អង្គការ UNICEF និយាយថា កុមារកាន់សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ាប្រមាណជិត ៦០០.០០០ នាក់ ដែលរត់គេចចេញពីអំពើហឹង្សាក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមនឹង "ឋាននរកលោកីយ៍ " នៅក្នុងជំរំជនភៀសខ្លួនដ៏ណែនណាន់តាន់តាប់ លាយឡំដោយភក់ជ្រាំ និងស្មោកគ្រោក នៅប្រទេសបង់ក្លាដែសជិតខាងនេះ។
ទីភ្នាក់ងារទទួលបន្ទុកផ្នែកកុមាររបស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយរៀបរាប់ពីស្ថានភាពរបស់កុមារ ដោយមានកុមារភៀសខ្លួនចំនួន ៥៨% ត្រូវបានដឹកយកទៅទម្លាក់ចោលក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដេស ក្នុងរយៈពេល ៨ សប្តាហ៍ចុងក្រោយនេះ។ លោក Simon Ingram អ្នកនិពន្ធរបាយការណ៍ បាននិយាយថា កុមារម្នាក់ក្នុងចំនោមកុមារ ៥ នាក់ នៅក្នុងតំបន់នេះជួបវិបត្ដិ "កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ"។
របាយការណ៍នេះ ត្រូវបានថ្លែងឡើង នៅមុនសន្និសីទម្ចាស់ជំនួយមួយ កាលពីថ្ងៃចន្ទ នៅទីក្រុងហ្សឺណែវដើម្បីប្រមូលមូលនិធិសម្រាប់ឧបត្ថម្ភអម្បូររ៉ូហ៊ីងយ៉ា។
នាយកប្រតិបត្តិអង្គការ Unicef លោក Anthony Lake បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "កុមារភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើន នៅក្នុងប្រទេសបង់ក្លាដេស បានជួបប្រទះនូវអំពើដ៏ឃោរឃៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកុមារទាំងឡាយ មិនគួរនឹងបានឃើញ ហើយកុមារគ្រប់គ្នា បានទទួលរងនូវការបាត់បង់យ៉ាងធ្ងន់ធ្ងរ"។
ជនភៀសខ្លួន ត្រូវការចាំបាច់នូវទឹកស្អាតម្ហូប អាហារមានអនាម័យ ទីជម្រក និងវ៉ាក់សាំងដើម្បីជួយទប់ស្កាត់ជំងឺអាសន្នរោគ ជាជំងឺដែលបណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។
លោក Ingram ក៏បានព្រមានផងដែរ អំពីការគំរាមកំហែង ដែលបង្កឡើងដោយអ្នកជួញដូរមនុស្ស និងអ្នកផ្សេងទៀត ដែលអាចកេងប្រវ័ញ្ចលើកុមារ នៅក្នុងតំបន់ជនភៀសខ្លួន។
លោក Ingram បានប្រាប់សន្និសីទព័ត៌មានមួយ នៅទីក្រុងហ្សឺណែវថា៖ "កុមារទាំងនេះ មានអារម្មណ៍ថា ត្រូវគេបោះបង់ចោលលែងនឹកនា ហើយគ្មានមធ្យោបាយស្វែងរកការគាំទ្រ ឬជំនួយនោះទេ។
របាយការណ៍នេះបង្ហាញឱ្យឃើញនូវគំនូរដ៏ឈឺចាប់ គូរដោយកុមារមួយចំនួន ដែលត្រូវបានថែទាំដោយអង្គការយូនីសេហ្វ និងក្រុមជំនួយដទៃទៀត ដែលកំពុងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ នៅតំបន់ Cox's Bazar ។ រូបភាពមួយចំនួន បង្ហាញពីការបាញ់កាំភ្លើងពីឧទ្ធម្ភាគចក្រ និងបុរសស្លៀកពាក់ក្រណាត់ពណ៌បៃតង ដែលបាញ់រះទៅលើភូមិមួយ ឬលើមនុស្សដែលអ្នកខ្លះកំពុងហូរឈាមស្រោចខ្លួន។
ការហូរចូលនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែសីហា បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ទៅលើឆ្មាំព្រំដែន។ ជនភៀសខ្លួន បានភៀសខ្លួនពីការដុតបំផ្លាញភូមិ និងចាប់ពិរុទ្ធលើគំនូររបស់កុមារដូចជា គំនូរ ដែលបង្ហាញពីកងកម្លាំងសន្តិសុខ ដែលបាញ់សម្លាប់ជនស៊ីវិលជាដើម។
ទីភ្នាក់ងារមនុស្សធម៌នៃអង្គការសហប្រជាជាតិ កំពុងស្វែងរកជំនួយប្រមាណ ៤៣៤ លានដុល្លារសម្រាប់ជួយសង្រ្គោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលចំនួនប្រហែលមួយភាគប្រាំមួយនៃទឹកប្រាក់សរុប នឹងយកទៅជូនអង្គការ Unicef ដើម្បីជួយដល់កុមារ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost