CamNews

ព័ត៌មានអន្តរជាតិ 

អតីតមន្រ្ដីជាន់ខ្ពស់បម្រើស្ថាប័នសាសនាម្នាក់ ផ្ទុះរឿងអាស្រូវគួរឱ្យភ្ញាក់ផ្អើលដោយសារតែ.........

អន្តរជាតិ ៖ អាជ្ញាធរថៃ បានចូលឆែកឆេរផ្ទះ ដែលមានតម្លៃ ៤៩ លានបាត នៅស្រុក Taling Chan ក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃពុធ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត លើការលួចបន្លំមូលនិធិរបស់វត្ដអារាម នៃអតីតនាយកការិយាល័យពុទ្ធសាសនាជាតិ (NOB) ។

មន្ត្រីការិយាល័យប្រឆាំងការលាងលុយកខ្វក់ និងនគរបាលមកពីនាយកដ្ឋានប្រឆាំងអំពើពុករលួយបានចូលឆែកឆេរ ក្នុងផ្ទះលេខ 108/1  ជាអចលវត្ថុ ដែលសាងសង់លើមហាវិថី Grand Bangkok Boulevard ជាប់ផ្លូវ Ratchaphrak ដោយយោងតាមដីកាឆែកឆេររបស់តុលាការ។

ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ផ្ទះនេះត្រូវបានទិញដោយប្រាក់សុទ្ធ នៅក្នុងឆ្នាំ ២០១៣ និងបានចុះបញ្ជីជាកម្មសិទ្ធិផ្ដាច់មុខរបស់កូនស្រីវ័យក្មេងម្នាក់ ដែលជាចំណងដៃ អាពាហ៍ពិពាហ៍នៃភរិយាមុនរបស់លោក Nopparat Benjawatananun ដែលជាអតីតនាយក NOB ។



កាលពីថ្ងៃអង្គារ ការិយាល័យប្រឆាំងការលាងលុយកខ្វក់ បានសម្រេចបង្កកទ្រព្យសម្បត្តិចំនួន ៣៣  មានតម្លៃ ៧១ លានបាត ដែលកាន់កាប់ដោយលោក Nopparat និងអ្នកផ្សេងទៀត ដែលជាប់សង្ស័យថា បានលួចយកថវិកាអភិវឌ្ឍន៍វត្ដអារាមរបស់ NOB នៅចន្លោះពីឆ្នាំ ២០១២  និងឆ្នាំ ២០១៦ ។

អគ្គលេខាធិការស្ដីទីនៃការិយាល័យប្រឆាំងការលាងលុយកខ្វក់ លោក Romsit Weeriyasan បាននិយាយ កាលពីថ្ងៃពុធថា អាជ្ញាធរជឿជាក់ថា ផ្ទះនេះ មានការជាប់ព័ន្ធនឹងលោក Nopparat ដោយសារតែពួកគេ បានរកឃើញឯកសារអំពីការតុបតែងលម្អបល្ល័ង្កព្រះ ឯកសារព្យាបាលជំងឺ កាតឥណទាន និងអត្តសញ្ញាណប័ណ្ណផ្សេងទៀតនៅទីនោះ។ ក្រុមមន្រ្តី ក៏បានរកឃើញផងដែរនូវឯកសារភរិយារបស់លោក គឺអ្នកស្រី Pattanant នៅក្នុងផ្ទះនេះ។

ទូដែកធំមួយ និងទូដែកតូចៗពីរផ្សេងទៀត ត្រូវបានរឹបអូសដើម្បីពិនិត្យពិច័យបន្ថែមទៀត។ ក្រុមមន្រ្តី បាននិយាយថា មានតែអ្នកបម្រើនៅផ្ទះនេះចំនួនពីរនាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងផ្ទះ អំឡុងពេលប្រតិបត្ដិការឆែកឆេរនោះ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រថយន្តជាច្រើនគ្រឿង បានមកដល់ទីនោះ រយៈពេលពីរថ្ងៃមុនដើម្បីរើទ្រព្យសម្បត្តិចេញពីផ្ទះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news