សិល្បៈ លួងលោម គឺជាមធ្យោបាយយកចិត្តមនុស្ស ធ្វើឲ្យគេត្រូវចិត្ត ធ្វើឲ្យគេចូលចិត្ត។ ដើម្បីនឹងយកចិត្តគេបាន យើងត្រូវយល់ពីចិត្តសាស្ត្រមនុស្ស។ អ្នកណាក៏ដូចអ្នកដែរ តែងចង់ឲ្យគេគោរព ចង់ឲ្យគេយល់ថាខ្លួនសំខាន់ តែងគិតថាគំនិតខ្លួនត្រឹមត្រូវ។ ខាងក្រោមគឺជាមធ្យោបាយខ្លះ ក្នុងការយកចិត្តមនុស្ស៖
– ដាច់ខាតកុំជជែកយកឈ្នះចាញ់៖ ការប្រកែកយកឈ្នះ មិនអាចជួយអ្វីដល់អ្នកបានច្រើនទេ។ អ្នកជជែកឈ្នះគេ តើគេព្រមកែគំនិតរបស់គេ មកស្របនឹងអ្នកវិញទេ? ទេ! គេចាញ់ គេបាក់មុខ ទោះជាគំនិតរបស់អ្នកល្អក៏ដោយ ក៏គេនៅតែមិនទទួលយកគំនិតរបស់អ្នកដែរ។ ចូររកវិធីផ្សេង ដើម្បីអូសទាញគេឲ្យយល់តាមយើង ជាជាងជជែកយកឈ្នះ។
– កុំវែកញែកថាគេខុសឲ្យសោះ៖ តាមធម្មតាមនុស្សយើង ចូលចិត្តផ្លាស់ប្តូរគំនិតខ្លួនចោល ដោយគ្មានស្តាយស្រណោះ តែបើមាននរណាម្នាក់ថា គំនិតរបស់យើងខុស ក៏ស្រាប់តែប្រកាន់ខ្ជាប់ មិនបោះបង់គំនិតចោលទៅវិញ។ សារជាតិរបស់មនុស្សទូទៅ គឺមានគំនិតអញនិយម អញជាធំ ចង់ឲ្យគេគោរព។ ប្រសិនបើយើងឃើញថា គំនិតរបស់បុគ្គលនោះខុស ហើយយើងចង់កែប្រែ យើងគួររកវិធីនិយាយ កុំឲ្យគេយល់ថា យើងថា គំនិតគេខុស។ ឧទាហរណ៍ យើងអាចនិយាយថា ខ្ញុំមិនហ៊ានថា យោបល់លោកខុសទេ! ហើយខ្ញុំក៏មិនហ៊ានថា យោបល់ខ្ញុំត្រូវដែរ… ពីព្រោះខ្ញុំធ្លាប់ភាន់ច្រឡំ ច្រើនលើកមកហើយ បើខ្ញុំយល់ខុស ខ្ញុំនឹងកែប្រែជាក្រោយ ប៉ុន្តែក្នុងរឿងនេះ យើងគួរពិចារណា… ។ អ្នកកវីឈ្មោះល្បី ម្នាក់និយាយថា៖ “បង្រៀនគេតែកុំឲ្យមានឫកពារ ជាអ្នកបង្រៀនគេ។ ពន្យល់រឿងថ្មីមួយ តែធ្វើឫកហាក់ដូចជាយើង រំលឹករឿងចាស់មួយដែលគេភ្លេច” ។
– វិធានរបស់សូក្រាត៖ កាលណាចង់ឲ្យគេជឿតាមអ្នក ជាបឋមអ្នកត្រូវលើកយកតែរឿងណា ដែលគេមានទស្សនៈស្របគ្នានឹងអ្នក។ ម្យ៉ាងទៀតត្រូវខិតខំឆ្កឹះកកាយយកចំណុចណា ដែលគេចូលចិត្តដូចគ្នា តែយើងត្រូវចេះនិយាយបង្វែរបន្តិចម្តងៗ ទៅរកវត្ថុបំណង ដែលយើងចង់បាន។ ត្រូវខិតខំនិយាយបែបណា ឲ្យអ្នកស្តាប់ឆ្លើយថា៖ “ត្រូវហើយ” “ពិតមែន” ។
– ទុកឲ្យគេនិយាយឲ្យអស់ចិត្ត៖ អ្នកខ្លះព្រោះតែចង់ឲ្យគេស្របតាមយោបល់ខ្លួន ក៏និយាយកាត់គេ ទទឹងទទែង ធ្វើឲ្យភាគីម្ខាងទៀត ទៅជាខឹងសម្បា។ មនុស្សម្នាក់ដែលខឹង ទោះបីជាគំនិតយើង ល្អយ៉ាងណាក៏ដោយ ក៏គេមិនទទួលស្គាល់ដែរ។ មនុស្សខឹងហាក់ដូចជា មានអ្វីម្យ៉ាងតឹងណែនក្នុងទ្រូង លុះបាននិយាយចេញអស់ ក៏បានធូក្លាយជាធម្មតាវិញ ដូចពាក្យគេថា និយាយឲ្យធូពោះ។ យើងត្រូវទុកឲ្យគេនិយាយ ឲ្យអស់សាច់រឿង ទើបយើងអាចដឹងរឿងរ៉ាវពេញលេញ និងរកវិធីនិយាយឲ្យត្រូវចំនុចចិត្ត។
– បើមានកំហុសយើងត្រូវសារភាពភ្លាម៖ កាលណាមានកំហុស យើងត្រូវស្មោះត្រង់ ក្លាហានទទួលសារភាពភ្លាមៗ នោះអ្នកដែលសៅហ្មងនឹងយើង ក៏ស្រាកស្រាន្តចិត្ត លែងសូវខឹង ឬលែងខឹង នឹងយើងទៅតាមនោះដែរ។ កាលណាគេលែងខឹង យើងងាយស្រួលនឹងនិយាយគ្នា៕
ប្រភព៖ salarean.com
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង