CamNews

សុខភាព 

រោគសញ្ញា និងគន្លឹះការពារទាំង ៩ របស់ជំងឺតម្រង់នោមដែលគួរយល់ដឹង

សុខភាព ៖ តម្រង់នោម គឺជាសរីរាង្គដែលមានរូបរាងដូចទៅនឹងគ្រាប់សណ្តែកហើយស្ថិតនៅទាំងសងខាងនៃរូបរាងកាយ ដោយតួនាទីសំខាន់របស់ពួកវា គឺជួយច្រោះកាកសំណល់ចេញ និងមានមុខងារសំខាន់ជាច្រើនដើម្បីជួយទ្រទ្រង់ប្រព័ន្ធផ្សេងៗក្នុងសារពាង្គកាយទាំងមូល។ ជំងឺតម្រង់នោម គឺជាជំងឺដ៏គួរឲ្យខ្លាច និងគួរតែប្រុងប្រយ័ត្ន។ បើយោងទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញអោយឃើញថា មានប្រជាជនប្រមាណ ២០លាននាក់នៅក្នុងសហរដ្ឋអាមេរិកបានលេចចេញនូវកម្រិតមិនប្រក្រតីទៅលើតម្រង់នោមរបស់ពួកគាត់។ ហេតុនេះ គន្លឹះដែលអាចជួយអោយលោកអ្នកជៀសផុតពីបញ្ហាតម្រង់នោមធ្ងន់ធ្ងរបាន គឺមានតែសម្គាល់ទៅលើរោគសញ្ញាដំបូងរបស់ជំងឺតម្រង់នោមអោយបានកាន់តែលឿនកាន់តែល្អ។ ខាងក្រោមនេះ យើងសូមធ្វើការបង្ហាញនូវរោគសញ្ញាដំបូងទាំង ៩ របស់ជំងឺតម្រង់នោម។

១​. ប្រព័ន្ធទឹកម៉ូត្រមានលក្ខណៈខុសប្រក្រតី

អាការៈមួយចំនួនដែលគួរតែប្រយ័ត្នដូចជា ទឹកម៉ូត្រមានពពុះច្រើនឬខាប់ខុសធម្មតា មានអារម្មណ៍ចង់ទៅបន្ទោរបង់ញឹកញាប់ បរិមាណទឹកនោមច្រើនឬតិចជាងធម្មតា អារម្មណ៍ចង់តែទៅបន្ទោរបង់តែនោមមិនចេញ ការបង្ករោគនៅក្នុងទឹកនោមមានការកើនឡើង ទឹកម៉ូត្រចេញមកលាយឈាម និង/ឬ មានអារម្មណ៍ក្រហាយពេលបត់ជើងតូច។


២. អាការៈហើម

ប្រសិនបើលោកអ្នកមានសភាពហើមខុសធម្មតា ជាពិសេសនៅលើមុខ ជើង កជើង ប្រអប់ជើង និង/ឬ ដៃ នោះអាចបង្ហាញថា តម្រង់នោមរបស់លោកអ្នកចាប់ផ្តើមលែងមានសមត្ថភាពក្នុងការបញ្ចេញជាតិទឹកចេញមកក្រៅសារពាង្គកាយហើយ ដូច្នេះគួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីអោយបានដឹងពីមូលហេតុពិតប្រាកដ និងដើម្បីទទួលការព្យាបាលអោយបានត្រឹមត្រូវអោយទាន់ពេលវេលា។


៣. ជំងឺស្លេកស្លាំង/ការហេវហត់

បញ្ហាធ្លាក់ចុះមុខងាររបស់តម្រង់នោម ក៏មានន័យថាមានការផលិតអ័រម៉ូន EOP (erythropoietin) ដែលជាអ័រម៉ូនជំរុញក្នុងការផលិតគ្រាប់ឈាមក្រហមដើម្បីដឹកនាំអុកស៊ីហ្សែនក៏ថយចុះដែរ។ ពេលដែលកម្រិតអុកស៊ីហ្សែនធ្លាក់ចុះ វាជាមូលហេតុចម្បងដែលនាំអោយមានការហេវហត់ និងជំងឺស្លេកស្លាំង។


៤. ស្នាមកន្តួល

ការប្រមូលផ្តុំនូវកាកសំណល់ជាច្រើនដែលពុំបានបញ្ចេញចោលតាមរយៈតម្រង់នោម គឺអាចធ្វើអោយមានការដាច់រយះស្បែក និងមានការរមាស់ជាខ្លាំងដោយឯកឯង។


៥. មានក្លិនមាត់ និង ក្អួតចង្អោរ

រសជាតិលោហ (ដូចសារជាតិដែក) ដែលកើតឡើងដោយសារការប្រមូលផ្តុំសារជាតិពុលនៅក្នុងឈាម (ហៅថា uremia) កត្តានេះធ្វើអោយយើងមានក្លិនមាត់អាក្រក់ ធុំអាហារ ក្អួត និងចង់ចង្អោររហូតដល់ស្រកទម្ងន់ទៀតផង។


៦. ការគិតច្របូកច្របល់

ការខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល ធ្វើអោយមានការប៉ះពាល់មួយចំនួនដូចជា ការបាត់ការចងចាំ ការបាត់បង់ការផ្តោតអារម្មណ៍ និងវិលមុខ។


៧. ការឈឺខ្នង

នេះ ជាករណីមួយដែលកម្រនឹងកើតមាន និងពិបាកសម្គាល់ដោយសារតែជំងឺគីសតម្រង់នោមក៏អាចធ្វើអោយមានការឈឺចាប់នៅផ្នែកខ្នងខាងលើដែរ។


៨. ពិបាកដកដង្ហើម

ការដកដង្ហើមនឹងពិបាកដោយសារតែកោសិកាឈាមក្រហមដែលដឹកនាំអុកស៊ីហ្សែនធ្លាក់ចុះ និងចាល់ជាតិទឹកក្នុងសួត។

៩. រងាញាក់

ស្ថានភាពខ្វះគ្រាប់ឈាម គឺអាចធ្វើអោយយើងមានអារម្មណ៍ត្រជាក់ខ្លាំង ហើយអ្នកជំងឺតែងតែត្អូញត្អែរថាខ្លួនឯងញាក់រហូតបើទោះបីជាស្ថិតនៅក្នុងស្ថានភាពក្តៅខ្លាំងយ៉ាងណាក៏ដោយ ៕


ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ CureJoy


Tags: Health news