CamNews

យល់ដឹង 

ហេតុអ្វី បានជាគេឲ្យអាំងប៉ាវ នៅពេលចូលឆ្នាំចិន?

នៅពេលចូលឆ្នាំចិន ចាស់ៗ ឬក៏អ្នករៀបការរួច តែងតែឲ្យអាំងប៉ាវពណ៌ក្រហមទៅកាន់ក្មេងៗ ឬអ្នកដែលមិនទាន់រៀបការ។ ទំនៀមទម្លាប់នេះមានតាំងពីយូរលង់មកហើយ ព្រោះមានរឿងដំណាលថា៖

នៅថ្ងៃចូលឆ្នាំចិន មានបិសាចមួយឈ្មោះ Sui តែងតែចេញមកបន្លាចក្មេងៗ នៅពេលពួកគេគេងលក់។

ក្មេងណា ដែលត្រូវបិសាចនោះប៉ះ ប្រាកដជាខ្លាច រហូតដល់ក្តៅខ្លួនខ្លាំង បន្ទាប់មកឡប់សតិជាមិនខាន។ ដូច្នេះ ដើម្បីការពារក្មេងៗ ពីការយាយីរបស់បិសាច ឪពុកម្តាយតែងតែនៅយាមកូនៗរបស់ពួកគេ ពេញមួយយប់ មិនហ៊ានដេកឡើយ។


មានគ្រួសារមួយ ឪពុកម្តាយក្មេងៗ  បានឲ្យកាក់ចំនួន ៨ ទៅកាន់កូនៗ សម្រាប់លេង ដើម្បីកុំឲ្យពួកគេគេងលក់ ដូច្នេះបិសាចមិនហ៊ានមកយាយីឡើយ។ កូននោះយកក្រដាសមក ខ្ចប់កាក់ទាំងនោះ ហើយលេង រហូតដល់គេងលក់។ បន្ទាប់ឪពុកម្តាយបានយកក្រដាសដែលខ្ចប់កាក់នោះ ដាក់ក្រោមខ្នើយកូន។


នៅពេលដែលបិសាច Sui ព្យាយាមប៉ះក្បាលរបស់ក្មេងនោះ កាក់ទាំង ៨ ក៏បញ្ចេញពន្លឺយ៉ាងខ្លាំង ហើយបិសាចក៏ភ័យរត់បាត់។ ចាប់តាំងពីពេលនោះមក ការឲ្យអាំងប៉ាវទៅកាន់កូនៗ គឺមានន័យថា ឲ្យកូនៗមានសុវត្ថិភាព និងសំណាងល្អ ៕

 


ប្រភព៖ china highlights


Tags: Knowledge