(ភ្នំពេញ)៖ ថ្មីៗនេះ មានការរិះគន់ និងលើកឡើងចំពោះសកម្មភាព របស់តារាសម្តែងស្រីវ័យជាង២០ឆ្នាំ និយមស្លៀកពាក់បែបសិចស៊ី កញ្ញា ដួង ម៉ានិច ថានាងបាននឹងកំពុងតែផ្គើន នឹងការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះការស្លៀកពាក់ ហើយចង់ប្រជែងយកតំណែងសិចស៊ី ពីតារាស្រីឯទៀត ។ ប៉ុន្តែបន្ទាប់ពីមានការចេញសេចក្ដីណែនាំ ដ៏គួរឲ្យភ្ញាក់ផ្អើលមក កញ្ញា ដួច ម៉ានិច ដែលធ្លាប់តែប្រកាន់ខ្លួនស្លៀកពាក់សិចស៊ី បានបញ្ជាក់ថា នាងគ្មានចេតនាផ្គើន ឬចង់ប្រជែងនរណាឡើយ ពោលនាងធ្វើឡើងគ្រាន់តែជាការសម្ដែង និងតម្រូវសាច់រឿងសម្ដែងប៉ុណ្ណោះ។
ជាការកត់សម្គាល់ មិនមែនជាលើកទី១ទេ ដែលតារាសម្តែង កញ្ញា ដួង ម៉ានិច ស្លៀក ពាក់ខើចខ្លី និងបានថតរូបយកមកបង្ហោះបង្អួតគេឯង ក្នុងទំព័រសង្គមហ្វេសប៊ុកផ្ទាល់ ដើម្បីទាមទារការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន អ្នកគាំទ្រ រហូតមានការរិះគន់។ ប៉ុន្តែ ម៉ានិច បានប្រតិកម្មឆ្លើបតប ចំពោះការរិះគន់នេះវិញថា នាងគ្មានចេតនាផ្គើនមហាជន ឬដើម្បីប្រជែងតំណែងសិចស៊ី ពីនរណាម្នាក់ឡើយ។
ផ្តល់សម្ភាសន៍ផ្តាច់មុខ ឲ្យគេហទំព័រ Khmertalking តារាសម្តែងចង្កាស្រួច កញ្ញា ដួង ម៉ានិច បាននិយាយថា រាល់ការរិះគន់ទាំងប៉ុន្មាននាងនឹងយកទៅពិចារណា ដើម្បីកែលំអ បើសិនជាមានមហាជនច្រើន សម្តែងការមិនពេញចិត្ត រាល់ទង្វើឬសកម្មភាពរបស់នាង ដែលធ្វើឲ្យមានការិះគន់ខ្លាំង។ ម្យ៉ាងទៀត រាល់ស្លៀកពាក់សិចស៊ីនោះ វាមិនមែនជាចេតនារបស់នាងឡើយ ពោលគឺគ្រាន់តែជាការសម្តែង តម្រូវតាមចិត្តអ្នកដឹកនាំតែប៉ុណ្ណោះ។
តារាសម្តែងកញ្ញា ដួង ម៉ានិច បាននិយាយបន្តថា «ខ្ញុំតែងខ្លាចណាស់ ចំពោះរឿងអាស្រូវដែលកើតឡើង មកលើខ្លួន។ ខ្ញុំក៏មិនមែន ជាតារាសិចស៊ីអ្វីដែរ គ្រប់យ៉ាង គឺខ្ញុំគ្រាន់តែធ្វើតាមការតម្រូវចង់បាន ពីអ្នកដឹកនាំសម្តែងនោះទេ ហើយខ្ញុំក៏ចង់បកស្រាយ និងផ្តាំផ្ញើរថា សូមកុំយករូបថតនាងខ្ញុំ ទៅប្រៀបផ្ទឹមជាមួយតារាស្រីសិចស៊ី ផ្សេងទៀតឲ្យសោះ ព្រោះខ្ញុំមិនទាន់សិចស៊ី រហូតដល់ថ្នាក់ស្លៀកពាក់ឈុតប៊ីគីនី នៅឡើយទេ។
ជាមួយគ្នានេះ ដួង ម៉ានិច បានបញ្ជាក់ថា «ខ្ញុំមិនទាន់សិចស៊ី ស្លៀកពាក់បញ្ចេញសាច់ ទ្រូងស្ទើអាក្រាតកាយ ដូចតារាស្រីឯទៀតនោះឡើយ។ ម្យ៉ាងទៀតមានអ្នកខ្លះ បានយករូបថតនាងខ្ញុំ ស្លៀកខោខូវប៊យ ជាមួយអាវយឺតស ដែលថតសម្តែងបទ "នារីសក់ខ្លី" មកប្រៀបធៀប ជាមួយតារាដែលស្លៀកពាក់ ឈុតប៊ីគីនី។ នៅត្រង់ចំណុចនេះ ខ្ញុំមានអារម្មណ៍ មិនសប្បាយចិត្តសោះឡើយ ព្រោះត្រឹមតែប៉ុណ្ណឹង មើលទៅគ្មានអ្វីគួរឲ្យសិចស៊ីផងហ្នឹង? រាល់ការសម្តែង ខ្ញុំតែងពិចារណាប្រសិនបើ មានឈុតណាសិចស៊ីខ្លាំងនោះ គឺខ្ញុំមិនទទួលនោះទេ»។
ប្រតិកម្មរបស់ស្រីស្រស់ ដួង ម៉ានិច ខាងលើនេះ ធ្វើឡើងស្របពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្មីៗនេះ បានចេញសេចក្តីណែនាំក្រើនរំឭក ចំពោះសិល្បករ-សិល្បការិនី ខ្មែរទាំងអស់ឲ្យងាកមកប្រើប្រាស់ សម្លៀកបំពាក់ឲ្យបានសមស្រប តាមទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ មានឥរិយាបទប្រកបដោយ សីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមរតកដ៏ល្អផូរផង់ នៃប្រពៃណីដូនតា ព្រោះកន្លងមកមានតារាស្រីខ្មែរ មួយចំនួនបានយល់ខុស ភ្លើតភ្លើនចម្លងយក ការស្លៀកពាក់ តុបតែខ្លួនតាមបរទេស ដែលនាំឲ្យធ្លាក់ចុះតម្លៃវប្បធម៌ ជាតិសាសន៍ខ្លួនឯង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី