ខេត្ដ BURI RAM ប្រទេសថៃ- មនុស្ស ៥ នាក់ ដែលមានអ្នកបើកបរជនជាតិថៃម្នាក់ និងជនជាតិខ្មែរ ៤ នាក់ ដែលបានរត់គេចពីការដាក់ទណ្ឌកម្មថ្មីធ្ងន់ធ្ងរ ទៅលើពលករចំណាកស្រុកខុសច្បាប់ បានរងរបួស នៅពេលដែលរថយន្តភីកអាប់របស់ពួកគេ បានបុកជាមួយរថយន្តដឹកជញ្ជូនមួយគ្រឿង នៅស្រុក Non Dindaeng កាលពីព្រឹកថ្ងៃពុធនេះ។
ហេតុការណ៍បុកគ្នានេះ បានកើតឡើង នៅលើផ្លូវហាយវេលេខ 348 (Non Dindaeng-Ta Phraya) នៅតំបន់ Ban Than Chao Pa នៃសង្កាត់ tambon Lam Nangrong នៅភាគនិរតីនៃខេត្ត នាវេលាម៉ោងប្រហែល ៨.៣០ នាទីព្រឹក ។
ប៉ូលីស ដែលត្រូវបានគេរាយការណ៍ឱ្យទៅកន្លែងកើតហេតុ បានឃើញរថយន្តភីកអាប់ Toyota Vigo រងការខូចខាតស្ទើរទាំងស្រង់មួយគ្រឿង ដែលបានចុះបញ្ជី នៅក្នុងខេត្តណាខនណោក រលត់កាត់ទទឹងផ្លូវ។
នៅក្នុងហេតុការណ៍នោះ មានមនុស្ស ៥នាក់ បានរងរបួសនៅខាងក្នុងរថយន្ត ក្នុងនោះមានអ្នកបើកបរជនជាតិថៃម្នាក់ និងជនជាតិខ្មែរចំនួន ៤ នាក់ ក្នុងនោះមានបុរសម្នាក់ ស្ត្រី ២ នាក់និងក្មេងស្រីម្នាក់។
អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យណាន់ឌិនដាង ហើយក្រោយមកទៀត បុរសកម្ពុជាម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ដ Buri Ram ដើម្បីព្យាបាលរបួសធ្ងន់ធ្ងរ។
ប៉ូលីសបាននិយាយថា ជនជាតិខ្មែរបានជួលរថយន្ដ Pick-up និងអ្នកបើកបរ ឱ្យដឹកពួកគេ ទៅដាក់នៅព្រំប្រទល់ស្រុកអារញ្ញប្រាថេត ខេត្ដស្រះកែវ។ ពួកគេត្រលប់ទៅផ្ទះវិញ បន្ទាប់ពីបានដឹងពីការដាក់ទណ្ឌកម្មថ្មីដ៏តឹងតែង ក្រោមក្រឹត្យស្តីពីពលករបរទេស ដែលមិនបានចុះបញ្ជី។
អ្នកបើកបរបានបាត់បង់ការគ្រប់គ្រងលើការបើកបររថយន្តភីកអាប់ ហើយរថយន្ដនោះ បានបុកឡានដឹកទំនិញកង់ ១៨ ធុនធំ ។
អ្នកបើកបរ បានរងរបួសបន្តិចបន្តួច ហើយគាត់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈដែលអ្នកជួយសង្គ្រោះ កំពុងជួយដល់ជនរងគ្រោះផ្សេងទៀត។ សម្រាប់ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ប៉ូលីសកំពុងស្វែងរក អ្នកបើកបរ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost