ព័ត៌មានអន្តរជាតិ ៖ ចៅក្រមយុត្តិធម៌នៃអង្គតុលាការកំពូល ប្រទេសប្រេស៊ីលនោះ បានស្លាប់បាត់ បង់ជីវិត ក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះ ។ របាយការណ៍បញ្ជាក់ឲ្យដឹងថា សាកសពជនរងគ្រោះ ២នាក់ផ្សេងទៀត ត្រូវបានរកឃើញនៅទីតាំងធ្លាក់យន្តហោះ ក្នុងសមុទ្រ តំបន់ Paraty មានរយៈ ចម្ងាយប្រមាណ ២៥០គម ពីភាគខាងត្បូងទីក្រុង Rio de Janeiro ។
វ័យ ៦៨ ឆ្នាំ លោក Teori Zavascki ដែលជា ចៅក្រមយុត្តិធម៌នៃអង្គតុលាការកំពូល ប្រទេសប្រេស៊ីលនោះ ត្រូវបានគេទទួលស្គាល់ និងគោរពជាខ្លាំង ខណៈជាចៅក្រមដ៏ឆ្នើមមួយ ក្រោយធ្វើការ ស៊ើបអង្កេតទៅលើករណីអំពើពុករលួយទ្រង់ទ្រាយធំ ទៅលើក្រុមហ៊ុនរដ្ឋផលិតប្រេង Petrobras ។ ប្រតិបត្តិការស៊ើបអង្កេតពុករលួយរបស់លោក ដែលកំណត់បានថា Operation Car Wash នោះ បានចាប់ឃាត់ខ្លួនអ្នកនយោបាយជាច្រើនរូបយកមកផ្តន្ទាទោស ពាក់ព័ន្ធ នឹងសកម្មភាព ពុក រលួួយ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ។
ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ កូនប្រុសចៅក្រមយុត្តិធម៌នៃអង្គតុលាការកំពូល លោក Francisco Prehn Zavascki បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ជាមួយនឹងសារមរណទុក្ខរបស់លោក ឪពុកឲ្យដឹងថា ៖ "Dear friends, we have just received confirmation that my father has died. Thank you for all the strength," ។ អ្នកនាំពាក្យឲ្យចៅក្រុមកំពូលបញ្ជាក់ឲ្យដឹងថា លោក Teori Zavascki គឺជាអ្នកដំណើរមួយរូប ក្នុងចំណោមអ្នកដំណើរផ្សេងទៀត ដែលមានវត្តមាននៅលើ យន្តហោះដឹកអ្នកដំណើររបស់ប្រទេសប្រេស៊ីល។ សារព័ត៌មាន Globo news ដកស្រង់សម្តី មន្រ្តី ពន្លត់អគ្គីភ័យឲ្យដឹងថា ជនរងគ្រោះ ៣ ទៅ ៤ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ធ្លាក់យន្តហោះលើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ/ប៊ីប៊ីស៊ី