អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចេញពីតំបន់ភាគខាងលិចរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានដកស្រង់សម្ដីយោធាកូរ៉េខាងត្បូង ដែលបាននិយាយថា មីស៊ីលផ្លោងមួយគ្រាប់នេះ ត្រូវបានបាញ់បង្ហោះ នៅវេលាម៉ោង ៩ និង ៤០ នាទី (ម៉ោង ០០៖៤០GMT) ពីទីក្រុង Bangyon នៅខេត្ត North Pyongan ។
សារព័ត៌មាន NHK News របស់ជប៉ុន បានដកស្រង់សម្តីក្រសួងការពារជាតិ ដោយបាននិយាយថា មីស៊ីលផ្លោងនេះ ប្រហែលជាធ្លាក់នៅដែនទឹក ដែលជប៉ុនអះអាងថា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ កូរ៉េខាងជើង បានបង្កើនសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មីស៊ីលនេះ បានហោះប្រហែល ៤០ នាទី ហើយបានធ្លាក់ ចូលទៅក្នុងសមុទ្រជប៉ុន។
ការបាញ់បង្ហោះនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយតាមទូរស័ព្ទដាច់ដោយឡែក ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពីប្រទេសកូរ៉េខាងជើង។
ពួកមេដឹកនាំ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការបំបាត់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ឧបទ្វីបកូរ៉េ ។ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Moon Jae-in ក៏បានជួបជាមួយលោក Trump កាលពីសប្តាហ៍មុនផងដែរ ដោយមេដឹកនាំអាមេរិក បានព្រមានទីក្រុងព្យុងយ៉ាងអំពី«ការឆ្លើយតបដោយការតាំងចិត្តនេះ»៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC