(សេអ៊ូល)៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន មិនបានដឹងហើយក៏មិនបានជាប់ពាក់ព័ន្ធដែរជុំវិញការចោទប្រកាន់របស់ក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកថា ប្អូនប្រុស និងក្មួយប្រុសរបស់លោកបានប្រព្រឹត្តអំពើពុករលួយតាមរយៈការសូកប៉ាន់មន្ត្រីរដ្ឋាភិបាលម្នាក់មកពីតំបន់មជ្ឈិមបូព៌ា ឱ្យប្រើប្រាស់មូលនិធិរដ្ឋាភិបាល ដើម្បីទិញគំរោងអាគារនៅវៀតណាម។ នេះបើតាមអ្នកនាំពាក្យលោក បាន គីមូន ដែលដក ស្រង់សម្ដី ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។
ប្អូនប្រុសរបស់លោក បាន គីមូន គឺលោក បាន គីសាង (Ban Ki-sang) និងក្មួយប្រុសរបស់លោកឈ្មោះ ជូ យ៉ុនបាន (Joo Hyun Bahn) ត្រូវបានក្រុមរដ្ឋអាជ្ញាអាមេរិកចោទប្រកាន់ថា បានចូលរួមក្នុងអំពើពុករលួយ ជាមួយមន្ត្រីរដ្ឋាភិបាលម្នាក់មកពីតំបន់មជ្ឈិមបូព៌ាក្នុងក្របខ័ណ្ឌនៃការប៉ុនប៉ងលក់អាគាររបស់ខ្លួនមានតម្លៃជាង ៨០០លានដុល្លារ នៅក្នុងប្រទេសវៀតណាម។
គួរបញ្ជាក់ថាលោក បាន គីមូន បានកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ហើយអ្នកបន្តវេនពីលោក គឺអតីតនាយករដ្ឋមន្ត្រីព័រទុយហ្កាល់ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានកាន់តំណែងនេះជាផ្លូវការកាលពីថ្ងៃទី០១ ខែមករា កន្លងទៅ។ ជាងនេះទៅទៀតការចោទប្រកាន់ខាងលើធ្វើឡើងនៅក្នុងបរិបទ ដែលលោក បាន គីមូន ត្រូវបានគេជឿជាក់ថា អាចនឹងឈរឈ្មោះជាបេក្ខភាពប្រកួតប្រជែងយកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង នៅអាណត្តិថ្មីក្នុងឆ្នាំ២០១៧នេះ៕
ប្រភព ៖ CNA/BBC