CamNews

សុខភាព 

ចង់ឱ្យសួតរបស់អ្នកបំពេញមុខងារបានល្អ ទាល់តែអនុវត្ដវិធីទាំងនេះ

សួតគឺជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងចំណោមផ្នែកទាំងឡាយនៃរាងកាយរបស់មនុស្សយើង។ តាមការពិតយើងអាចនិយាយបានថា វាមានសារៈសំខាន់សម្រាប់ជីវិត ពីព្រោះវាជាសរីរាង្គមួយ ដែលអាចជួយឱ្យយើងអាចដកដង្ហើមដើម្បីរស់។ ដូច្នេះ មុខងារដ៏សំខាន់បំផុតមួយ ក្នុងចំណោមមុខងារទាំងឡាយ ដែលសួតត្រូវបំពេញគឺធ្វើការស្រូបនូវខ្យល់ និងអុកស៊ីសែន ដែលរាងកាយរបស់មនុស្សយើង ត្រូវការចាំបាច់ដើម្បីរស់។ ហេតុនេះហើយ ការថែរក្សាសួតរបស់អ្នកឱ្យបានល្អ គឺជាកត្ដាសំខាន់ ដើម្បីអាចរីករាយជាមួយជីវិតប្រកបដោយសុខភាពល្អ។ ចំពោះហេតុផលនេះ យើងសូមផ្ដល់ជូនអ្នកនូវវិធីធម្មជាតិមួយចំនួន ដើម្បីសម្អាត និងពង្រឹងមុខងារសួតរបស់អ្នក។

១. ធ្វើលំហាត់ប្រាណ៖ ដូចយើងទាំងអស់គ្នាធ្លាប់បានដឹងមកហើយថា ការហាត់ប្រាណ គឺជាមូលដ្ឋានសំខាន់មួយដើម្បីឱ្យយើង អាចរីករាយ​ជាមួយសុខភាពរាងកាយដ៏ប្រសើរ។ ក្នុងករណីនេះ ការហាត់ប្រាណបែប Aerobic គឺជាគំនិតដ៏ប្រសើរមួយ ពីព្រោះវាជួយពង្រឹងមុខងារសួតរបស់អ្នក និងធ្វើឱ្យវាកាន់តែមានភាពធន់។ នៅក្នុងបរិបទនេះ យើងអាចរត់ ដើរ ហែលទឹក លេងកីឡាបាល់ទាត់ និងសកម្មភាពដទៃទៀត ដែលជួយលើកកម្ពស់ចង្វាក់បេះដូង និងជួយឱ្យដកដង្ហើមបានវែងៗ។

២. បញ្ឈប់ការជក់បារី៖ ជាក់ស្ដែង ទម្លាប់ដ៏អាក្រក់មួយ នៅពេលនិយាយដល់ការថែទាំសុខភាព ជាពិសេសសួតរបស់អ្នកនោះ គឺការជក់បារី។ ដូច្នេះ ប្រសិនបើអ្នកជាអ្នកជក់បារី រឿងសំខាន់បំផុត ដែលអ្នកអាចធ្វើដើម្បីសុខភាពរបស់អ្នក គឺត្រូវបញ្ឈប់ទម្លាប់ជក់បារីនេះ។ ការឈប់ជក់បារី នឹងជួយអ្នកក្នុងការពង្រឹង និងសម្អាតសួតរបស់អ្នក ហើយនេះគឺជាគុណបំណាច់មួយ ដែលរាងកាយរបស់អ្នកអរគុណអ្នកសម្រាប់ទង្វើនេះ។ សូមចងចាំថា ការជក់បារីគឺជាមូលហេតុដ៏ចំបង នៃជំងឺមហារីកសួត។



៣. ខ្ទឹមស៖ ការសិក្សាស្រាវជ្រាវបង្ហាញថា ខ្ទឹមសគឺជាផលិតផលធម្មជាតិដ៏ប្រសើរ ដែលជួយបើកចំហនូវបំពង់ទងសួត ដែលជួយឱ្យមនុស្សដកដង្ហើមបានប្រសើរ និងងាយស្រួល។ ប្រសិទ្ធភាពនេះវានៅមិនទាន់គ្រប់គ្រាន់ទេ ខ្ទឹមសក៏ជួយសម្អាតសួតរបស់អ្នកដែរ។  អរគុណចំពោះគុណប្រយោជន៍របស់វា ដែលជួយកាត់បន្ថយសារធាតុអាក្រក់ៗ ដែលនឹងកកនៅក្នុងសួត។ ការទទួលទានខ្ទឹមសគឺជារឿងដ៏សាមញ្ញបំផុត ហើយអ្នកអាចទទួលទានវាតាមវិធីផ្សេងៗ។

៤. ការស្ពង់ចំហាយអារ៉ូម៉ា ឬស្ទីម៖ អ្នកជំនាញក៏ណែនាំឱ្យដកដង្ហើម នៅក្នុងការស្ទីមបែបអារ៉ូម៉ា ជាពិសេសការស្ទីមដែលដាក់ផ្សំជាមួយជាតិ Eucalyptus ឬក្រូចឆ្មារ។ វិធីព្យាបាលបែបធម្មជាតិប្រភេទនេះជួយសម្អាតសួតរបស់អ្នក និងជួយឱ្យអ្នករីករាយនូវគុណប្រយោជន៍សុខភាពដទៃទៀត។ នៅក្នុងករណីនេះ វិធីដ៏ប្រសើរក្នុងការធ្វើវា គឺត្រូវដាំទឹកឱ្យពុះ និងបន្ថែមស្លឹក Eucalyptus ឬក្រូចឆ្មារ និងដកដង្ហើមនៅក្នុងការស្ទីមពីទឹកនោះដោយគ្របក្បាលរបស់អ្នកដោយកន្សែងពោះគោ។ ប្រសិនបើអ្នកចូលចិត្ដ ជម្រើសងាយស្រួលជាងនេះ គឺការជាវម៉ាស៊ីនស្ពង់មកប្រើប្រាស់។

៥. កាត់បន្ថយការទទួលទានខ្លាញ់៖ ជម្រើសដ៏ប្រសើរមួយទៀត គឺការកាត់បន្ថយបរិមាណជាតិខ្លាញ់ ដែលអ្នកទទួលទានក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ នៅក្នុងមធ្យោបាយនេះ អ្នកអាចសម្អាតសួតរបស់អ្នកបានយ៉ាងប្រសើរ។ ការណែនាំមួយទៀត គឺសូមឱ្យអ្នកបង្កើន ការទទួលទានអាហារ ដែលសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងសារធាតុចិញ្ចឹមដូចជា ផ្លែឈើ និងបន្លែ។ នៅក្នុងន័យនេះ គឺដើម្បីកាត់បន្ថយចំពោះការទទួលទានផលិតផលទឹកដោះ និងសាច់សត្វ។

៦. យល់ដឹងពីភាពកខ្វក់៖  យើងក៏មិនអាចចៀសឱ្យផុតពីភាពកខ្វក់ទាំងស្រង់ដែរ​ ប៉ុន្ដែការប៉ះដោយផ្ទាល់ជាមួយភាពកខ្វក់ពីបរិយាកាស អាចបង្កបញ្ហាធ្ងន់ធ្ងរដល់ផ្លូវដង្ហើមរបស់យើង។ ដូច្នេះ វាជារឿងសំខាន់ក្នុងការយល់ដឹងពីភាពកខ្វក់។ វិធីដ៏ប្រសើរបំផុត គឺត្រូវអនុវត្ដតាមអ្នកឯកទេស ព្យាយាមចៀសវាងពីការប៉ះនឹងសារធាតុកខ្វក់ពីបរិយាកាសដោយផ្ទាល់ ចូលរួមក្នុងការហាត់ប្រាណ និងទៅដើរលេងកម្សាន្ដកន្លែងធម្មជាតិដូចជា ឧទ្យាន ឱ្យបានញឹកញាប់ ៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ steptohealth


Tags: Health news