(ហាវ៉ៃ)៖ យោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គ្រោងនឹងបង្កើតកិច្ចប្រជុំលើកទីពីរ ដើម្បីពិភាក្សាអំពីវិធានការ ក្នុងការគ្រប់គ្រង និងអង្កេតស្ថានការណ៍នៃលំហ អាកាសនាឆ្នាំនេះតែម្តង។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទីថ្មីៗនេះ លោក Frank Rose ដែលជាអនុប្រធាន នៃការិយាល័យនៃការចាត់ចែងប្រតិបត្តិការ និងបង្កើតនយោបាយការពារជាតិ សហរដ្ឋអាមេរិក បាននិយាយថា «កិច្ចប្រជុំនេះពេលខាងមុខនេះ នឹងត្រូវលើកយកបញ្ហាកម្ទេចកម្ទី ឬកាកសំណល់ នៅក្នុងលំហអាកាសមកពិភាក្សាផងដែរ ដោយនេះគឺជារឿងដ៏គួរឲ្យយកចិត្តទុកដាក់មួយ ក្នុងការចាត់វិធានការការពារភពផែនដី ពីការប៉ះទង្គិចដោយកម្ទេចកម្ទីទាំងនោះ»។
ជាក់ស្តែង កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ ២០០៧ ចិន បានកំទេចផ្កាយរណបយោធាមួយគ្រឿងឈ្មោះ Fengyun-1C ដែលត្រូវបានគេប្រើប្រាស់ ក្នុងការផ្លោងកាំជ្រួចមីស៊ីល ដោយបានធ្វើឲ្យស្រទាប់ បរិយាកាស និង គោរចរ របស់ភពផែនដីពោរពេញទៅដោយឧស្ម័ន និងកម្ទេចកម្ទីគ្រោះថ្នាក់ជាច្រើន។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលអាមេរិក បាននិយាយថា ការកំទេចផ្កាយយោធានាឆ្នាំ ២០០៧ នេះ បានធ្វើឲ្យមានកំទេចកំទីជាង ៣,៤០០ បំណែក ដោយកម្ទេចកម្ទីទាំងនោះ នៅតែអាចមាននៅក្នុង គន្លងគោចររបស់ភពផែនដីរហូតដល់ឆ្នាំ ២០២៧ ដែលវាអាចធ្វើការបំផ្លាញស្រទាប់បរិយាកាស របស់ភពផែនដីកាន់តែធ្ងន់ធ្ងរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះបីជាយ៉ាងណាក្តី តាមរយៈការធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចិនរបស់ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីដើមខែកញ្ញានេះ បានបង្ហាញឲ្យឃើញថា អាមេរិក និងចិនក៏បានទទួលស្គាល់ថា កម្ទេចកម្ទីនៃលំហអាស មិនតែធ្វើបំផ្លាញដល់ស្រទាប់បរិយាកាសរបស់ភពផែនដី ប៉ុណ្ណោះទេ វាថែមទាំងបានធ្វើឲ្យផ្កាយរណបដទៃទៀត មិនអាចប្រមូលទិន្នន័យបានច្បាស់ ព្រមទាំងអាចនាំឲ្យ មានផលវិបាកក្នុងការបង្ហោះយាន ទៅក្នុងលំហអាកាសផងដែរ។
សូមជំរាបដែរថា កិច្ចពិភាក្សាលើកទី១ រវាង អាមេរិក និងចិន ស្តីពីបញ្ហាផ្សេងៗនៃលំហអាកាស ត្រូវបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗ ដោយឡែក កិច្ចពិភាក្សាលើកទីពីរនេះ ត្រូវបានគ្រោងធ្វើឡើងនាពេលឆាប់នេះដែរ៕
ប្រភព ៖ spacenews
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង