CamNews

ព័ត៌មានអន្តរជាតិ 

លោកត្រាំ អំពាវនាវឱ្យនិរទេសជនអន្ដោប្រវេស្ដន៍ខុសច្បាប់ ចេញពីអាមេរិក ដោយមិនចាំបាច់ឱ្យមាននីតិវិធី

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ជនណា ដែលចូលទឹកដីអាមេរិកដោយខុសច្បាប់ នឹងត្រូវបញ្ជូនទៅប្រទេស ដែលពួកគេមកភ្លាមៗ ដោយមិនចាំបាច់ឱ្យមាននីតិវិធីផ្លូវច្បាប់ជួយឡើយ។

ដោយប្រឈមនឹងកំហឹងសាធារណៈ និងសម្ពាធពីគណបក្សសាធារណរដ្ឋ កាលពីសប្ដាហ៍មុននេះ លោកត្រាំ បានធ្វើការកែប្រែគោលនយោបាយពង្រាត់កូនពីឪពុកម្ដាយ នៅព្រំដែនរបស់លោកវិញ ដូច្នេះមនុស្សពេញវ័យ អាចនឹងត្រូវឃាត់ខ្លួន និងផ្ដន្ទាទោស ជាដំណើរការមួយ ដែលនឹងប្រើពេលវេលាជាច្រើនខែ។


ចាប់តាំងពីការដោះស្រាយបញ្ហាគោលនយោបាយកាលពីថ្ងៃពុធមក លោក ត្រាំ បានលើកឡើងពីការរិះគន់របស់លោក អំពីច្បាប់អន្តោប្រវេសន៍របស់អាមេរិក នៅលើបណ្ដាញ Twitter និងនៅក្នុងសុន្ទរកថានានា ជាកន្លែង ដែលលោក បានប្រៀបធៀបជនអន្តោរប្រវេសន៍ខុសច្បាប់ទៅនឹងអ្នកឈ្លានពាន ដែលកំពុងព្យាយាមចូល ទៅក្នុងប្រទេសរបស់លោក។

លោក បាននិយាយនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យថា៖ "យើងមិនអាចអនុញ្ញាតឱ្យមនុស្សទាំងអស់នេះឈ្លានពានប្រទេសរបស់យើងឡើយ។ នៅពេលដែលជនណាម្នាក់ចូលមកប្រទេសរបស់យើង យើងត្រូវចាត់វិធានការបញ្ជូនពួកគេទៅកាន់ប្រទេសដើមរបស់ពួកគេវិញភ្លាមៗ ដោយពុំចាំបាច់ឱ្យមានវត្ដមានចៅក្រម ឬបណ្ដឹងតុលាការ"។

លោក Trump មិនបានធ្វើការបែងចែករវាងមនុស្ស ដែលបានចូលសហរដ្ឋអាមេរិកដើម្បីសុំសិទ្ធិជ្រកកោននិងជនអន្តោប្រវេសន៍ខុសច្បាប់ឡើយ។

ច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ផ្តល់ជូននូវសិទ្ធិសម្រាប់ជនអន្តោប្រវេសន៍គ្មានឯកសារ ដែលត្រូវបានចាប់ខ្លួនដោយក្រុមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយ។ ភាគច្រើន ពួកគេត្រូវបានអនុញ្ញាតឱ្យទទួលបានការជំនុំជម្រះក្ដីពេញលេញ នៅចំពោះមុខចៅក្រមអន្តោប្រវេសន៍ មុនពេលត្រូវបាននិរទេសទៅប្រទេសរបស់ខ្លួនវិញ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ស៊ីអិនប៊ីស៊ី


Tags: International news