ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស China- daily ដែលទើបតែបានចេញផ្សាយ មុននេះបន្តិច ពោលគឺ នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៤ អោយដឹងថា នៅឯខេត្ត Guizhou ប្រទេសចិន ឯណោះវិញ រដ្ឋាភិបាលប្រទេសនេះ បានសម្រេចចិត្ត បំផ្លាញចោល នូវម៉ាស៊ីនលេងល្បែង ស៊ីសង រាប់ពាន់គ្រឿង កាលពីថ្ងៃទី ២២ ត្រូវនឹងថ្ងៃពុធ ខែមករា ម្សិលមិញនេះ ។
គួរបញ្ជាក់ផងដែរថា ករណីបំផ្លាញចោល នូវម៉ាស៊ីនលេងល្បែង ស៊ីសងលើកនេះ អាចកើតឡើងទៅ បាន ក្រោយពីមានករណី ផ្ទុះឆេះ កន្លែងលេងល្បែងអាថ៍កំបាំងមួយ ដោយនៅក្នុងនោះបានបណ្តាល អោយមនុស្សជាច្រើននាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល ខណៈ ១៣ នាក់ផ្សេងទៀតបានស្លាប់ បាត់បង់ជីវិត។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្តថា ការបំផ្លាញចោលនូវ ប្រភេទម៉ាស៊ីនលេងល្បែងស៊ីសង លើកនេះ មានចំនួនដល់ទៅ ១,០០៨ ម៉ាស៊ីនឯណោះដោយនៅក្នុងនោះរួមមានតាំងពី mahjong និង slot machines ថែមទៀតផង ។ យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ បន្តគូសបញ្ជាក់ អោយដឹងថា ករណីបំផ្លាញ ម៉ាស៊ីនល្បែងស៊ីសង រាប់ពាន់គ្រឿងមួយនេះ ត្រូវបានរដ្ឋាភិបាលចិនធ្វើ ឡើងនៅក្នុងក្រុង Kaili ខេត្ត Guizhou ភាគនិរតី ប្រទេសចិន ខណៈទីតាំង លួចលាក់លេងល្បែងស៊ី សងខុសច្បាប់មួយកន្លែង ដែលបានផ្ទុះឆេះនោះ មានទីតាំង ស្ថិតនៅក្នុងភូមិ Laoshan ក្រុង Kaili ផ្ទាល់តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily