ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងវេលាថ្ងៃត្រង់ ម៉ោង ១១ និង ៣០ នាទី ម្សិលមិញនេះ
មនុស្ស ៣ នាក់ ត្រូវបានគេរាយការណ៍អោយដឹងថា បានទទួលរងរបួសធ្ងន់ និង ស្រាល
បន្ទាប់ពីបានជួបឧបទ្ទេវហេតុ បាក់រលំស្ពាន Second Penang Bridge ក្នុងតំបន់ George
Town ប្រទេសម៉ាឡេស៊ី នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេសអាស៊ីវ័ន។
លើសពីនេះ បើយោងតាមសម្តី មន្រ្តីស្នងការប៉ូលីស របស់ប្រទេសនេះ លោក Datuk
Abdul Rahim Jaafar ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរ ជនរងគ្រោះទាំងនោះ ក៏
កំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ Penang Hospital ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង ៣ រូបនោះ រួមមាន បុគ្គលិកបរទេសពីររូប និងស្រ្តី
រងរបួសដៃម្នាក់មួយរូប។ ដោយឡែក មន្ទិលសង្ស័យនៅតែចោទមាន ថាអាចនឹងមាន
មនុស្សស្លាប់បាត់បង់ជីវិត ខណៈឡានមួយមួយគ្រឿង ត្រូវបានកំទេចថ្ម កប់គរពីលើ។
ទន្ទឹមនឹងនោះ ក៏មានអ្នកជំនាញមកពីអង្គភាពសង្គ្រោះបន្ទាន់ដែលមានសមាជិកដល់ទៅ
៣០០ នាក់ ក៏ដូចជាមកពីអង្គភាពពន្លត់អគ្គីភ័យជាដើម ដោយបានទៅដល់កន្លែងកើត
ហេតុភ្លាមៗ ដើម្បីចេញយុទ្ធនាការជួយសង្គ្រោះបន្ទាន់របស់ខ្លួន ។ យ៉ាងណាមិញ ក្រុម
មន្រ្តីប៉ូលីស ក៏កំពុងធ្វើការជជែកវែកញែក ជាមួយនឹងបុគ្គលិក ដែលជាជាងសំណង់
ដើម្បីរកអោយឃើញពីមូលហេតុ ដែលបានបណ្តាលអោយកើតមានឡើង នូវគ្រោះថ្នាក់
មួយនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន