងប្ដល់ក្រុមហ៊ុននេះ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Tesla បានចាប់ផ្ដើមការផលិតរថយន្ដ Model 3 នេះឡើងវិញ។ កាលពីសប្តាហ៍មុន លោក Musk បានថ្លែងថា ក្រុមហ៊ុន Tesla នឹងឈានសម្រេចគោលដៅរបស់ខ្លួន ក្នុងការផលិតរថយន្ត Model 3 ឱ្យបានចំនួន ៥០,០០០ គ្រឿងក្នុងមួយសប្តាហ៍ នៅចុងខែនេះ។
បណ្ដាវិនិយោគិន មានចិត្ដសោមនស្សរីករាយ ចំពោះការវិលត្រឡប់មកផលិតរថយន្ដ Model នេះវិញ។ គិតត្រឹមថ្ងៃអង្គារ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាង ៤០%ពីកម្រិតទាបក្នុងរយៈពេល ៥២ សប្តាហ៍ ដែលបានកើតឡើងកាលពីខែមេសាមក។ ការធ្លាក់តម្លៃភាគហ៊ុននេះ បានធ្វើឱ្យខាតបង់ផលចំណេញខ្លះ បន្ទាប់ពីព័ត៌មាននៃការរំសាយបុគ្គលិក។
លោក Musk បានពន្យល់ថា ការកាត់មុខតំណែងចេញខ្លះនេះ គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ហើយការរំសាយបុគ្គលិកទៀតសោត នឹងជួយកាត់បន្ថយការចំណាយ ហើយនឹងធ្វើឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណេញ។
លោកបានកត់សម្គាល់ថា ក្រុមហ៊ុន Tesla មិនដែលទទួលបានប្រាក់ចំណេញប្រចាំឆ្នាំនោះទេ ដែលចំណុចនេះ ធ្វើឱ្យកើតមានឡើងនូវការរិះគន់។ លោកបានសរសេរក្នុងលិខិតថា៖ "យើងនឹងមិនអាចសម្រេចបាននូវបេសកកម្មរបស់យើងបានឡើយ ដរាបណា យើងមិនបង្ហាញថា យើងអាចទទួលបានប្រាក់ចំណេញបានយូរអង្វែងទេនោះ"។
លោក Musk បាននិយាយ នៅក្នុងលិខិតថា៖ " ការនិយាយថាលា វាជារឿងពិបាកធ្វើណាស់។ លោកបានបន្ថែមថា៖ បុគ្គលិកដែលរងផលប៉ះពាល់នឹងទទួលបាន«ប្រាក់បៀវត្សរ៍ និងភាគហ៊ុនយ៉ាងច្រើន»ដែលសមាមាត្រទៅនឹងពេលវេលា ដែលពួកគេបានបម្រើការងារជូនក្រុមហ៊ុន ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ money.cnn