ព័ត៌មានអន្តរជាតិ ៖ ក្រសួងការបរទេសអាមេរិកបានដាក់ចេញនូវករណីថ្មីមួយប្រឆាំងនឹងរបបប្រធានាធិបតីស៊ីរីលោក បាសា អាសាដ កាលពីថ្ងៃចន្ទថាៈ រដ្ឋាភិបាល ស៊ីរីមិនត្រឹមតែបានប្រព្រឹត្តអំពើឃោរឃៅយ៉ាងរង្គាល នៅឯពន្ធនាគារយោធារបស់ខ្លួន នៅក្រៅក្រុងដាម៉ាសប៉ុណ្ណោះទេ ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលនេះ បានបង្កើតអាគារបន្ថែម ក្នុងគោលបំណងដើម្បីដុតកម្ទេច និង បំផ្លាញចោលសាកសពជនរងគ្រោះរបស់ខ្លួនរាប់ពាន់នាក់ យ៉ាងអាថ៌កំបាំង"។
លោក Stuart Jones រដ្ឋមន្រ្ដីស្ដីទីទទួលបន្ទុកកិច្ចការអាស៊ីខាងលិច បានប្រាប់អ្នកកាសែត នៅឯសន្និសីទកាសែតពិសេសខ្លីមួយ ដោយបង្ហាញពីរូបថតផ្កាយរណប ដែលលោក បានសន្មត់ថាជាតំណាងឈាបនដ្ឋាននោះថា៖ "ចាប់ផ្តើមដឹកនាំ នៅក្នុងឆ្នាំ ២០១៣ របបស៊ីរី បានកែប្រែអគារពន្ធនាគារ Saydnaya របស់ខ្លួនដើម្បីគាំទ្រដល់អ្វី ដែលយើងជឿថា ជាឈាបនដ្ឋានមួយនោះ"។
លោក Jones បានបន្តថា៖ "ទោះបីជាអំពើឃោរឃៅរបស់របបនេះជាច្រើន ត្រូវបានចងក្រងជាឯកសារបានយ៉ាងល្អក៏ដោយ យើងជឿថា ការកសាងឈាបនដ្ឋានមួយនេះ គឺជាការខិតខំប្រឹងប្រែងដើម្បី លាក់បាំងទំហំនៃអំពើឃាតកម្មយ៉ាងរង្គាល ដែលកើតឡើង នៅក្នុងពន្ធនាគារ Saydnaya »។
ដោយលើកឡើងពី "ប្រភពគួរឱ្យទុកចិត្ត» និងទិន្នន័យ ដែលប្រមូលបាន ដោយអង្គការក្រៅរដ្ឋាភិបាល លោក Stuart បានបញ្ជាក់ថា នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ ២០១៥ របបលោកអាសាដ បានចាប់ខ្លួន និងឃុំខ្លួនមនុស្សច្រើនរហូតដល់ ១១៧,០០០ នាក់ និងបានសម្លាប់ជនជាប់ឃុំប្រមាណ ៥០ នាក់ក្នុងមួយថ្ងៃ នៅពន្ធនាគារ Saydnaya ។
របាយការណ៍អង្គការលើកលែងទោសអន្ដរជាតិមួយ ដែលមានចំណងជើងថា " Human Slaughterhouse " បានលម្អិតពីស្ថានភាព នៅពីក្រោយចំនួនអ្នកស្លាប់ ដោយរៀបរាប់ពីការណ៍សម្ងាត់មួយ ដែលជនជាប់ឃុំជាច្រើននាក់ "ត្រូវបានសម្លាប់ បន្ទាប់ពីរងការធ្វើទារុណកម្មម្តងហើយម្តងទៀត និងបង្អត់អាហារ ទឹក ថ្នាំពេទ្យ និងការថែទាំវេជ្ជសាស្រ្តជាលក្ខណៈប្រព័ន្ធ"។
លោក Omar al-Shogre ដែលបាននិយាយថា ខ្លួនបានចំណាយពេល ១០ ខែនៅពន្ធនាគារ Saydnaya បានប្រាប់ លោក Robert Siegel ដែលបម្រើការឱ្យកាសែត NPR ថា ការធ្វើទារុណកម្មរាងកាយ បានបូករួមដោយការធ្វើទារុណកម្មផ្លូវចិត្តដ៏ព្រៃផ្សៃ។
"យើង ត្រូវបានឆ្មាំគុកបង្ខំឱ្យសម្លាប់គ្នា ទៅវិញទៅមក។ ពេលខ្លះ ឆ្មាំគុក ចូលមក ដោយនាំមកជាមួយនូវកាំបិត ឬខ្សែពួរ ហើយពួកគេបានសួរទណ្ឌិតថា តើពួកគេមានសាច់ញាតិ ឬមិត្តភក្តិនៅក្នុងគុក ដែរ ឬទេ។
«ហើយ នៅពេលដែលពួកគេ កំណត់បានថា អ្នកទោស មានមិត្តភក្តិ និងសាច់ញាតិរបស់ខ្លួននៅក្នុងពន្ធនាគារ ពួកគេផ្ដល់ជម្រើសមួយ ក្នុងចំណោមជម្រើសពីរ: ឱ្យសម្លាប់សាច់ញាតិរបស់ខ្លួន ឬឱ្យសម្លាប់ខ្លួនឯង។ ហើយនៅក្នុងករណីជាច្រើន ទណ្ឌិតសម្រេចចិត្ដឱ្យគេសម្លាប់ខ្លួនឯង បូករួមទាំងការធ្វើទារុណកម្ម មុនពេលត្រូវបានគេសម្លាប់»។
លោក Jones បាននិយាយថា៖ «សហរដ្ឋអាមេរិក បានថ្លែងជាច្រើនដងថា យើងត្រូវបានបំភ័យ ដោយអំពើឃោរឃៅ ដែលត្រូវបានអនុវត្តដោយរបបស៊ីរី»។ «ហើយអំពើឃោរឃៅទាំងនេះ ហាក់ដូចជាជាត្រូវបានអនុវត្ត ដោយមានការគាំទ្រ ដោយឥតលក្ខខណ្ឌពីប្រទេសរុស្ស៊ី និងអ៊ីរ៉ង់»។
រដ្ឋបាលរបស់លោក Trump បានវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់ស៊ីរី ជាមួយនឹងការបាញ់ប្រហារមីស៊ីល កាលពីខែមុន នៅក្នុងការសងសឹកចំពោះការវាយប្រហារគីមីយ៉ាងរង្គាលរបស់របបនេះ នៅក្នុងខេត្តអ៊ីដលីប ជាការវាយប្រហារឯកតោភាគីមួយ ដែលបានជំរុញឱ្យមានការប៉ះទង្គិចពាក្យសម្ដីគ្នារវាងមន្រ្ដីសហរដ្ឋអាមេរិក និងមន្ត្រីរុស្ស៊ី៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ npr.org