CamNews

តារា 

ម្ចាស់បទ "ដីថ្លៃប្រល័យ ស្នេហ៍" ម៉ារ៉ា ប៊ុណ្ណា ជួបទុក្ខធំ ព្រោះម្តាយទទួល មរណភាព

ភ្នំពេញៈ អស់រយៈពេលច្រើនឆ្នាំមកហើយ អតីតតារាចម្រៀង ធ្លាប់លេចធ្លោ ក្នុងវិថីសិល្បៈ តាមរយៈបទចម្រៀង “ដីថ្លៃប្រល័យស្នេហ៍” លោក ម៉ារ៉ា ប៊ុណ្ណា បានបាត់វត្តមានពីសិល្បៈ គ្មានអ្នកណាដឹងថា លោកទៅណាមកណាឡើយ គេគ្រាន់តែឃើញលោកម្ដងម្កាល តាមរយៈការចូលរួមក្នុងកម្មវិធី មិត្តភក្តិជាអ្នកសិល្បៈដូចគ្នា ដូចជាខួបកំណើត ឡើងគេហដ្ឋានថ្មី និងមង្គលការជាដើម។ ថ្មីៗនេះ ម៉ារ៉ា ប៊ុណ្ណា ស្រាប់តែរំលេចមកជាមួយភាពទុក្ខសោក ក្រៀមក្រំរកអ្វីប្រៀបផ្ទឹម ពុំបាន ដោយសារតែម្តាយជាទីស្រលាញ់របស់លោក បានទទួលមរណភាព កាលពីថ្ងៃទី១២ ខែសីហា នេះ ដោយសារតែជំងឺបេះដូងធ្ងន់ធ្ងរ ។

បើតាមប្រភពពីមិត្តភក្តិ របស់លោក ម៉ារ៉ា ប៊ុណ្ណា បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ម្តាយរបស់លោក ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណភាព ក្នុងវ័យជាង៦០ឆ្នាំ ដោយសារតែជំងឺបេះដូង ហើយមុនពេលដែលគាត់ទទួល មរណភាពនេះ គឺគ្រួសារបានបញ្ចូនទៅព្យាបាល នៅតាមមន្ទីរពេទ្យជាច្រើន រួមទាំងប្រទេសវៀតណាមផងដែរ ។ ប៉ុន្តែជំងឺហាក់មិនធូរស្រាលសោះ ហើយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពកាន់តែធ្ងន់ទៅៗ បណ្តាលឲ្យគាត់ស្លាប់តែម្តង។

ពេលនេះសពម្តាយរបស់ ម៉ារ៉ា ប៊ុណ្ណា តម្កល់ធ្វើបុណ្យនៅផ្ទះ មានទីតាំង នៅតាមបណ្តោយ ផ្លូវវ៉េងស្រេង ទល់មុខផ្សារត្រពាំងថ្លឹង នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងថា តាមរយៈការបង្ហើបប្រាប់នេះ គឺលោកគោលបំណងចង់ ចែករំលែកនូវ រឿងអកុសមួយនេះ ទៅដល់អ្នកសិល្បៈ រួមអាជីព អាចអញ្ជើញចូលរួមគោរព ពិធីបុណ្យសពម្តាយ របស់លោក ម៉ារ៉ា ប៊ុណ្ណា ឲ្យបានគ្រប់ៗគ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh