អេមីរ៉ាតអារ៉ាប់រួម បានបញ្ជាក់ថាទាហានរបស់ខ្លួនចំនួន ៤ នាក់ត្រូវបានសម្លាប់ និងពួកឧទ្ទាម ២២ នាក់ទៀត ក៏បានស្លាប់បាត់បង់ជីវិតដែរ។
ការប្រយុទ្ធគ្នា ច្រើនតែកើតឡើងនៅក្បែរអាកាសយានដ្ឋានក្រុង និងតំបន់អាល់ឌុយដាយី នៅភាគខាងត្បូងទីក្រុង។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចចរចាជាបន្ទាន់ ស្តីពីបញ្ហាយេម៉ែន នៅថ្ងៃព្រហស្បតិ៍នេះ។
វាជាលើកដំបូងហើយ ដែលក្រុមចម្រុះមកពីរដ្ឋឈូងសមុទ្រដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានព្យាយាមចាប់យកទីក្រុងដ៏សំខាន់មួយ ដែលការពារយ៉ាងល្អ នៅក្នុងប្រទេសយេម៉ែន។
មនុស្សប្រហែល ៨ លាននាក់ កំពុងប្រឈមមុខនឹងភាពស្រែកឃ្លានអាហារ នៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាមនេះ ហើយទីក្រុងឆ្នេរសមុទ្រ គឺជាកន្លែង ដែលជំនួយភាគច្រើនបញ្ជូនទៅដល់ សម្រាប់ប្រជាជន នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយពួកឧទ្ទាម។
លោក Wam មកទីភ្នាក់ងារព័ត៌មាន Emirati បាននិយាយថា កងកម្លាំងវាយប្រហារ បានគ្រប់គ្រង "តំបន់រំដោះ នៅជុំវិញព្រលានយន្តហោះ និងបានចាប់ខ្លួន ឬសម្លាប់ "ប្រជាជន Houthis រាប់សិបនាក់" ដែលគាំទ្រដោយអ៊ីរ៉ង់។ ភ្នាក់ងារដដែល បានរាយការណ៍អំពីការធ្វើទុក្ករកម្មនៃទាហាន Emirati ទាំង ៤នាក់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីការប្រយុទ្ធគ្នានោះទេ។
ប្រភពគ្រូពេទ្យ ក្នុងតំបន់បាននិយាយថា ក្រុមសកម្មប្រយុទ្ធហ៊ូតូចំនួន ២២ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារចំរុះ។ ប្រភពក្រុមចម្រុះ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស ១៨ លើក ត្រូវបានធ្វើឡើងនៅទីតាំង Houthi នាជាយក្រុង Hudaydah កាលពីថ្ងៃពុធ។
ទន្ទឹមនឹងនេះដែរ ពួកឧទ្ទាម Houthi បាននិយាយថា ពួកគេបានវាយប្រហារនាវាចម្បាំងចំរុះមួយ ដោយមីស៊ីល បើទោះបីជាមិនមានការបញ្ជាក់ពីរឿងនេះក៏ដោយ។ ការវាយលុក ដែលក្រុមអ្នកវិភាគនិយាយថា អាចជាការប្រយុទ្ធដ៏ធំបំផុត នៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន បានបង្កើនការភ័យខ្លាចស្លាប់ និងរបួស ក្នុងចំណោមប្រជាជន ៤០០.០០០ នាក់ ដែលរស់នៅក្នុងទីក្រុងនេះ។
គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលបានកើតឡើងនៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុម Houthis និងកងកម្លាំងសម្ព័ន្ធមិត្ត បានរឹបអូសផ្នែកខ្លះនៃភាគខាងជើងប្រទេសនេះ រួមទាំងរដ្ឋធានីសាណា ហើយក្រោយមក បានបង្ខំឱ្យប្រធានាធិបតីលោក Abdrabbuh Mansour Hadi រត់គេចទៅបរទេស ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី