CamNews

ព័ត៌មានអន្តរជាតិ 

អាហ្រ្វីកកណ្ដាល៖ បេសកកម្ម UN ថ្កោលទោសការវាយប្រហារសម្លាប់យោធិនកម្ពុជា

ព័ត៌មានអន្តរជាតិ ៖ បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (CAR) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារកាលពីថ្ងៃទី ៨ ខែឧសភាកន្លងទៅនេះ នៅលើក្បួនរថយន្តរបស់ខ្លួន នៅភាគខាងត្បូងរបស់ប្រទេសនេះ ដែលបានសម្លាប់កងរក្សាសន្តិភាពកម្ពុជាម្នាក់។

សេចក្ដីប្រកាសព័ត៌មានមួយ បានឱ្យដឹងថា៖ “បេសកកម្ម MINUSCA បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនេះ ទៅលើកងរក្សាសន្តិភាព ដែលឈរជើង នៅលើទឹកដីអាហ្វ្រិកកណ្តាល ដែលមិនមានគោលដៅអ្វីផ្សេង ក្រៅអំពីជួយប្រទេសនេះ ក្នុងការការពារប្រជាជនរបស់ខ្លួន និងដើម្បីអនុញ្ញាតឱ្យសាធារណរដ្ឋអាហ្វ្រិកកណ្តាលចេញពីវដ្តនៃអំពើហិង្សា ដែលបង្កឡើងដោយក្រុមប្រដាប់អាវុធ”។





យោងតាមបេសកកម្ម MINUSCA បានឱ្យដឹងថា កងរក្សាសន្តិភាព ៨ នាក់ ក៏បានរងរបួសផងដែរក្នុងនោះរួមមាន យោធិនកម្ពុជាម្នាក់ និងយោធិនម៉ារ៉ុក ៧ នាក់ ដែលហេតុការណ៍រងបួសនេះ កើតឡើងនៅជិតទីក្រុង Bangassou ចម្ងាយប្រហែល ៤៧៤ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានី Bangui របស់ប្រទេសនេះ ដោយកងរក្សាសន្តិភាព ៤ នាក់បានបាត់ខ្លួន នៅក្នុងហេតុការណ៍វាយប្រហារនោះ ។

បេសកកម្មនេះ បាននិយាយថា ខ្លួនបានបញ្ជូនឧទ្ធម្ភាគចក្រ និងកងរក្សាសន្តិភាពដើម្បីជួយសង្រ្គោះ នៅនឹងកន្លែង និងស្វែងរក អ្នកដែលបាត់ខ្លួន នៅក្នុងការវាយប្រហារនេះ។ យន្តហោះពេទ្យ បានជម្លៀសកងរក្សាសន្តិភាពរងរបួស ដែលបានហោះមកដល់ទីក្រុង Bangui និងកំពុងទទួលការព្យាបាល ។

បេសកកម្មនេះបាននិយាយថា ខ្លួននឹងធ្វើអ្វីៗគ្រប់បែបយ៉ាង តាមតែអាចធ្វើទៅបាន ដើម្បីធានាថា ជនល្មើសនៃការវាយប្រហារ ដែលបានរត់គេចខ្លួនចូលទៅក្នុងព្រៃ ត្រូវបានចាប់ខ្លួនដើម្បីនាំយកទៅកាត់ទោស។




បេសកកម្ម MINUSCA បានរំលឹកថា៖  "ការបំផ្លាញជីវិតរបស់កងរក្សាសន្តិភាព អាចត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម និងត្រូវទទួលទោសតាមច្បាប់ជាធរមាន»។

តំណាងពិសេសរបស់អគ្គលេខាធិការ និងជាប្រមុខបេសកកម្ម MINUSCA លោក Parfait Onanga-Anyanga, បានចូលរួមរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារនៃជនរងគ្រោះ បណ្ដាយោធិន និងប្រទេសរបស់គាត់ ខណៈពេលដែល លោកសម្តែងនូវការដឹងគុណរបស់ខ្លួន ចំពោះការខិតខំបំពេញការងារ និងការលះបង់របស់កងរក្សាសន្តិភាព ក្នុងការការពារប្រជាជន នៅក្នុងប្រទេសនេះ៕  



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ www.un.org


Tags: International news