យ៉ាងហោចណាស់មនុស្ស ៣៧ នាក់ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងអគ្គិភ័យ ដែលលេបត្របាក់ ផ្សារទំនើបមួយ នៅទីក្រុង Kemerovo ដែលជាទីក្រុងធ្យូងថ្មស៊ីបេរី។ យ៉ាងហោចមនុស្ស ៦៤ នាក់ទៀត បានបាត់ខ្លួនបូករួមទាំងកុមារ ៤១ នាក់ផងដែរ ហើយផ្នែកខ្លះនៃអាគារកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការបាក់រលំ ។
អណ្ដាតភ្លើងផ្តើមឆេះ នៅជាន់ខាងលើនៃបរិវេណផ្សារទំនើប Winter Cherry ខណៈដែលជនរងគ្រោះជាច្រើន កំពុងស្ថិតនៅក្នុងសាលបញ្ចាំងកុន។ វីដេអូបង្ហោះ នៅលើបណ្តាញសង្គម បានបង្ហាញពីមនុស្សលោតចេញពីបង្អួច ដើម្បីគេចពីអណ្តាតភ្លើង កាលពីថ្ងៃអាទិត្យ។
បុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ៦៦០ នាក់ត្រូវបានដាក់ពង្រាយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។ មូលហេតុនៃអគ្គិភ័យ មិនទាន់ត្រូវបានគេដឹងនៅឡើយ ប៉ុន្តែអាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ថា អគ្គិភ័យនេះត្រូវបានគេជឿថា បានផ្តើមឆេះ នៅវេលាម៉ោងប្រហែល ១៧: ០០ នាទី នៅផ្នែកមួយនៃអគារ ដែលមានកន្លែងកម្សាន្ត។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមព័ត៌មានបឋម ដំបូលបានបាក់រលំនៅក្នុងសាលបញ្ចាំងកុនពីរកន្លែង។
លោក Yevgeny Dedyukhin អនុប្រធាននាយកដ្ឋានសង្គ្រោះបន្ទាន់តំបន់ Kemerovo បាននិយាយថាតំបន់ ដែលអគ្គិភ័យឆាបឆេះ មានទំហំប្រហែល ១.៥០០ ម៉ែត្រការ៉េ។
លោក Dedyukhin បាននិយាយថា សាកសពចំនួន ៣៧ នាក់ ដែលត្រូវបានគេរកឃើញ ពិបាកក្នុងការកំណត់អត្តសញ្ញាណណាស់ ប៉ុន្តែសាកសពចំនួន ៩ គឺជាកុមារ។
លោក Andrei Mamchenkov អនុប្រធានមជ្ឈមណ្ឌលជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រទេសរុស្ស៊ី បាននិយាយថា ការស្វែងរកកុមារចំនួន ៤១ នាក់កំពុងដំណើរការ។
ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះមួយ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីថា ការសង្គ្រោះបន្ទាន់ មិនអាចទៅដល់សាលបញ្ចាំងកុន នៅជាន់ទី ៣ បានទេ ដោយសារតែផ្សែង និងគ្រោះថ្នាក់នៃការបាក់រលំអគារ។ ប្រភពមួយផ្សេងទៀត បានប្រាប់ទីភ្នាក់ងារដដែលថា គ្មានឱកាសរកអ្នករស់រានមានជីវិតឃើញឡើយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី