ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនានេះ សំបុត្រប្រមាណ ២៥០០០ សន្លឹកត្រូវបានលក់ចេញ ខណៈដែលនៅតែទិញជា បន្តបន្ទាប់ទៀតនូវសំបុត្រទស្សនាក្រុមបាល់ទាត់កម្ពុជា ជួបជាមួយនឹងក្រុមភ្ញៀវសិង្ហបុរីនា ម៉ោង ៦៖៣០ នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក សុខា រ៉ានាថ ប្រធានទីផ្សារ និងទំនាក់ទំនងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា ចំនួននៃការទិញរបស់អ្នកគាំទ្រនៅតែបន្តជានិច្ចទៅលើសំបុត្រ៤ ប្រភេទមានតម្លៃ ៣០០០០៛ ២០០០០៛ ១០០០០៛ និង ៥០០០៛ ហើយរំពឹងនឹងកើនដល់ ៤០០០០ សន្លឹកផង ដែរ នៅពេលការប្រកួតជម្រុះ World Cup 2018 ប្រចាំពូល E ចាប់ផ្តើមល្ងាចនេះ ។
សូមបញ្ជាក់ ចំនួនសំបុត្រដែលបានលក់ចេញ ២៥០០០ សន្លឹកនេះគឺគិតចាប់តាំងពីថ្ងៃលក់ដំបូងនាថ្ងៃទី០៨ មិថុនា ឆ្នាំ២០១៥ មកនៅតែ១ទីតាំងគត់គឺស្ថិតក្នុងពហុកីឡដ្ឋានជាតិតែម្តង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល