CamNews

សុខភាព 

កត្ដាទាំងនេះហើយដែលបំផ្លាញដល់ថ្លើមរបស់អ្នក យ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងខ្លួន

សុខភាព ៖ អ្នកអាចមិនទាន់ជ្រាបឱ្យបានជ្រាលជ្រៅអំពីប្រធានបទស្ដីអំពីថ្លើមនោះទេ។ ថ្លើមគឺជាសរីរាង្គមួយដ៏សំខាន់នៃរាងកាយរបស់អ្នក ហើយមុខងារដែលត្រូវរ៉ាប់រងគឺមានសារៈសំខាន់ចំពោះសុខភាពរបស់អ្នក ហេតុដូច្នេះហើយ ពេលខ្លះគ្រាន់តែមានកំហុសដ៏តូចមួយ អាចបង្កផលប៉ះពាល់ ដែលអ្នកនឹងធ្វើការកត់សម្គាល់ភ្លាមៗ។  លើសពីនេះទៀត ប្រសិនបើអ្នករងវិបត្ដិពីជំងឺថ្លើម វាជារឿងដំបូងគេ ដែលអ្នកត្រូវដឹងថាតើចំណីអាហារប្រភេទណា ដែលនឹងអំណោយផលដល់ការស្រោចស្រង់វា ញ៉ាំងឱ្យចៀសផុតពីការកើនឡើងជាតិពុល ឬជាតិខ្លាញ់ ដែលភាគច្រើន​តែងតែធ្វើឱ្យថ្លើមឈឺ។ សូមស្វែងយល់នូវខ្លឹមសារទាំងស្រង់ ស្ដីពីមូលហេតុដែលអាចបណ្ដាលឱ្យខូចថ្លើមនៅក្នុងអត្ថបទខាងក្រោមនេះ។

១. កូឡេស្តេរ៉ូលខ្ពស់៖ កូឡេស្ដេរ៉ូលគឺជាខ្លាញ់មួយប្រភេទ ដែលត្រូវបានសំយោគដោយថ្លើម ហើយរាងកាយរបស់អ្នកប្រើវាជាថាមពលសម្រាប់កោសិកាជាច្រើននៅក្នុងរាងកាយរបស់អ្នក។ ហេតុដូច្នេះ វានឹងក្លាយជាធាតុមូលដ្ឋាន នៃអង្គប្រកបជាច្រើនទៀតនៃរាងកាយរបស់អ្នក។ ប៉ុន្ដែវាគួរតែមានតុល្យភាពពីព្រោះកូឡេស្ដេរ៉ូល ដែលមិនត្រូវបានប្រើគួរត្រូវកាត់បន្ថយ ហើយថ្លើមគឺជាសរីរាង្គមួយដែលទទួលយកអ្វីដែលសល់ពីការប្រើរបស់រាងកាយ។ ការទទួលយកនូវអ្វីដែលសេសសល់របស់ថ្លើមនេះ និងដោយសារការកើនឡើងលើសពីអ្វីដែលរំពឹងទុក និងមានប្រយោជន៍សម្រាប់ថ្លើមនោះ ចុងបញ្ចប់នឹងបណ្ដាលឱ្យអ្នកកើតជំងឺថ្លើមមិនខាន តួយ៉ាងគឺជំងឺថ្លើមកើតពីជាតិខ្លាញ់ ដែលជាជំងឺដ៏សាមញ្ញបំផុតមួយនៅក្នុងពិភពលោក នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ដូច្នេះអ្នកគួរចៀសវាងការពិសាសាច់ក្រហម អាហារសម្បូរខ្លាញ់ សម្បូរស្ករ ស៊ុតចំណែកស អាហារប្រៃខ្លាំង ហើយប្ដូរមកពិសាបន្លែ អាហារសម្បូរកាកសរសៃ និងធញ្ញជាតិវិញ។ល។



២. ចូលគេងយឺត និងក្រោកពីគេងយឺត៖ តើអ្នកមានការភ្ញាក់ផ្អើលមែនទេ ពេលដែលបានលឺដូច្នេះ? ពិតប្រាកដណាស់ កាលអ្នកនៅពីក្មេង ឪពុកម្ដាយរបស់អ្នកតែងប្រាប់អ្នកថា អ្នកគួរចូលគេងពីព្រលប់ ជាទម្លាប់មួយដែលយើងតែងតែមើលរំលងនៅពេលយើងធំឡើង ដោយសារយើងចង់ធ្វើដូច្នេះ ឬដោយសារយើងរវល់នឹងកិច្ចការងារ។ តាមពិតថ្លើមរបស់អ្នក ត្រូវបានរចនាឡើងដើម្បីបំពេញមុខងារដ៏សំខាន់ ដូច្នេះខណៈពេលណាមួយនាពេលរាត្រីវាអនុវត្ដនូវដំណើរការបណ្ដេញជាតិពុលជាដំបូង។ នៅវេលាម៉ោង ១២ និងម៉ោងពីររំលងអាធ្រាត ថ្លើមមានដំណើរការបណ្ដេញជាតិពុលម្ដងទៀត។ វាគឺជាដំណើរការដែលត្រូវបានអនុវត្ដជាប្រក្រតីនៅពេលអ្នកគេងលង់លក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនធ្វើតាមដំណើរការធម្មជាតិនៅក្នុងរាងកាយរបស់អ្នកជារឿយៗ អ្នកនឹងទទួលរងនូវឥទ្ធិពលមិនល្អជាមិនខាន។ ដូច្នេះសូមព្យាយាមអនុវត្ដតាមការគេងឱ្យត្រូវពេលវេលាតាមតែអ្នកអាចធ្វើបាន។


៣. មិនពិសាអាហារពេលព្រឹក៖ នៅពេលអ្នកក្រោកពីគេង ថាមពលបម្រង់នៃជាតិគ្លុយកូសមានការថយចុះ។ វាជាទិដ្ឋភាពមួយ ដែលប៉ះពាល់ដល់ថ្លើម និងរារាំងវាពីការទទួលយកថាមពល ដើម្បីបំពេញនូវមុខងារសំខាន់ៗរបស់វា។ មានមនុស្សជាច្រើនផ្អាកពិសាអាហារពេលព្រឹកដើម្បីសម្រកទម្ងន់(ជាកំហុសដ៏ធំមួយ) ឬដោយសារពួកគាត់ប្រញាប់ប្រញាល់ និងគាត់មើលរំលងនូវពេលវេលាដ៏សំខាន់មួយ នៃរយៈពេលមួយថ្ងៃ ពោលគឺការទទួលទានអាហារពេលព្រឹក។ សូមកុំផ្អាកការពិសាអាហារពេលព្រឹក សូមកុំបំភ្លេចចោលនូវផ្នែកដ៏សំខាន់ នៃសារធាតុចិញ្ចឹមរបស់អ្នក  ដែលមានសារៈសំខាន់សម្រាប់រាងកាយ ថ្លើម និងខួរក្បាលរបស់អ្នក។ រាងកាយត្រូវការថាមពលដ៏សំខាន់នេះ ដើម្បីចាប់ផ្ដើមថ្ងៃថ្មីដ៏ស្រស់ត្រកាល។



៤. ចំណីអាហារមិនល្អ៖ ជួនកាល ការពិសាអាហារមិនល្អគឺដោយសារយើងមិនមានពេលវេលាគ្រប់គ្រាន់ រវល់នឹងការងារ ឬបំពេញកាតព្វកិច្ចអ្វីមួយ។ វាងាយនឹងនាំឱ្យអ្នកទៅពិសាអាហារទាន់ចិត្ដ(Fast Food)ដោយសារវាមើលទៅគួរឱ្យចង់ពិសា និងដោយសារវាសន្សំពេលវេលាផងដែរ។ ប៉ុន្ដែការពិសាអាហារដូច្នេះក្នុងរយៈពេលយូរ សុខភាពរបស់អ្នកនឹងចុះខ្សោយមិនខាន ពោលគឺកើតជំងឺតែម្ដង។ ថ្លើមគឺជាសរីរាង្គមួយ ដែលងាយនឹងរងនូវការប៉ះពាល់ដោយចំណីអាហារមិនល្អ ជាប្រភេទអាហារដែលរួមបញ្ចូលគ្នានូវសូដ្យូម កាល់ឡូរី ស្ករ និងអំបិល។ អាហារទាំងនេះធ្វើឱ្យកើនឡើងសម្ពាធឈាម កូឡេស្ដេរ៉ូល និងខ្លាញ់រុំព័ទ្ធថ្លើមជាដើម។ ភាគច្រើន មុខងារមិនប្រក្រតីនៃថ្លើមគឺជាហេតុផលបណ្ដាលមកពីចំណីអាហារមិនល្អ ដែលផ្ទុកជាតិខ្លាញ់ខ្ពស់ និងធាតុបង្កគ្រោះថ្នាក់ ដែលធ្វើឱ្យថ្លើមឈឺ នឹងនាំឱ្យអ្នកមានជំងឺ។



៥. ការពិសាគ្រឿងស្រវឹង៖ យើងទាំងអស់គ្នាប្រាកដជាបានជ្រាបពីរឿងនេះហើយ។ គ្មានធាតុអ្វីដែលបង្កគ្រោះថ្នាក់ដល់ថ្លើមរបស់អ្នកជាងគ្រឿងស្រវឹងនោះទេ។ ថ្លើមមានការពិបាកក្នុងការដំណើរការជាតិស្រវឹង គ្រឿងស្រវឹងនេះធ្វើការបំផ្លាញដល់ថ្លើម និងរារាំងវាពីការបំពេញមុខងារមូលដ្ឋាន ព្រមទាំងបំផ្លាញនូវតុល្យភាពគីមីរបស់វា បំផ្លាញកោសិកាថ្លើម និងបណ្ដាលឱ្យខ្លាញ់រុំថ្លើម កើតជំងឺថ្លើម និងជំងឺក្រិនថ្លើម។ល។ ការពិសាស្រាទំពាំងបាយជូរមួយកែវគឺត្រូវបានណែនាំដោយវេជ្ជបណ្ឌិត និងល្អប្រសើរសម្រាប់សុខភាព ប៉ុន្ដែត្រូវចៀសវាងការពិសាច្រើន ពីព្រោះគ្រឿងស្រវឹងពិតជាគ្រោះថ្នាក់ណាស់សម្រាប់សុខភាព៕



ប្រែសម្រួល ៖ ដេវីដ

ប្រភព ៖ steptohealth


Tags: Health news