ក្នុងការអនុវត្ដយោគៈ(Yoga) រាងកាយ ខ្យល់ដកដង្ហើម និងផ្លូវចិត្ដ ត្រូវបានគេមើលឃើញថា ជាធាតុផ្គុំចូលគ្នា នៃទិដ្ឋភាពច្រើនសណ្ឋានរបស់មនុស្សជាតិ។ ប្រព័ន្ធ និងបច្ចេកទេសនានានៃការអនុវត្ដយោគៈ បណ្ដុះឱ្យមានបទពិសោធន៍នៃធាតុផ្គុំបញ្ចូលគ្នានោះ ដែលនាំឱ្យមានការរួមបញ្ចូលគ្នានៃអត្តា(ខ្លួន) សេចក្ដីស្ងប់សុខក្នុងចិត្ដ និងភាពច្បាស់លាស់នៃចិត្ត។ វាគឺជាប្រព័ន្ធមួយ ដែលត្រូវបានរចនាឡើងដើម្បីបណ្ដុះឱ្យមនុស្ស មានសុខភាពល្អ និងសុភមង្គល ព្រមទាំងមានពុទ្ធិយល់ដឹងកាន់តែច្រើនចំពោះខ្លួនឯង និងមានមនសិការខ្ពស់។
រូបតំណាង
យោគៈ គឺជាវិធីសាស្រ្តមួយ សម្រាប់ជីវិត ដែលឱ្យតម្លៃ ដល់កិច្ចខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវ ដោយផ្អែកលើតុល្យភាព និងភាពសុខុដុម នៅក្នុងខ្លួនមនុស្សម្នាក់ៗ។
ហេតុអ្វី ទើបត្រូវផ្តោតអារម្មណ៍ខ្លាំង លើខ្យល់ដង្ហើម ក្នុងការអនុវត្ដយោគៈ? តើអ្វីជាការផ្សារភ្ជាប់គ្នារវាងយោគៈ និងខ្យល់ដកដង្ហើម ហើយហេតុអ្វី បានជាវាមានសារៈសំខាន់ដូច្នេះ?
សម្រាប់ខ្យល់ដកដង្ហើម និងរយៈពេលវែងឆ្ងាយនៃជីវិត ហេតុអ្វីបានជានៅពេល ដែលយើងដកដង្ហើមញាប់ យើងមានអារម្មណ៍ថា ជីវិតដូចជាជិតស្លាប់?
យោគៈ ធ្វើការវាស់ស្ទង់នូវវិសាលភាពនៃជីវិត ដោយចំនួននៃខ្យល់ដកដង្ហើម មិនមែនដោយចំនួននៃឆ្នាំនោះទេ។ Swami Sivananda
បុរាណពោលថា ប្រសិនបើអ្នកដកដង្ហើម ១៥ ដង ក្នុងមួយនាទី នោះអ្នកនឹងរស់នៅដល់អាយុ ៧៥ ឆ្នាំ ឬ ៨០ ឆ្នាំ។ ប្រសិនបើអ្នកដកដង្ហើមបាន ១០ ដងក្នុងមួយនាទី អ្នកនឹងរស់នៅរហូតដល់អាយុ ១០០ ឆ្នាំ។ ល្បឿន ដែលអ្នកដកដង្ហើម នឹងកំណត់អាយុកាលនៃជីវិតរបស់អ្នក។ ប្រសិនបើអ្នកដកដង្ហើមញាប់ អ្នកនឹងមានជីវិតខ្លី។
តើការកំណតើខ្យល់ដកដង្ហើម គឺជាអ្វី? តើត្រូវអនុវត្តបែបណា?
ការកំណត់ដឹងខ្យល់ដង្ហើមចេញចូល មានសារសំខាន់ នៅក្នុងការអនុវត្ដយោគៈ ខណៈខ្យល់ដង្ហើមចេញចូលនេះ ជួយយើងក្នុងការតភ្ជាប់ជាមួយនឹងថាមពលតូចល្អិត នៅក្នុងរាងកាយ ។ តាមរយៈខ្យល់ដកដង្ហើមនេះហើយ ដែលយើង មានសមត្ថភាពរុករកកម្រិតខុសគ្នានៃសតិស្មារតី។ លើសពីនេះទៅទៀត ការកំណត់ដឹងខ្យល់ដកដង្ហើម មានឥទ្ធិពលបែបជីវសាស្រ្ដ ទៅលើទិដ្ឋភាពផ្លូវចិត្ត អារម្មណ៍ និងផ្លូវកាយរបស់យើង។
ជាដំបូង ការតភ្ជាប់ជាមួយនឹងខ្យល់ដង្ហើមរបស់អ្នក គឺជាវិធីសាស្រ្តមួយ ដើម្បីបង្ហាញវត្ដមានអត្ដា(ខ្លួន) របស់អ្នក។ នៅពេល ដែលអ្នកផ្តោតអារម្មណ៍លើទិដ្ឋភាពនៃដំណើរការដកដង្ហើម អ្នកក៏សម្គាល់បានថា អ្នកកំពុងមានវត្តមាននៅទីនេះ ដែលអារម្មណ៍នេះ អនុញ្ញាត ឱ្យអ្នកផ្ដាច់ការអន្ទោលទៅនៃអារម្មណ៍ ចំពោះអតីតកាល និងអនាគត និងផ្ចង់អារម្មណ៍តែទៅលើពេលវេលា នៅក្នុងខ្យល់ដង្ហើមចេញចូល ប៉ុណ្ណោះ។ នេះគឺជាមូលហេតុ ដែលការកំណត់ដឹងខ្យល់ដកដង្ហើមចេញចូលនេះ បង្កើតបានជាសមាធិចិត្ដ។ ប៉ុន្តែនេះគឺគ្រាន់តែជាការចាប់ផ្តើម
នៃមូលហេតុបញ្ជាក់ថា ការកំណត់ដឹងដង្ហើមចេញចូល មានសារៈសំខាន់សម្រាប់ការអនុវត្ដយោគៈប៉ុណ្ណោះ។
នៅពេល ដែលអ្នក កំណត់ដឹងនូវដង្ហើមចេញចូល អ្នកនឹងភ្ញោចឱ្យមានភាពសកម្ម នៅផ្នែកផ្សេងៗនៃខួរក្បាលរបស់អ្នក។ សភាវៈមិនអាចកំណត់ដឹងខ្យល់ដង្ហើមចេញចូល ត្រូវបានគ្រប់គ្រងដោយសរសៃប្រសាទឆ្អឹងខ្នងទៅក្នុងខួរក្បាល (oblongata medulla) នៅក្នុងផ្នែកខាងក្រោមនៃខួរក្បាល ដែលជាផ្នែកដំបូងគេបំផុតនៃខួរក្បាល ខណៈពេលដែលសភាវៈកំណត់ដឹងនូវខ្យល់ដង្ហើមចេញចូល កើតចេញមកពីតំបន់វិវត្តនៃខួរក្បាល ពោលគឺស្រទាប់ខាងក្រៅរបស់ខួរក្បាល ។ ដូច្នេះ សភាវៈកំណត់ដឹងនូវការដកដង្ហើមចេញចូល ភ្ញោចដល់ស្រទាប់ខាងក្រៅរបស់ខួរក្បាល(cerebral cortex) និងតំបន់វិវត្តបន្ថែមទៀតនៃខួរក្បាល។ សភាវៈកំណត់ដឹងនូវខ្យល់ដង្ហើមចេញចូល បញ្ជូននូវសន្ទុះ ពីកន្សោមខួរក្បាល( Cortex) ទៅកាន់តំបន់តភ្ជាប់ ដែលមានឥទ្ធិពល ដល់ផ្លូវអារម្មណ៍។ ការធ្វើឱ្យស្រទាប់ខាងក្រៅរបស់ខួរក្បាល មានភាពសកម្ម មានឥទ្ធិពល ធ្វើឱ្យអារម្មណ៍សម្រាកសម្រាន្ដ និងមានតុល្យភាពល្អ។ អ្វី ដែលសំខាន់ម្យ៉ាងទៀត ដោយការកំណត់បាននូវដង្ហើមចេញចូល ធ្វើឱ្យអ្នកមានសមត្ថភាពគ្រប់គ្រង បាននូវទិដ្ឋភាព ដែលចិត្ដរបស់អ្នកគ្របសង្កត់ ដោយបណ្តាលឱ្យសតិរបស់អ្នក ងើបចាកពីអារម្មណ៍បុព្វកាល ទៅជាចិត្ដ និងអារម្មណ៍វិវឌ្ឍ ទៅរកភាពក្លៀវក្លា។
ហេតុអ្វីយើងត្រូវគ្រប់គ្រងដង្ហើមចេញចូល? តើត្រូវអនុវត្ដ ដោយរបៀបណា?
ដោយការផ្លាស់ប្តូរលំនាំដកដង្ហើម នោះអ្នកអាចបង្កើតចេញនូវទិដ្ឋភាពផ្លូវចិត្ដខុសៗគ្នា។ ការដកង្ហើមយឺតៗ មានឥទ្ធិពល ទៅលើស្ថានភាពផ្លូវអារម្មណ៍របស់អ្នក។ ស្រទាប់ខាងក្រៅរបស់ខួរក្បាល ត្រូវបានធ្វើឱ្យសកម្មតាមរយៈ ការកំណត់ដឹងនូវការដកដង្ហើមយឺតៗ។ បន្ទាប់មក ស្រទាប់ខាងក្រៅរបស់ខួរក្បាល បញ្ជូនសញ្ញាប្រសាទ ដែលស្ពឹកស្រពន់ ទៅកន្លែងបញ្ជាប្រព័ន្ធដកដង្ហើម (respiratory center) នៅផ្នែកកណ្តាលនៃខួរក្បាល(midbrain )។ សញ្ញាប្រសាទ ដែលស្ពឹកស្រពន់ទាំងនេះ នឹងហៀរហូរចូល ទៅក្នុងតំបន់នៃខួរក្បាលផ្នែកខាងលើ( hypothalamus) ដែលជាប់ទាក់ទងនឹងអារម្មណ៍ និងធ្វើឱ្យតំបន់នេះ បានសម្រាកសម្រាន្ដ។ នេះគឺជាមូលហេតុ ដែលការដកដង្ហើមយឺតៗ មានប្រសិទ្ធភាពលួងលោម ដល់ផ្លូវអារម្មណ៍របស់អ្នក ៕
អត្ថបទ៖ សារ៉ាត