(តូក្យូ)៖ ប្រទេសជប៉ុនបានបញ្ចប់ការនេសាទត្រីបាឡែនប្រចាំឆ្នាំរបស់ខ្លួនហើយ នៅដែនសមុទ្រប៉ាស៊ីហ្វិក ភាគខាងជើង ដោយទទួលបានត្រីយក្សប្រភេទនេះចំនួន ១១៥ក្បាល។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦ ដោយទទួលបានរបាយការណ៍ពី ទីភ្នាក់ងារនេសាទរបស់ជប៉ុន។
ក្រុមនេសាទត្រីបាឡែនរបស់ជប៉ុន បានធ្វើការចេញដំណើរទៅនេសាទក្នុងរដូវអនុញ្ញាតកាលពីថ្ងៃទី១២ ខែឧសភា ដោយក្នុងនោះជប៉ុនបានរកឃើញត្រីបានឡែន Sei Whale ចំនួន ៤៤៤ក្បាល និងប្រភេទ Bryde's Whale ១០៤ក្បាល។ ជាលទ្ធផលក្រុមនេសាទបានធ្វើការប្រមាញ់ត្រីបាឡែន Sei Whale ៩០ក្បាល និង Bryde's Whale ២៥ក្បាល សរុប ១១៥ក្បាលត្រឡប់មកប្រទេសជប៉ុនវិញ។
ងាកទៅមើលអំឡុងរដូវអនុញ្ញាត ឲ្យមានការនេសាទលក្ខណៈជាការសិក្សាស្រាវជ្រាវ កាលពីឆ្នាំ ២០១៥វិញ ក្រុមអ្នកនេសាទជប៉ុនបានធ្វើការនេសាទត្រីបានឡែន Minke Whales ចំនួន ៣៣៣ក្បាលឯណោះក្នុងអំឡុងពេល ២ខែ ដែលបាននាំឲ្យក្រុមអភិរក្សបរិស្ថាន និងសត្វសមុទ្រសកលលោក រិះគន់យ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ក្រុមអ្នក ស្រាវជ្រាវជប៉ុនបានថ្លែងការពារសកម្មភាពខ្លួនថា ការនេសាទត្រីបានឡែនយក្សទំាងនោះ គឺស្ថិតក្នុងន័យ បង្កាផលប៉ះពាល់ដល់ជីវៈចំរុះក្នុងសមុទ្រតែប៉ុណ្ណោះ ព្រោះតែត្រីបាឡែនមានពោះធំ និងត្រូវការចំណីច្រើន។
ទោះបីជាមានការលើកឡើងបែបនេះក្តី ក៏ក្រុមអភិរក្សាបរិស្ថានបានរិះគន់ថា ការនេសាទរបស់ជប៉ុន ធ្វើឡើងក្នុងន័យ ពាណិជ្ជកម្មប៉ុណ្ណោះ ព្រោះសាច់ត្រីបាឡែនជាអាហារប្រពៃណីនៃប្រទេសដីកោះនេះ រាប់ពាន់ឆ្នាំមកហើយ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី