ផ្លូវដែកប្រវែង ៤៨ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅព្រំដែនថៃ ត្រូវបានស្ថាបនាឡើងវិញ ក្រោយរយៈពេល ៤៥ ឆ្នាំ បន្ទាប់ពីផ្លូវដែកនេះ ត្រូវបានបំផ្លាញ ក្នុងទសវត្សឆ្នាំ ១៩៧០ ក្នុងសម័យសង្រ្គាមស៊ីវិលកម្ពុជា។ រថភ្លើង ដឹកអ្នកដំណើរ បានចាប់ផ្តើមដំណើរការ នៅថ្ងៃពុធរវាងព្រំដែនក្រុងប៉ោយប៉ែត និងស៊ីសុផុន ។
ក្រសួងសាម៉ី មានគម្រោងផ្តល់សេវាដឹកអ្នកដំណើរតាមរថភ្លើង ពីភ្នំពេញ ទៅក្រុងបាងកក បើទោះបីជាខាងក្រសួង មិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយក៏ដោយ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការចរចារជាមួយប្រទេសថៃលើបញ្ហាទាក់ទងនឹងព្រំដែន មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
ផ្នែកខ្លះនៃផ្លូវដែករវាងខេត្ដស៊ីសុផុន និងរាជធានីភ្នំពេញ ក៏កំពុងស្ថិតនៅក្រោមការជួសជុលនៅឡើយ ដែលរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំនេះ។
ផ្លូវរដែក ដែលបានបញ្ចប់រួចរាល់ កាលពីខែខែកុម្ភៈ បានបន្ថែមមធ្យោបាយដឹកជញ្ជូនថ្មីមួយទឿត ឆ្ពោះទៅកាន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង នៅតាមដងផ្លូវ ដែលតភ្ជាប់ទីក្រុងបាងកក ឆ្លងកាត់ទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញ ក្នុងភាគខាងត្បូងប្រទេសវៀតណាម។
ផ្លូវដែកប្រវែង ៣៨៦ គីឡូម៉ែត្ររវាងរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត ត្រូវបានបានសាងសង់បញ្ចប់ នៅឆ្នាំ ១៩៤២ បន្ទាប់ពីការងារសាងសង់អស់រយៈពេល ១៣ ឆ្នាំ។ ប៉ុន្តែផ្លូវដែកចម្ងាយ ៤៨ គីឡូម៉ែត្ររវាងខេត្ដស៊ីសូផុន និងព្រំប្រទល់ក្រុងប៉ោយប៉ែត ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅឆ្នាំ ១៩៧៣ ។
នៅឆ្នាំ ២០០៩ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់ចំនួន ១៣ លានដុល្លារសម្រាប់ការសាងសង់ឡើងវិញនូវកំណាត់ផ្លូវដែកប្រវែង ៤២ គីឡូម៉ែត្រ ដោយទុកឱ្យរដ្ឋាភិបាលកម្ពុជាស្ថាបនាឡើងវិញនូវចំណែកដែលនៅសល់ប្រមាណ ៦ គីឡូម៉ែត្រទៀតប៉ុណ្ណោះ។
លោក វ៉ាស៊ឹម សូរិយ៉ា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវនោះ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនដង ដោយឧបសគ្គផ្នែកច្បាប់ និងវិវាទដីធ្លីជាមួយអ្នក ដែលរស់នៅតាមបណ្តោយផ្លូវដែក ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost