យោងតាមគេហទំព័រទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes បានឲ្យដឹងថា ជារឿងធម្មតាទៅហើយ ដែលគេតែងហៅ មនុស្សម្នាក់ថា ជាសេដ្ឋី ឬជាមហាសេដ្ឋី ព្រោះដោយសារតែគាត់ ឬក៏នាងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យចង់ដឹងនោះ ថាតើអ្នកទាំងនោះ មានប្រាក់ប៉ុន្មានទើបអាចឲ្យពួកគេ ក្លាយជាមហាសេដ្ឋីបាន? ជាទូទៅ ដើម្បីក្លាយខ្លួនជាមហាសេដ្ឋីម្នាក់ យ៉ាងហោចណាស់ត្រូវមាន ប្រាក់ផ្ទាល់ខ្លួនចំនួន ៣.៥ពាន់លានដុល្លារអាមេរិកឯណ្ណោះ។ ដូចនេះអ្នកប្រហែលជា ចង់ដឹងហើយថា តើមហាសេដ្ឋីប្រទេសណា ដែលមានប្រាក់ច្រើនជាងគេនោះ? ខាងក្រោមនេះ ជាមហាសេដ្ឋីទាំង ១០ នៅក្នុងពិភពលោក សម្រាប់ឆ្នាំ ២០១៤៖
១. លោក Carlos Slim Helu មានទឹកប្រាក់ចំនួន ៨៥,៩ពាន់លានដុល្លារអាមេរិក
ជាមហាសេដ្ឋីលំដាប់ទី១ នៅក្នុងពិភពលោក ដែលត្រូវបានគេស្គាល់រូបលោកថា ជាអ្នកជំនួញ វិនិយោគិន និងក៏ជាសប្បុរសជនដ៏ឆ្នើមមួយរូប នៅក្នុងប្រទេសម៉ិកស៊ិកផងដែរ។ បច្ចុប្បន្ននេះ លោក Carlos Slim Helu ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍ Telmex និង America Movil។ កាលពីដើមឆ្នាំ ២០១៤ លោក Carlos Slim Helu បានឈរនៅលេខរៀងទី២ ប៉ុន្តែដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Telmex កើនឡើងទើបធ្វើឲ្យលោកមានលុយច្រើនជាងលោក Bill Gates។
២. លោក Bill Gates មានទឹកប្រាក់ចំនួន ៨១,៦ពាន់លានដុល្លារអាមេរិក
ជាមហាសេដ្ឋីដែលឈរនៅលេខរៀងលំដាប់ទី ១បានយូរជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ លោកបានធ្លាក់ពីលេខ១ មកនៅលេខ២។ Bill Gates ជាជនដ៏ល្បីឈ្មោះមួយរូប ដែលត្រូវបានគេទទួលស្គាល់នៅក្នុងសហរដ្ឋអាមេរិក។ Bill Gates ជាស្ថានបនិក និងអតីតនាយក ប្រតិបត្តិក្នុងក្រុមហ៊ុន Microsoft ព្រមទាំងជាសប្បុរសជនដ៏ គួរឲ្យកោតសសើរមួយរូប ដែលបានបរិច្ចាគប្រាក់ ផ្ទាល់ខ្លួនរបស់គាត់ចំនួន ២៦ពាន់លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សេវាថែទាំសុខភាព និងការកាត់បន្ថយ ភាពក្រីក្រនៅទូទាំងពិភពលោក។
៣. លោក Warren Buffett មានទឹកប្រាក់ចំនួន ៦៩,៣ ពាន់លានដុល្លារអាមេរិក
ជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេបំផុតរបស់ក្រុមហ៊ុន Berkshire Hathaway ព្រមទាំងជាវិនិយោគិន ដែលមានភាពជោគជ័យ បំផុតនៅក្នុងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ រូបលោកក៏ត្រូវបានគេ ទទួលស្គាល់ថា ជាមហាសេដ្ឋីលំដាប់ទី ៣ នៅក្នុងពិភពលោក និងក៏សប្បុរជន ដ៏គំរូមួយរូបផងដែរ។
៤. លោក Amancio Ortega មានទឹកប្រាក់ចំនួន ៦២,៦ ពាន់លានដុល្លារអាមេរិក
ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Fashion របស់អេស្ប៉ាញ ដែលរូបលោកត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈសម្លៀកបំពាក់ម៉ាក់ Zara។ បច្ចុប្បន្ននេះ គាត់ក៏ត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីលំដាប់ទី ៤ នៅក្នុងពិភពលោកសម្រាប់ឆ្នាំ ២០១៤។
៥. លោក Larry Ellison មានទឹកប្រាក់ចំនួន ៥១,៣ ពាន់លានដុល្លារអាមេរិក
មហាសេដ្ឋីលំដាប់ទី ៥ នៅក្នុងពិភពលោកគឺជា អ្នកជំនួញជនជាតិអាមេរិក ដែលត្រូវបានគេស្គាល់ថា ជាសហស្ថាបនិក និងជាអតីត នាយកប្រតិបត្តិនៃក្រុមហ៊ុន Oracle Corporation។
៦. លោក Charles Koch មានទឹកប្រាក់ចំនួន ៤៣,១ ពាន់លានដុល្លារអាមេរិក
ជាពាណិជ្ជករ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងជាអគ្គនាយកនៃក្រុមហ៊ុនឧស្សាហកម្ម Koch ដែលត្រូវបានគេចាត់ទុកជា មហាសេដ្ឋីលំដាប់ទី ៦ នៅក្នុងពិភពលោក។
៧. លោក David Koch មានទឹកប្រាក់ចំនួន ៤៣,១ ពាន់លានដុល្លារអាមេរិក
លោក David Koch គឺជាបងប្រុសរបស់លោក Charles Koch ដែលត្រូវបានគេចាត់ទុកជា មហាសេដ្ឋីលំដាប់ទី ៦ នៅក្នុងពិភពលោក។ គាត់ជាអ្នកជំនួញ សកម្មជននយោបាយ វិស្វករគីមី និងជាអនុប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនឧស្សាហកម្ម Koch ព្រមទាំងត្រូវបានគេស្គាល់ថា ជាសប្បុរជន ដ៏ល្អមួយរូបផងដែរ។
៨. លោកស្រី Christy Walton មានទឹកប្រាក់ចំនួន ៣៨,៣ ពាន់លានដុល្លារអាមេរិក
បន្ទាប់ពីការស្លាប់របស់លោក John T ដែលត្រូវជាប្ដីរបស់លោកស្រី Christy Walton នៅខែមិថុនាឆ្នាំ ២០០៥ បានធ្វើឲ្យនាងក្លាយជា ស្រ្ដីមេម៉ាយមួយរូបជាមួយនឹងទ្រព្យដ៏ស្ដុកស្ដម្ភរបស់ប្ដីនាង។ បច្ចុប្បន្ននេះ លោកស្រីជាស្ថាបនិក នៃក្រុមហ៊ុន Walmart និងជាអ្នកដែលមាន ទ្រព្យសម្បត្តិដ៏ច្រើនបំផុតលំដាប់ទី ៦ នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងជាមហាសេដ្ឋីទី ៨ នៅក្នុងពិភពលោកផងដែរ។
៩. លោក Jim Walton មានទឹកប្រាក់ចំនួន ៣៦,៥ ពាន់លានដុល្លារអាមេរិក
ជានាយកប្រតិបត្តិនៃធនាគារ Arvest និងក៏ស្ថាបនិកនៃក្រុមហ៊ុន Wal-Mart ដែលជាក្រុមហ៊ុនលក់រាយ ដ៏ធំជាងគេបំផុតរបស់ពិភពលោក នៅក្នុងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ លោកក៏ត្រូវបាន គេទទួលស្គាល់ជា មហាសេដ្ឋីលំដាប់ទី ៩ នៅក្នុងពិភពលោកផងដែរ។
១០. លោកស្រី Liliane Bettencourt មានទឹកប្រាក់ចំនួន ៣៦,១ ពាន់លានដុល្លារអាមេរិក
លោកស្រី Liliane Bettencourt ជាអ្នកជំនួញ វិនិយោគិន និងជាអ្នកមានភាគហ៊ុន ច្រើនបំផុតនៅក្នុងក្រុមហ៊ុនបារាំង L'Oréal ។ បច្ចុប្បន្ន លោកស្រី Liliane Bettencourt ក៏ជាកំពូល មហាសេដ្ឋីមួយរូប នៅក្នុងប្រទេសបារាំងផងដែរ៕