(ភ្នំពេញ)៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ បានកើតឡើង ចំពោះបងស្រីតារាសម្តែងសិចស៊ីកំពូល កញ្ញា ដេននី ក្វាន់ គឺអ្នកនាង សឿន ចំរើន ហៅ ចោម ក្វាន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកានាំខ្លួនរបស់ចៅក្រមស៊ើបសួរ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះ លើករណីសង្ស័យអំពើរឆបោកប្រាក់ ហើយត្រូវបានឃុំខ្លួនជាបណ្ណោះអាសន្ន ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ត្រូវបានប្រភពណាមួយ បញ្ជាក់ច្បាស់នៅឡើយទេ ខណៈដែលប្អូនស្រីបង្កើត គឺកញ្ញា ដេននី ខ្វាន់ បានបង្ហើបថា ករណីនេះជារឿងវិវាទផ្នែកពាណិជ្ជកម្មរកស៊ី។
តារាសម្តែងរូបស្រស់ ចូលចិត្តលេងខ្លួនសិចស៊ី និងជាម្ចាស់ហាងសាឡន កញ្ញា ដេននី ក្វាន់ បានបញ្ជាក់ប្រាប់ Fresh News និង Khmertalking ឲ្យដឹងដោយខ្លីនារសៀលថ្ងៃទី០៧ ខែកុម្ភៈ នេះថា « ចំពោះករណីចាប់ខ្លួនបងស្រីនាង នោះ គឺរហូតមកទល់ពេលនេះ ខ្លួនមិនទាន់បានទទួលព័ត៌មានល្អិត នៅឡើយទេ ព្រោះនាងក៏រវល់ជាមួយការងារ រកស៊ីផ្ទាល់ខ្លួនដែរ។ ម្យ៉ាងទៀត គឺនាងឧស្សាហ៍ចុះឡើងប្រទេសថៃ យកសម្ភារៈដើម្បីលក់ដូរ»។
កញ្ញា ដេននី ក្វាន់ បាននិយាយទៀតថា «រឿងរបស់គាត់ (ចោម ក្វាន់) មានវិវាទពាណិជ្ជកម្ម ជាមួយដៃគូខ្ញុំ មិនទាន់និយាយបានទេ ព្រោះខ្ញុំជាខ្ញុំ មិនមែនជាបងខ្ញុំ ហើយមួយទៀត ខ្ញុំមិនមែនជាសមត្ថកិច្ច ឬចៅក្រមហើយរឿងនេះ ខ្ញុំក៏មិនទាន់ច្បាស់លាស់ដែរ។ ចាស បង ! រឿងនេះប្រហែលជាប្រគល់ឲ្យ មេធាវីធ្វើកិច្ចការនេះ ព្រោះដូច្នេះបានបញ្ជាក់ហើយថា រឿងហ្នឹង ខ្ញុំក៏ពុំទាន់ដឹងច្បាស់ដែរ ហើយចាំទទួលបានដំណឹងច្បាស់ ចាំខ្ញុំលម្អិតតាមក្រោយបន្ថែមទៀត »៕
សូមបញ្ចាក់ថា តុលាការបានសម្រេចឃុំខ្លួនបងស្រីបង្កើត តារាសម្ដែងសិចស៊ី ដេននី ក្វាន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធករណីឆបោកប្រាក់អ្នកដទៃ ។
ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់នារសៀលថ្ងៃទី០៧ ខែកុម្ភៈ តាមបណ្ដាញសង្គម Telegram ថា លោក ថាន់ ឡេង ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់ ដែលគេស្គាល់ថា ជាបងស្រីបង្កើតតារាសម្ដែងសិចស៊ី ដេនី ក្វាន់ ។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ការចាប់ខ្លួននេះ បន្ទាប់ពីជនត្រូវចោទបានគេចវេះ មិនចូលបង្ហាញខ្លួនតាមដីការបស់តុលាការ។ ទោះបីយ៉ាងណា ទំហំទឹកប្រាក់នៃការឆបោកនេះ ពុំត្រូវបានប្រភពព័ត៌មាន បញ្ជាក់ឲ្យដឹងនោះទេ៕
កញ្ញា ដេននី ក្វាន់
បងស្រី កញ្ញា ដេននី ក្វាន់ អ្នកនាង សឿន ចំរើន
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី