CamNews

ព័ត៌មានអន្តរជាតិ 

ចិន ប្រកាសថា​នឹងមិនបញ្ឈប់ ការសាងសង់សំណង់នានា ក្នុងសមុទ្រចិនខាងត្បូងនោះទេ

(ប៉េកាំង)៖ មេបញ្ជាការជាន់ខ្ពស់យោធាចិន បានថ្លែងថា ទីក្រុងប៉េកាំងនឹងមិនបញ្ឈប់ការកសាង សមិទ្ធិផលនានា នៅក្នុងសមុទ្រចិនខាង​ត្បូងនោះទេ បើទោះបីជាមានសាល​ក្រមតុលាការឡាអេ ចេញមកជំទាស់​កាលពីថ្ងៃទី១២ ខែកក្កដា នោះក៏ដោយ។ នេះបើតាមការចេញនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦។



ការប្រកាសនេះ បានធ្វើឡើងនៅអំឡុងពេល​ដែលមហាយក្សចិន ចាប់ផ្តើមសមយុទ្ធយោធាក្នុង​សមុទ្រចិនខាងត្បូង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែកក្កដា នេះតទៅ។ វាបានកើតឡើងនៅអំឡុងពេល​ដែលស្ថានការណ៍ការទូតរវាង ប្រទេសចិន និងហ្វីលីពីន កំពុងឡើងកម្តៅជាខ្លាំងខណៈហ្វីលីពីន ប្រកាសគាំទ្រសាលក្រមតុលាការ​ឡាអេ និងគ្រោង យកវាទៅពិភាក្សាជាមួយចិន ប៉ុន្តែប្រទេសចិនមិនទទួលស្គាល់សេចក្តីនោះឡើយ។



លោក Wu Shengli មេបញ្ជាការនៃកងទ័ពរំដោះប្រជាជនចិន បានប្រាប់សមភាគីអាមេរិក​ លោកឧត្តមនាវីឯក John Richardson ថា «យើងនឹងមិនបញ្ឈប់ការសាងសង់ នៅលើប្រជុំកោះ Nansha ទាំងកណ្តាលទីនោះទេ។ កោះនេះ ជាដែនដីរបស់យើង ហើយសំណង់នានាត្រូវបានកសាង ដោយមាន ហេតុផល ភាពត្រឹមត្រូវ និងស្របច្បាប់»។

គួរបញ្ជាក់ថាឈ្មោះ Nansha នេះគឺសំដៅទៅលើប្រជុំកោះ ដែលអន្តរជាតិហៅថា Spratlys នៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ដែលហ្វីលីពីនចោទចិនថា កំពុងកសាងកោះ សប្បនិមិត្ត និងសំណង់មួយចំនួនទៀត ក្នុងគោលដៅ ប្រើប្រាស់លើវិស័យ​យោធា៕



ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: china Chemical Int news Hot news