(ភ្នំពេញ)៖ យោងតាមគេហទំព័រ UN ចេញផ្សាយថ្ងៃទី០៨ ខែមិថុនាបានឲ្យដឹងថា អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិលោក បាន គីមូន បានទូរស័ព្ទដោយផ្ទាល់ មកកាន់លោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ សុខុន ដោយបានសម្តែងក្តីព្រួយបារម្ភ ចំពោះរបាយការណ៍មួយចំនួន ស្តីពីការកើនឡើងនៃការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល, មន្រ្តីនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណបក្សប្រឆាំងជាដើម។
លោក បាន គីមូន បានអំពាវនាវឲ្យមានការអនុវត្តឡើងវិញ នូវវប្បធម៌សន្ទនារវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោកអគ្គលេខាធិការ បានបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងធានាការគោរពចំពោះសិទ្ធិមនុស្ស ក្នុងនោះរួមមានសេរីភាព នៃការបញ្ចេញមតិផងដែរ។
ជុំវិញការលើកឡើងនេះ Fresh News នឹងសុំការបំភ្លឺពីមន្រ្តីរាជរដ្ឋាភិបាល នៅពេលបន្ទាប់ទៀតនេះ៕
គេហទំព័របស់ UN: http://www.un.org/sg/offthecuff/index.asp?nid=4561