(ភ្នំពេញ)៖ ដោយសារតែថ្មីៗនេះ មានតារាល្បីៗស្រករក្រោយមួយ ចំនួនបានលេងខ្លួនសិចស៊ី យ៉ាងចាស់ដៃ ក្នុងន័យដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន ហើយបើទោះបីជាទទួលរងនូវការរិះខ្លាំងក្លា យ៉ាងណាក្ដី ក៏តារាស្រីទាំងនោះនៅតែមិនបាក់ស្រុតប្រជាប្រិយភាពដដែល។ ចំណុចនេះ គេក៏បាននឹកឃើញដល់តារាចម្រៀងល្បីឈ្មោះម្នាក់ គឺអ្នកនាង ឆៃ លីដាឡែន ដែលគ្រាន់តែនាងព្រលែងខ្លួនសិចស៊ី នៅលើទឹកដីអាមេរិក ហើយត្រូវបានគេបង្ហោះឃើញព្រោងព្រាត នៅក្នុងប្រទេសកម្ពុជា បាននាំគ្នាធ្វើការរិះគន់យ៉ាងចាស់ដៃ ហើយគ្រានោះហើយ ដែលធ្វើឲ្យអ្នកនាង ឆៃ លីដាឡែន ស្ទើរតែបានឈ្មោះពីការងារសិល្បៈ ព្រោះតែកំហុសអចេតនាមួយប៉ប្រិចភ្នែកនេះ។
ព្រោះតែអ្នកសិល្បៈស្រករក្រោយ ហាក់នៅតែផ្គើននឹងការិះគន់របស់មហាជន ហើយជាពិសេសផ្គើននឹងការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានណែនាំឲ្យអ្នកសិល្បៈ ស្លៀកសម្លៀកបំពាក់ឲ្យបានសមរម្យ ស័ក្តិសមជាស្រ្តីខ្មែរនោះ ពួកគេក៏បាននឹកឃើញដល់ឈ្មោះរបស់តារាចម្រៀង និងសម្ដែង ឆៃ លីដាឡែន ដែលកាលណោះហេតុអ្វីក៏រាសីរបស់នាង មិនដូចនឹងរាសីរបស់តារាស្រីក្មេងៗស្រករក្រោយបែបនេះសោះ?
ក្នុងបណ្ដាញសង្គម ហ្វេសប៊ុករបស់ សិល្បករកម្ពុជា លោក អ៉ឹម ជីវា បានសរសេរអត្ថបទមួយ ដោយបានធ្វើការប្រៀបធៀប ជោគវាសនារបស់ ឆៃ លីដាឡែន និងតារាស្រីថ្មីៗស្រករក្រោយនេះ ថា«ប្រិយមិត្តមួយចំនួនគាត់សួរថា ហេតុអ្វី ឆៃ លីដាឡែន ស្លៀកពាក់សិចស៊ី នៅសហរដ្ឋអាមេរិក មិនសិចស៊ីមិនសូវខ្លាំងផង ត្រូវបានក្រសួង និងទូរទស្សន៍ បិទមិនឲ្យចេញមុខរយៈពេល៣ឆ្នាំ ! ចំណែក ដេនី ខ្វាន់ និងតារាសិចនារីមួយចំនួន ស្លៀកពាក់សិចស៊ី ក្នុងប្រទេសកម្ពុជា ស្ទើរនឹងស្រាតអស់ពីខ្លួន បង្ហោះពេញបញ្តាញសង្គម ពត៌មានចុះព្រោងព្រាត តែបែរជាគ្មានក្រសួង ឬទូរទស្សន៍ណា ហាមប្រាមទៅវិញ..!»។
ក្នុងហ្វេសប៊ុកដដែលបន្តថា «ទាក់ទងបញ្ហានេះ ផេកសិល្បករកម្ពុជា បានសួរទៅកាន់ ឆៃ លីដាឡែន ដោយអ្នកនាង ដាឡែនកំពុងសម្តែងនៅរដ្ឋស៊ីហារ៉ូ សហរដ្ឋអាមេរិក ឆ្លើយថា ខ្ញុំមានអារម្មណ៍អន់ចិត្តដែរ គ្រាន់តែខ្ញុំស្លៀកពាក់សិចស៊ីបន្តិចសោះ រយៈពេល៣ឆ្នាំ ដែលគេបិទមិនឲ្យឡើងកម្មវិធីអ្វីសោះ ធ្វើឲ្យខ្ញុំធ្លាក់ដល់ចំណុចសូន្យ តែខ្ញុំនៅតែបន់ព្រះឲ្យជួយនាងខ្ញុំ ព្រោះគ្រួសារទាំងមូល គឺខ្ញុំជាអ្នករ៉ាប់រង តើមានអ្នកណា ដែលយល់ពីអារម្មណ៍មួយនេះ ! សូមនិយាយតែប៉ុណ្ណឹងបានហើយ បើខ្ញុំនិយាយទៀតនាំតែ តារាសិចស៊ីមួយចំនួនថា ខ្ញុំច្រណែនគេ.!»។
«ចំណែកពលរដ្ឋ នៅអាហរដ្ឋអាមេរិក ដើមកំណើតខ្មែរ លោក ដេវិត ផល ក៏មានប្រតិកម្មខ្លាំងដែរ ដោយលោកនិយាយថា តារាខ្មែរឥឡូវសិចស៊ីសាហាវ ជាងតារារបស់ អាគាំងទៀត មើលយូរៗទៅដូចម៉េចមិនដឹងទេ សិចស៊ីជ្រុលស្ទើរស្រាតទៅហើយ ខ្ញំឆ្ងល់ដល់ហើយ..! ។ មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា តារាៗស្រីមួយចំនួន នៅប្រទេសកម្ពុជាឃើញថា មានការស្លៀកពាក់សិចស៊ីច្រើនមែនទែន គួរឲ្យកត់សម្គាល់មិនមែនមានតែ ដេនី ខ្វាន់ មួយនោះទេ នៅមានតារាស្រីសិចស៊ីច្រើនដួងទៀត ។ បន្ទាប់ពីមានការរិះគន់ច្រើនបែបនេះ មិនទាន់ដឹងថា ក្រសួងដែលពាក់ព័ន្ធមាន វិធានការបែបណានោះទេ..!» ៕