CamNews

ព័ត៌មានអន្តរជាតិ 

ប៉ូលិស វាយឆ្មក់ចាប់ជនវាយប្រហារភេរវកម្មនៅលើស្ពាន

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសអង់គ្លេស នៅថ្ងៃច័ន្ទនេះ បានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់ នៅក្នុងការវាយឆ្មក់ព្រឹកព្រលឹមចំនួនពីរ  បន្ទាប់ពីការវាយប្រហារនៅទីក្រុងឡុង ដែលត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋឥស្លាម ដែលបណ្ដាលឱ្យមនុស្ស ៧ នាក់ បានស្លាប់បាត់បង់ជីវិត។

របាយការណ៍មួយ បានឱ្យដឹងថា៖ «នៅវេលាម៉ោងប្រហែល ៤៖ ១៥ នាទី នាព្រឹកថ្ងៃចន្ទនេះ មន្រ្ដីនគរបាលមកពីទីបញ្ជាការប្រឆាំងភេរវកម្ម បានបើកការស៊ើបអង្កេត ចំពោះការវាយប្រហារភេរវកម្មនៅលើស្ពានមួយ នាទីក្រុងឡុងដ៍ ទៅលើទីតាំងបន្ថែមទៀតចំនួនពីរ គឺតំបន់ Newham និងទីក្រុង Barking។ មនុស្សមួយចំនួន ត្រូវបានឃុំខ្លួន"។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa  May នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសន្ដិសុខ បន្ទាន់មួយរបស់រដ្ឋាភិបាលដើម្បីពិភាក្សាអំពីការឆ្លើយតបទៅនឹងការវាយប្រហារជាលើកទីបី នៅក្នុងប្រទេសអង់គ្លេស ក្នុងរយៈពេលតិចជាងបីខែមកនេះ។

ប៉ូលីសអង់គ្លេស បានចាប់ខ្លួនមនុស្សជាច្រើននាក់ កាលពីថ្ងៃអាទិត្យ នៅក្នុងការស៊ើបអង្កេតអំពើភេរវកម្មទ្រង់ទ្រាយធំមួយ ក្រោយពីការវាយប្រហារ ដោយប្រើប្រាស់ឡានមួយ និងកាំបិតធំសម្លាប់មនុស្ស ៧ នាក់នៅកណ្ដាលទីក្រុងឡុងដ៍។


គណបក្សនយោបាយធំៗរបស់ប្រទេសនេះ បានផ្អាកយុទ្ធនាការឃោសនាបោះឆ្នោតជាបណ្ដោះអាសន្ន ដោយមានតែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនពេលការបោះឆ្នោតទូទៅ។ លោក​ស្រី នាយករដ្ឋមន្រ្ដី May បានឱ្យដឹងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដូចការគ្រោងទុក នៅថ្ងៃព្រហស្បតិ៍ ពីព្រោះ«អំពើហិង្សា មិនអាចត្រូវបានអនុញ្ញាតឱ្យរំខានដល់ដំណើរការប្រជាធិបតេយ្យឡើយ”។
ប៉ូលិសក្រុងឡុងដ៍ បានឱ្យដឹងថា មន្ត្រីប៉ូលីស បានសម្លាប់ជនវាយប្រហារភេរវកម្ម ក្នុងរយៈពេលត្រឹមតែ ៨ នាទីនៅនឹងកន្លែងកើតហេតុ។ មន្ត្រីប៉ូលិសចំនួន ៨ នាក់ បានធ្វើការបាញ់ប្រហារអស់គ្រាប់កាំភ្លើង ៥០ គ្រាប់ នេះបើតាមការឱ្យដឹងរបស់លោក Mark Rowley ជំនួយការស្នងការ  ដែលជាប្រមុខនៃកងកម្លាំងប្រឆាំងភេរវកម្មបាន៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ hindustantimes


Tags: International news