CamNews

ជីវិត និងការងារ 

Victoria's Secret ល្បីរន្ទឺ តែម្ចាស់របស់វា សម្ងំកើបប្រាក់ ដោយស្ងាត់ៗ

ម្ចាស់ថ្មីរបស់ Victoria's Secret បានទិញក្រុមហ៊ុននេះ នៅពេលដែលគាត់មិនទាន់ដឹងអ្វីសោះ
អំពីខោអាវទ្រនាប់ ហើយក៏មិនទាន់ដឹងថា នឹងត្រូវធ្វើអ្វីខ្លះ ពេលបានកាន់កាប់ Victoria's Secret
នេះបើតាមទស្សនាវដ្ដី Forbes ។

លោក Leslie Wexner និង​ក្រុម​តារា​ល្បី​ៗ របស់ Victoria's Secret

និយាយដល់ Victoria's Secret ប្រហែលមានអ្នកខ្លះ នៅចងចាំអំពីសំណាងមិនល្អរបស់ស្ថាបនិក
នៃក្រុមហ៊ុន ខោអាវទ្រនាប់លំដាប់ខ្ពស់ ដ៏ល្បីឈ្មោះមួយនេះ នោះគឺលោក Roy Raymond ។
Roy Raymond បាននឹកឃើញគំនិតមួយ ក្នុងថ្ងៃមួយដែលគាត់ត្រូវចូលទៅហាងលក់ខោអាវក្នុង
ដើម្បីទិញអំណោយជូនប្រពន្ធ។ គាត់សួរខ្លួនឯងថា ហេតុអ្វីក៏មិនបើកហាងលក់របស់ដូចគ្នានេះ
ប៉ុន្ដែសម្រាប់តែបុរស ដើម្បីកុំឱ្យពួកគេមានការខ្មាសអៀនដូចស្ថានភាពរបស់លោកពេលនោះ។
ដូច្នេះ Victoria’s Secret ក៏បានកើតឡើង ប៉ុន្ដែ រហូតបានមកលើដៃ Leslie Wexner ទើបក្រុមហ៊ុន
នេះ ចាប់ផ្ដើមល្បីល្បាញ។

កាលពីជំនាន់ Roy Raymond សម្លាប់ខ្លួន ដោយសារតែមានបញ្ហាធំក្នុងមុខជំនួញ វាក៏ជាយុគ
សម័យដែល Victoria’s Secret ត្រូវបាន Leslie Wexner ធ្វើឱ្យមានកេរ្ដិ៍ឈ្មោះល្បីល្បាញ។ បើទោះជាមានឈ្មោះនៅក្នុងបញ្ជីមហាសេដ្ឋីមានទ្រព្យច្រើនបំផុតទាំង ៤០០ នៅអាមេរិក ដែល
ទើបត្រូវបាន Forbes ប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះ ប៉ុន្ដែ Leslie Wexner រស់នៅដោយ
ស្ងាត់ស្ងៀម និងគេចចេញពីបណ្ដាញសារព័ត៌មាន។

ប៉ុន្ដែ ដើម្បីបានអ្វីៗទាំងអស់ដូចពេលនេះ សម្រាប់ Leslie Wexner វាមិនមែនជាការងាយស្រួល
នោះទេ។ បើកហាងជាលើកដំបូង កាលពីអាយុ ២៦ឆ្នាំ ប៉ុន្ដែ យប់ណា Leslie Wexner ក៏ជួបតែ
សុបិនអាក្រក់។ មកដល់វ័យ ៣០ឆ្នាំ គាត់បានក្លាយជាសេដ្ឋី។ រហូតមកដល់វ័យ ៥០ឆ្នាំ Leslie
Wexner មានក្រុមហ៊ុនចំនួន ១០ ដែលរកចំណូលឱ្យគាត់រាប់ពាន់លានដុល្លារអាមេរិកក្នុងមួយ
ឆ្នាំៗ ប៉ុន្ដែ គាត់នៅតែមិនទាន់ដឹងថា ខ្លួនចូលចិត្តអ្វីឱ្យពិតប្រាកដ។

ចុងក្រោយ Leslie Wexner ក៏បានសម្រេចលក់ចេញនូវបណ្ដាក្រុមហ៊ុនល្បីៗ ដូចជា The Limited,
Limited Too, Abercrombie & Fitch, Express, Lane Bryant និង Lerner New York ក្នុងចន្លោះ
ឆ្នាំ ១៩៩៨ និង ២០០៧ ហើយទុកតែ Victoria’s Secret ដែលជាក្ដីសង្ឃឹមរបស់គាត់។ មកដល់
ពេលនេះ Leslie Wexner បានបង្កើតយីហោចំនួន ៣ ដែលសុទ្ធតែជាហាងលក់ខោអាវទ្រនាប់
នោះគឺ Victoria’s Secret, Pink និង La Senza ។ ហាងទាំងនេះ កំពុងកាន់កាប់ ៤១% នៃចំណែក
ទីផ្សារដែលមានតម្លៃ ១៣,២ពាន់លានដុល្លារ នៅអាមេរិក។ គូប្រជែងរបស់គាត់ ដែលឈរលំដាប់
លេខ ៤ កាន់កាប់ទីផ្សារតែ ១% ប៉ុណ្ណោះ។

