(វ៉ាស៊ីនតោន)៖ មុននឹងបញ្ចប់អាណត្តិជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករាខាងមុខនេះ លោក បារ៉ាក់ អូបាម៉ា បានផ្ដើមថ្លែងសុន្ទរកថា បង្ហាញពីសាច់ដុំកងទ័ពអាមេរិក ដោយលោកផ្ទាល់បានអះអាងថា ក្នុងសម័យបច្ចុប្បន្នកងទ័ពអាមេរិក នៅតែជាកងទ័ពដ៏ខ្លាំងបំផុត ដែលពិភពលោកមិនធ្លាប់មាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសុន្ទកថា ចំពោះមុខកងទ័ពអាកាសអាមេរិក នៅឯមូលដ្ឋានទ័ពអាកាស MacDill ក្នុងទីក្រុង Tampa នៃរដ្ឋ Florida កាលពីថ្ងៃអង្គារ លោក អូបាម៉ា បានលើកឡើងដូច្នេះថា «ខ្ញុំជឿថា យើងមិនដែលស្ទាក់ស្ទើរ ឬ រួញរាម្ដងណាឡើយ ក្នុងការធ្វើប្រតិកម្មឆ្លើយតប រួមមានទាំងសកម្មភាពឯកតោភាគី ដើម្បីប្រឆាំងទប់ទល់នឹងរាល់ការគំរាមកំហែង គ្រប់ទម្រង់មកលើប្រជាជនអាមេរិក ត្បិតសហរដ្ឋអាមេរិក នៅតែមានកងទ័ពដ៏ខ្លាំងបំផុត ដែលពិភពលោកមិនធ្លាប់មាន»។
បន្ថែមពីខាងលើនេះ ដោយលើកឡើងពីសកម្មភាពកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ លោក អូបាម៉ា បានសារទរដែលបច្ចុប្បន្នក្រុមអាល់កៃដា លែងក្លាយជាស្រមោលអន្ទោលតាមប្រាណ នៃមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប៉ុន្តែលោកនៅតែអះអាងថា ការយកចិត្តទុកដាក់ជាអចិន្ត្រៃយ៍ របស់សហរដ្ឋអាមេរិក គឺការកម្ទេចបណ្ដាញភេរវកម្មរបស់ក្រុម អាល់កៃដា និងក្រុម ISIS។
គួរបញ្ជាក់ថា ក្នុងនាមជាជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាព លោក បារ៉ាក់ អូបាម៉ា តាមរយៈរដ្ឋាភិបាលរបស់លោក បានដឹកនាំប្រតិបត្តិការរួមមានទំាងយោធា នៅឯបរទេសឥតឈប់ឈរក្នុងរយៈពេល០៨ឆ្នាំ ជាប្រធានាធិបតីអាមេរិក ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំង នឹងក្រុមភេរវករ៕
ប្រភព ៖ រុស្ស៊ីធូឌេ