ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានស៊ីអិនអិន ក្រោយពីបានដកស្រង់ សម្តីមន្រ្តីប៉ូលីសផ្លូវការ ពីតំបន់ Lincolnshire បានចេញផ្សាយសម្រង់អត្ថបទសារព័ត៌មានអោយដឹងថា យន្តហោះ ចម្បាំង យោធាមួយ គ្រឿងបានធ្លាក់នៅឯភាគខាងកើត ប្រទេស អង់គ្លេស កាលពីអំឡុងថ្ងៃពុធ ម្សិលមិញនេះ ។
គួរបញ្ជាក់ថា យន្តហោះចម្បាំងយោធា ដែលបានធ្លាក់នោះ ជាប្រភេទយន្តហោះ F-15 មានវត្តមានចេញ ពីមូលដ្ឋានទ័ពអាកាស សហរដ្ឋអាមេរិក នេះបើយោងតាមសម្តីមន្រ្តី ពីនាយកដ្ឋាន ការពារជាតិ សហរដ្ឋ អាមេរិក ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រ ស៊ីអិនអិន ដោយស្នើសុំមិនបញ្ចេញឈ្មោះ ។ ដោយឡែក មន្រ្តី ប៉ូលីសប្រចាំកន្លែងកើតហេតុ នៃទីវាលធ្លាក់យន្តហោះ តំបន់ Lincolnshire ភាគ ខាង កើត ប្រទេសអង់ គ្លេសពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើ យន្តហោះចម្បាំងខាងលើ ជា របស់ ប្រទេសណាអោយ ពិតប្រាកដ ក៏ដូចជា មិនទាន់បានបញ្ជាក់អោយដឹងដូចគ្នាដែរ ពី អត្តសញ្ញាណ នៃអ្នកបើកបរ ឈ្មោះ ក៏ ដូចជា សញ្ជាត្តិជាដើម ។
ភ្លាមៗ ក៏មានកិច្ចអន្តរាគមន៍ ចុះទៅដោយកន្លែងកើេតហេតុ ដោយបានហ៊ុមព័ន្ធ ជុំវិញ បំណែកកំទេចកំ ទីបាក់បែក និងឆាបឆេះ ខណៈក្រុមមហាជន តំបន់នោះ ត្រូវបានណែនាំ កុំអោយ ទៅ ជិតកន្លែងកើត ហេតុនៃការធ្លាក់យន្តហោះ ទាក់ទិនទៅនឹងការព្រួយបារម្ភ ចំហាយភ្លើង ដែលអាចបង្កជាហានិភ័យណា មួយដោយយថាហេតុ ។ យ៉ាងណាមិញ ពីឡុត ដែលជាបេក្ខភាពតែមួយរូប ធ្វើ ការបើកបរ យន្តហោះ ចម្បាំងខាងលើនោះ គាត់មិនបានស្លាប់បាត់បង់ជីវិត អ្វីនោះទេ គ្រាន់តែទទួល រងរបួសស្រាល បន្ទាប់ពី រូបគាត់បានភៀសខ្លួនបានទាន់ពេល អំឡុងពេលដែលធ្លាក់ ពោល ចុច ប៉ូតុង លោត កៅអី សុវត្ថិភាព ចេញពីយន្ត ហោះ ។ ក្រោយមក ពីឡុត ពុំ ទាន់ បានបញ្ជាក់អត្ត សញ្ញាណរូបនេះ ត្រូវបានក្រុមអាជ្ញាធរ ដឹកយកទៅសង្គ្រោះ និង សម្រាកព្យាបាល តាមរយៈឧទ្ធម្ភាគចក្រ ។ ដោយឡែក ព័ត៌មានលម្អិត ស្តីអំពី មូលហេតុ ដែលនាំអោយមានគ្រោះថ្នាក់ ធ្លាក់យន្តហោះចម្បាំងមួយនេះ ពុំទាន់ដឹង នៅឡើយទេ ពោល ស្ថិតនៅក្រោមដែនសមត្ថកិច្ច នៃការតាមដានស៊ើបអង្កេត នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន