CamNews

ព័ត៌មានអន្តរជាតិ 

មិនដឹងពន្ធគយរបស់អាមេរិកធ្វើឱ្យក្ដៅក្រហាយកម្រិតណាទេ បានជានាំឱ្យមានការប្ដឹងប្ដល់បែបនេះ!!!!

វិទ្យាស្ថានដើម្បីដែកថែបអន្ដរជាតិរបស់អាមេរិក(AIIS) បានប្ដឹងសហរដ្ឋអាមេរិក ​និងស្នងការគយ និងការពារព្រំដែនអាមេរិក លោក Kevin McAleenan ទៅតុលាការពាណិជ្ជកម្មអន្ដរជាតិរបស់អាមេរិក កាលពីថ្ងៃពុធ ប្រឆាំងនឹងពន្ធគយលើដែកថែប ដែលចេញដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមីនាកន្លងទៅនេះ។

ពាក្យបណ្តឹងនេះ បានទាមទារឱ្យតុលាការចេញបទបញ្ជា ដែលបង្គាប់សហរដ្ឋអាមេរិកឱ្យឈប់អនុវត្តនូវការដំឡើងពន្ធ ២៥ ភាគរយសម្រាប់ការនាំចូលផលិតផលដែកថែប និងរបាំងពាណិជ្ជកម្មដទៃទៀត ដែលបានចេញដោយសេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ ៩៧០៥ ។

ពាក្យបណ្តឹងនេះបានលើកឡើងថា បទបញ្ញត្ដិពន្ធគយនេះ មានលក្ខណៈអធម្មនុញ្ញភាព មិនស្របនឹងការធ្វើប្រតិភូកម្មអំណាចរបស់អង្គការនីតិបញ្ញត្ដិជូនប្រធានាធិបតី "ដែលរំលោភលើមាត្រា ១ ផ្នែកទី ១ នៃរដ្ឋធម្មនុញ្ញ និងរំលោភលើគោលលទ្ធិនៃការបែងចែកអំណាច និងប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពអំណាច ដែលស្ថិតក្នុងក្របខណ្ឌការពាររបស់រដ្ឋធម្មនុញ្ញ។ "

ការខូចខាតដល់សមាជិក AIIS ដែលបានលើកឡើង នៅក្នុងពាក្យបណ្តឹងរួមមានដូចជា ការខាតបង់ ដែលមិនអាចស្រោចស្រង់បានដល់ក្រុមហ៊ុន កម្មករនិយោជិត សហជីព អាជ្ញាធរកំពង់ផែ ឈ្មួញគយ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនភ័ស្តុភារ និងក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀត ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ jurist


Tags: International news