ព័ត៌មានអន្តរជាតិ ៖ ប្រមាណជាង ២ ម៉ោងមុននេះ គេហទំព័រសារព័ត៌មានរបស់ប្រទេស សឹង្ហបុរី channelnewsasia បានចេញផ្សាយ សម្រង់អត្ថបទ សារព័ត៌មានអោយដឹងថា មកទល់នឹងពេល បច្ចុប្បន្នភាព អំឡុង ថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់បាត់បង់ជីវិត ដោយសារតែ គ្រោះថ្នាក់ លិចនាវា ចម្លង នៅឯ ប្រទេស បង់ក្លាដេស កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅ បានកើនឡើង ដល់យ៉ាងហោច ណាស់ ២២ នាក់ហើយ ស្របពេលដែល ជាច្រើនសិបនាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ ។
គួរបញ្ជាក់ថា នាវា ក៏ដូចជា សាឡាងចម្លងខាងលើ បើតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹង ថា បានដឹកក្រុមមនុស្ស ដែលជាអ្នកធ្វើដំណើរ លើសចំណុះ ពោលដឹកមនុស្ស ច្រើនជាង ២០០ នាក់ទៅទៀត ដោយនៅក្នុងនោះ នាវា ខាងលើ បានជួបនឹងគ្រោះថ្នាក់ ក្រឡាប់លិច នៅឯទន្លេ Meghna ភាគខាងត្បូង ក្រុង Dhaka ប្រទេស បង់ក្លាដេស អំឡុងពេលដែល មានព្យុះភ្លៀង ។
យ៉ាងណាមិញ បើតាមសម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់ សរបញ្ជាក់អោយដឹងថា ក្រុមមនុស្សប្រមាណ ជាង ៤០ នាក់ បានហែលបក់មកច្រាំង ក្រោយពីគ្រោះថ្នាក់លិច ក្រឡាប់នាវា ខាងលើ ស្របពេល ដែលចំនួនជនរងគ្រោះ ត្រូវបានគេរកឃើញ ថាបានស្លាប់ជាបន្តបន្ទាប់ ខណៈពេលដែលជាច្រើន រយនាក់ផ្សេងទៀត នៅ បន្តបាត់ ខ្លួននៅឡើយ ហើយអ្វីដែល ជាការអស់សង្ឃឹមនោះរកអោយ ឃើញថា បណ្តាអ្នកបាត់ខ្លួនទាំងនោះ សុទ្ធសឹងតែប្រឈម នឹងសេចក្តីស្លាប់ ។
គួរបញ្ជាក់ថា បង់ក្លាដេស ជាប្រទេសមួយ ដែលធ្លាប់មានប្រវត្តិជូរចត់ នៃសោកនាដកម្ម គ្រោះថ្នាក់ បែបនេះ ខណៈបានបណ្តាលអោយមនុស្សស្លាប់ កើនដល់រាប់រយនាក់ ដែលពិតជាបានកើតឡើង ចេញពីការផ្ទុកចំនួនមនុស្សលើសចំណុះ ក៏ដូចជា កង្វះខាត ប្រព័ន្ធការពារ ទៅតាមស្តង់ដាតួយ៉ាង កង្វះខាតទូកជួយសង្គ្រោះជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia