CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតីហ្វីលីពីន ធ្លាក់ប្រជាប្រិយយ៉ាងគំហុក ដោយសារតែបញ្ហាធំៗពីយ៉ាងនេះ

អន្តរជាតិ ៖ ការស្ទង់មតិឯករាជ្យមួយ បានបង្ហាញថា ការពេញចិត្តរបស់ប្រជាជនហ្វីលីពីន ចំពោះលោកប្រធានាធិបតី Rodrigo Duterte បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីឆ្នាំមុន ចំពេលដែលមានការត្អូញត្អែរអំពីការសម្លាប់រង្គាលរឿងថ្នាំញៀន ដែលមិនថមថយ និងការចោទប្រកាន់រឿងទ្រព្យសម្បត្ដិ ដែលថា លោកមានទ្រព្យសម្បត្តិ ដែលស្ថិតនៅក្រោមការលាក់លៀម។

ស្ថានីយ៍អាកាសធាតុសង្គម បានឱ្យដឹងថា ការស្ទង់មតិនៅទូទាំងប្រទេស កាលពីថ្ងៃទី ២៣ ខែកញ្ញាកន្លងមកនេះ បានបង្ហាញថា ការវាយតម្លៃលើការពេញចិត្តចំពោះលោក Duterte បានធ្លាក់ចុះពី ១៨ ពិន្ទុ ទៅដល់ ៤៨ ពិន្ទុ ជាកម្រិតមួយ ដែលត្រូវបានគេចាត់ទុកថា "ល្អ" បើប្រៀបធៀបទៅនឹងការស្ទង់មតិចុងក្រោយរបស់លោក កាលពីខែមិថុនា នៅពេលលោកទទួលបាន "៦៦ ពិន្ទុ”។

យោងតាមការស្ទង់មតិរបស់ SWS ដែលចេញផ្សាយ កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា អត្រាទុកចិត្តលើលោកប្រធានាធិបតី បានធ្លាក់ចុះ ១៥ ពិន្ទុមកត្រឹម ៦០ ពិន្ទុ ដែលត្រូវបានគេចាត់ទុកថាជា អត្រា «ល្អខ្លាំងបំផុត» ពីកម្រិត ៧៥ ពន្ទុរបស់លោក ក្នុងខែមិថុនា។

ទោះបីជាលោក Duterte នៅតែមានប្រជាប្រិយភាពក៏ដោយ ក៏លទ្ធផលនៃការស្ទង់មតិ បានធ្វើឱ្យមានការអំពាវនាវជាថ្មីដោយក្រុមមួយចំនួន ដើម្បីបញ្ចប់ការសម្លាប់ជនសង្ស័យភាគច្រើនដែលស្ថិតក្រោមការបង្ក្រាបដ៏សាហាវឃោរឃៅរបស់លោកប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់និងដើម្បីឱ្យលោកចុះហត្ថលេខាលើលិខិតបោះបង់អភ័យឯកសិទិ្ធដើម្បីអនុញ្ញាតិឱ្យមានការស៊ើបអង្កេត លើការចោទប្រកាន់ចំពោះទ្រព្យសម្បត្តិ ដែលមិនបានប្រកាសឱ្យសាធារណជនដឹងរបស់លោក។

សម្ព័ន្ធនៃក្រុមសង្គមស៊ីវិល ដែលត្រូវបានគេហៅថា Tindig Pilipinas បាននិយាយថា ការធ្លាក់ចុះនៃការពេញចិត្ត និងការជឿទុកចិត្តរបស់លោក Duterte មានន័យថា "ភាពល្អលែងមានទៀតហើយ" ។



ក្រុមសម្ព័ន្ធខាងលើបាននិយាយថា "ការធ្លាក់ចុះដ៏សម្បើមនៃកម្រិតប្រជាប្រិយភាពរបស់លោកប្រធានាធិបតីរូបនេះ ជាការក្រើនរំលឹកដល់លោកថា: ប្រជាជន មិនរំពឹងអ្វីក្រៅអំពីការពិតលើការចោទប្រកាន់ពីបទពុករលួយ ទ្រព្យសម្បត្តិ ដែលបានមកពីផ្លូវអាក្រក់ និងការរត់ពន្ធគ្រឿងញៀន ដែលត្រូវលើកឡើងប្រឆាំងនឹងរូបលោក និងសមាជិកគ្រួសាររបស់លោកនោះទេ" ។ "លោកប្រធានាធិបតី យើងសូមបញ្ជាក់ឡើងវិញ ចំពោះការអំពាវនាវរបស់យើង: គឺស្នើឱ្យលោកចុះហត្ថលេខា លើលើលិខិតលះបង់សិទ្ធិរបស់ធនាគារ!"។

អ្នកនាំពាក្យឆ្វេងនិយមលោក Emmi de Jesus បាននិយាយ ដោយលើកឡើងពីការសម្លាប់រង្គាលរឿងថ្នាំញៀនមិនឈប់ឈរ ការកើនឡើងនៃតម្លៃទំនិញ និងការហូរចូលនៃការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ធំ ៗ ឆ្លងកាត់តាមការិយាល័យគយ ក្នុងទីក្រុងម៉ានីល។

មកទល់នឹងពេលនេះ នៅពុំទាន់មានសេចក្តីអធិប្បាយភ្លាមៗពីលោក Duterte នោះទេ ប៉ុន្តែលោកបានបដិសេធម្តងហើយម្តងទៀតថា លោកពុំបានផ្ដល់សិទ្ធិឱ្យសម្លាប់ជនសង្ស័យបទល្មើសគ្រឿងញៀននោះទេ បើទោះបីជាលោកបានគំរាមកំហែងដល់អ្នកជួញដូរគ្រឿងញៀនថានឹងសម្លាប់ក៏ដោយ ។ លោកបានឈ្នះតំណែងជាប្រធានាធិបតី ដោយមានការរឹតត្បិតយ៉ាងខ្លាំងកាលពីឆ្នាំមុន លើការសន្យាដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មរីករាលដាល ជាពិសេសការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន និងអំពើពុករលួយតែម្ដង។

មន្រ្តីប៉ូលីសបាននិយាយថា ការចាប់ខ្លួនជនល្មើសគ្រឿងញៀនចំនួនជាង ១០០.០០០ នាក់នៅក្នុងការវាយឆ្មក់គ្រឿងញៀនចំនួន ៧១,៣៩៣ ករណី ចាប់តាំងពីខែកក្កដាឆ្នាំមុន បានជួយបញ្ជាក់ថា ជនសង្ស័យត្រូវបានសម្លាប់ នៅពេលពួកគេប្រយុទ្ធប្រឆាំង និងគំរាមកំហែងដល់ក្រុមអ្នកអនុវត្តច្បាប់។

ការសម្លាប់ក្រោមការបង្រ្កាបគ្រឿងញៀនថ្មីៗនេះ បានស្ថិតនៅក្រោមការរិះគន់ជាថ្មី បន្ទាប់ពីប៉ូលីស បានបាញ់សម្លាប់សិស្សវ័យជំទង់ម្នាក់  ដែលពួកគេនិយាយថា ក្មេងម្នាក់នោះ ជាអ្នកជួញដូរគ្រឿងញៀន ដែលបានភ្ជង់កាំភ្លើងដាក់ប៉ូលិស នៅពេលត្រូវបានចាប់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ សាក្សីជាច្រើនបាននិយាយថា សិស្សម្នាក់នោះ ត្រូវបានគេបាញ់សម្លាប់ នៅច្រកផ្លូវងងឹតមួយ ខណៈពេលគេកំពុងព្យាយាម រត់គេចឱ្យផុតពីក្ដីស្លាប់ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost 


Tags: International news