(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា នៅក្នុងជំនួបមួយនៅថ្ងៃអង្គារ ម្សិលមិញ បានបង្គាប់ឱ្យក្រុមមន្ត្រីប្រយុទ្ធប្រឆាំងភេរវកម្ម និងមន្ត្រីសន្តិសុខនៅក្នុងប្រទេសទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នៅអំឡុងពេលការពារសន្តិសុខនៅថ្ងៃ លោក ដូណាល់ ត្រាំ ចូលស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ ជាផ្លូវការដោយខ្លាចក្រែងក្រុមភេរវករ អាចនឹងឆ្លៀតយកឱកាសនេះ ធ្វើសកម្មភាពវាយប្រហារដោយអំពើភេរវកម្មណាមួយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន ដែលចុះផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងដូច្នេះថា «លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្គាប់ឱ្យរាល់ទីភ្នាក់ងារសន្តិសុខអាមេរិកទាំងមូល ត្រូវស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុតរហូតដល់កំរិតមួយដែលយើងអាចធានាបាន ចំពោះការការពារសុវត្ថិភាពដល់អ្នកចូលរួម នៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ព្រមទំាងត្រៀមទប់ទល់ និងទប់ស្កាត់ការគំរាមកំហែងពីសំណាក់ក្រុមភេរវករ និងបុគ្គលដែលនឹងអាចបង្កហិង្សាមួយចំនួនផងដែរ»។
គួរបញ្ជាក់ថាពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅខាងមុខវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