ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ទាំងអ្នកសិល្បៈ ក្រៅរង្វង់សិល្បៈ និងអ្នក នយោបាយជាច្រើន កំពុងតែពេញនិយម លេងល្បែងកម្សាន្ត “Ice bucket Challenge” ដើម្បីស្វែងរកការរៃអង្គាសប្រាក់ ដើម្បីជួយទៅដល់មន្ទីពេទ្យគន្ធបុប្ផា ហើយនៅ ក្នុងនោះក៏មានអ្នក ហៅឈ្មោះតារា ចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា ឲ្យបន្តលេងល្បែងនេះផងដែរ ក្នុងបំណងចង់ឲ្យនាងចូល រួមលេងកម្សាន្ត និង ស្វែងរកប្រាក់ជួយ ដល់មន្ទីរពេទ្យខាងលើនេះ តែតារាស្រីរូបនេះ បែរជាបដិសេធមិន លេង ល្បែងកម្សាន្តនេះឡើយ ព្រោះតែនាងមិនចង់ខ្ជះខ្ជាយទឹក តាមរយៈ ការលេងបែបនោះឡើយ ។
បើតាមសារមួយដែល តារាចម្រៀងស្រីល្បីឈ្មោះ មានទឹកដមសំឡេងក្រអួនក្រអៅ កញ្ញា មាស សុខសោភា បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ដោយសរសេរជាភាសាខ្មែរថា “ សូមអរគុណដល់អ្នកគ្រប់គ្នា បានចូលរួមធ្វើ “Ice bucket Challenge” ព្រមទាំងបានស្នើឱ្យនាងខ្ញុំអនុវត្តបន្ត នាងខ្ញុំសូមថ្លែងអំណរគុណ យ៉ាង ជ្រាល ជ្រៅបងប្អូន ដែលបានចូលរួមក្នុង សកម្មភាពដ៏មានអត្ថន័យនេះ។ ដោយឡែកក្នុងពេល ជា មួយគ្នានេះ នាងខ្ញុំបានទទួលដំណឹងពីព្រះតេជគុណ ដែលទទួលមើលថែកូនឈើ ទាំង ១០,០០០ដើមរបស់ មាស សុខសោភា ថា អណ្តូងមានសភាពរីងស្ងួតដោយកត្តាអាកាសធាតុ ។ យើងបានព្យាយាមយ៉ាង ស្វិតស្វាញពេញមួយសហ្តហ៍ ដើម្បីធ្វើដំណើរទៅយក ទឹកពីទន្លេ មកស្រោចស្រព សង្គ្រោះជីវិតកូនឈើទាំងនោះ ហើយចំណាយ ក្នុងការធ្វើដំណើរម្តងៗ រហូត ដល់ទៅ ១០,៥០០រៀល” ។
ដោយសារតែមូលហេតុខាងលើនេះ ទើបធ្វើឲ្យតារាចម្រៀងរូបស្រស់ម្នាក់នេះ សម្រេចចិត្ត បដិសេធមិនចូលលេងល្បែង “Ice bucket Challenge” នេះឡើយដោយ នាងបាននិយាយ ថា “នាងខ្ញុំផ្ទាល់សូមសម្តែង នូវសេចក្តីគោរពដល់ព្រះតេជគុណ ដែលបានប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ក្នុងការងារជួយសហគមន៍ ភ្នំឱរាល់ និងថែរក្សាកូនឈើទាំងនោះ។ អាស្រ័យហេតុនេះហើយ នាងខ្ញុំនិងមានអារម្មណ៍ ខុសឆ្គងក្នុងការខ្ជះខ្ជាយទឹក ដូច្នេះនាងខ្ញុំ សង្ឃឹមថា អ្នករាល់គ្នានឹងមានការអធ្យាស្រ័យ។ នាងខ្ញុំនឹង បរិចា្ចគប្រាក់ជូនទៅ ដល់មន្ទីពេទ្យ គន្ធបុប្ផាតែម្តង ដោយមិនលេងនោះទេ”។
នេះជាលើកទីមួយ ហើយសម្រាប់អ្នកសិល្បៈ ដែលត្រូវបានគេហៅឈ្មោះ បន្តឲ្យចូលរួមលេង “Ice bucket Challenge” អ្នកនាង មាស សុខសោភា ដែលបានឆ្លើយបដិសេធមិនលេង ដោយសុខចិត្តចុះចាញ់តែម្តង ក្រោមហេតុផលថា នាងមិនចង់ខ្ជះខ្ជាយទឹកទាំងដែល នៅតាម បណ្តាខេត្តដាច់ស្រយាល មួយចំនួនកំពុងតែមានការលំបាកខ្វះ ទឹកប្រើប្រាស់ហេតុដូចនេះ នាងចង់ចូលរួមបរិច្ចាគប្រាក់ ទៅជួយមន្ទីពេទ្យគន្ធបុប្ផា ហើយនាងក៏ចង់ចូលរួមចំណែកសន្សំ សំចៃទឹកផងដែរ ៕