ជីវិតនៃការរកទទួលទានរបស់ Leslie Wexner បានចាប់ផ្ដើម បន្ទាប់ពីលោកបានទទួលសញ្ញា
បត្របញ្ចប់ការសិក្សាកម្រិតទីបី ក្នុងឆ្នាំ ១៩៥៩ ។ គាត់បានបោះបង់ការសិក្សានៅមហាវិទ្យាល័យ
ច្បាប់ ហើយត្រឡប់ទៅផ្ទះ ជួបពុកម្ដាយគ្រប់គ្រងហាងលក់ខោអាវមួយ មានឈ្មោះថា Leslie’s។
ហាងនេះ មានអតិថិជនច្រើន ប៉ុន្ដែ មិនមានចំណេញប៉ុន្មាននោះដែរ។

ក្រោយមក លោក Leslie Wexner បានរកឃើញថា ថ្វីបើខោអាវថ្លៃៗ អាចចំណេញច្រើន ប៉ុន្ដែ
ដោយសារតែពិបាកលក់ ហើយប្រើពេលច្រើន ទើបនៅពេលទូទាត់ វាបែរជាមិនចំណេញទៅ
វិញ។ ចំនុចសំខាន់បំផុតដែល Leslie Wexner បានរកឃើញ នោះគឺ ប្រាក់ចំណេញភាគច្រើន
បានមកពីខោអាវដែលមានតម្លៃមធ្យម ដូចជាអាវយឺត និងខោខ្លី។

ព្រោះតែជឿជាក់លើការយល់ឃើញរបស់ខ្លួន Leslie Wexner ក៏ស្នើឱ្យពុករបស់ខ្លួន បោះបង់ទំនិញ
ថ្លៃៗ ហើយលក់តែអាវយឺត និងខោខ្លី ប៉ុន្ដែ ពុកគាត់មិនអើពើ ហើយថែមទាំងផ្ដល់យោបល់ឱ្យ
Leslie Wexner បើកហាងមួយផ្សេងទៀត ដើម្បីប្រជែងជាមួយខ្លួន ដោយប្រើប្រាស់ទឹកប្រាក់
៥.០០០ដុល្លារ ដែលមីងឱ្យខ្ចី។ នៅក្នុងហាងដែលមានឈ្មោះថា “The Limited” របស់ Wexner គឺ
មានតែទំនិញមួយចំនួនតូច ដែលភាគច្រើន គឺអាវយឺត និងខោខ្លី។ ដោយដឹងអំពីសក្ដានុពល មុន
នឹងបើក “The Limited” លោក Leslie Wexner ក៏ថែមទាំងបានចុះកិច្ចសន្យា ជួលកន្លែងបើកហាង
ទីពីររបស់ខ្លួន។

កំពូល​តារារបស់ Victoria's Secret

ដូច្នេះ មុននឹងលក់បានអាវដំបូងគេមួយ លោក Leslie Wexner ត្រូវជំពាក់ម្ចាស់ដី ចំនួន ១លាន
ដុល្លារ។ ប្រការនេះហើយបាននាំឱ្យគាត់ត្រូវរលាកក្រពះ ព្រោះតែគិតច្រើន គេងមិនលក់។ ក្នុង
ឆ្នាំដំបូង ហាងរបស់ Leslie Wexner រកបានចំណេញ ២០.០០០ដុល្លារ គឺច្រើនជាងពីរដង ធៀប
នឹងហាងរបស់ពុកគាត់។

អាថ៌កំបាំងគឺថា The Limited មានលក់តែផលិតមួយចំនួន ហើយនេះគឺជាគំនិតល្អមួយ កាលពី
ជំនាន់នោះ។ ឆ្នាំ ១៩៥០ នៅពេលដែលយន្ដហោះពាណិជ្ជកម្ម ត្រូវបានដាក់ឱ្យប្រើប្រាស់នៅ
អាមេរិក សាខាហាងរបស់ Leslie Wexner ក៏ត្រូវបានពង្រីកជាច្រើនកន្លែង។

Leslie Wexner សម្រេចចិត្តកសាងបណ្ដាញហាងរបស់ខ្លួន នៅទូទាំងប្រទេស។ មកដល់ឆ្នាំ
១៩៧៣ Leslie Wexner បានអនុវត្តគំនិតនេះ ដោយបង្កើតហាងចំនួន ៤១ ដែលមានលក់ផលិត
ផលសរុបចំនួន ២៦លាន រួមមាន ខោ អាវ និងរ៉ូប។ ដោយសារតែមើលឃើញ ហាងដែលមាន
លក់ផលិតផលមានកំណត់ប្រភេទ មានការចាប់អារម្មណ៍ច្រើន ចំពោះស្ដ្រី លោក ក៏បានបង្កើត
បណ្ដាក្រុមហ៊ុនថ្មី បំបែកពី The Limited ។ Express ត្រូវបានលោក បង្កើតឡើងក្នុងឆ្នាំ ១៩៨០
ដែលមានគោលដៅ ទៅរកអតិថិជនជានារីវ័យក្មេង ចូលចិត្តសម្លៀកបំពាក់ឆើតឆាយ។

នៅក្នុងដំណើរទៅកាន់ San Francisco កាលពីឆ្នាំ ១៩៨២ លោក Leslie Wexner  បានប្រទះ
ឃើញបណ្ដាញហាងតូចៗ ដែលលក់លក់ខោអាវទ្រនាប់ មានឈ្មោះថា Victoria’s Secret របស់
Roy Raymond ។

លោក Leslie Wexner  ថ្លែងថា ៖ “ពេលនោះ Victoria’s Secret គ្រាន់តែជាហាងតូចមួយ មិន
មានខោអាវទ្រនាប់ប្រណិត ប៉ុន្ដែ មានទំនិញសាមញ្ញជាច្រើន ដែលគួរជាទីចាប់ចិត្ត ក្នុងនោះ មាន
ទំនិញខ្លះ ខ្ញុំមិនធ្លាប់បានឃើញនៅអាមេរិក”។ Leslie Wexner  បានព្យាយាមជួបម្ចាស់ហាងនេះ
ប៉ុន្ដែ Roy Raymond ក៏ព្យាយាមគេចមុខ។ រហូតដល់ឆ្នាំ ១៩៨២ Roy Raymond គឺជាអ្នកទូរស័ព្ទ
ទៅកាន់ Leslie Wexner ដើម្បីណាត់ជួបជជែកគ្នា ដោយសារពេលនោះ Roy Raymond កំពុងជួប
វិបត្តិហិរញ្ញវត្ថុ។ Victoria's Secret ដែលមានហាងចំនួន ៦ ត្រូវបានលក់ទៅឱ្យ Leslie Wexner
ក្នុងតម្លៃ ១លានដុល្លារ

Roy Raymond ត្រូវបាន Wexner ឱ្យគ្រប់គ្រង Victoria’s Secret បន្ត ប៉ុន្ដែ ការរកស៊ីរបស់ក្រុម
ហ៊ុននេះ នៅតែខាតបង់។ ចុងក្រោយ នៅពេលក្រុមអ្នកវិភាគបានរកឃើញថា Roy Raymond
រកបានចំណេញច្រើន មុនពេលលក់ Victoria’s Secret ដោយសារតែ មានលក់ឧបករណ៍ជំនួយ
ផ្លូវភេទ តាមការបញ្ជាទិញ។ ភ្លាមនោះ Wexner ក៏បានបញ្ឈប់ Roy Raymond ពីមុខតំណែង
ហើយរើករិយាល័យកណ្ដាលទៅកាន់ Columbus ។ ក្នុងអំឡុងពេលនេះ Roy Raymond ជួបវិបត្តិ
យ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនដែលលោកបានបង្កើត ត្រូវក្ស័យធន់ ក្នុងឆ្នាំ ១៩៨៦ និងត្រូវប្រពន្ធ
បោះបង់ ក្នុងឆ្នាំ ១៩៩៣ ប្រការនេះ នាំឱ្យ Roy Raymond បង្ខំចិត្ត លោតពីស្ពាន Golden Gate
Bridge នៅ California ចុងឆ្នាំ ១៩៩៣ ដើម្បីសម្លាប់ខ្លួន។

ភូមិ​គ្រឹះ​មួយ​របស់ លោក Wexner

Wexner ចាប់ផ្ដើមកែប្រែ Victoria's Secret ឡើងវិញ ដោយធ្វើឱ្យ Victoria's Secret ក្លាយជា ហាងមួយដែលទាក់ទាញពួកបុរសចូលមកទិញទំនិញ សម្រាប់ជួនមិត្តស្រី ឬប្រពន្ធរបស់ខ្លួន
ដោយមិនមានការអៀនខ្មាស។ ព្រឹត្តិការណ៍បង្ហាញផលិតផលដែលសំខាន់បំផុតរបស់ Victoria's
Secret នោះគឺ ការបង្ហាញម៉ូដពីសំណាក់ស្រីស្អាតទាំងឡាយរបស់ក្រុមហ៊ុននេះ។ ឆ្នាំ ១៩៩៥
ព្រឹត្តិការណ៍បង្ហាញម៉ូដែលដំបូង ក៏បានបង្កើតឡើង ហើយក្រុមបង្ហាញម៉ូដនេះ បច្ចុប្បន្នបាន
ក្លាយជាក្រុមដ៏ល្បីល្បាញបំផុត ក្នុងវិស័យបង្ហាញម៉ូដឈុតក្នុង។ បច្ចុប្បន្ន លោក Wexner ត្រូវ
បានទស្សនាវដ្ដី Forbes ចាត់ចំណាត់ថ្នាក់ទី ៨០ ក្នុងបញ្ជីមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេ
នៅអាមេរិក ដោយសម្បត្តិរបស់លោក មានចំនួនជាង ៦,២ពាន់លានដុល្លារអាមេរិក៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes