ព័ត៌មានអន្តរជាតិ ៖ ជីតាមួយរូប បានបាញ់សម្លាប់កូនស្រីរបស់ខ្លួន មួយរូប និង បាន បាញ់សម្លាប់ចៅ របស់ខ្លួន ៦ នាក់ ផ្សេងទៀត មុននឹងធ្វើការបាញ់សម្លាប់ខ្លួនឯង នៅឯផ្ទះរបស់ ពួកគេ មានទីតាំងស្ថិត នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តី ប៉ូលីសប្រចាំតំបន់ ។
ប្រភពសារព័ត៌មានពីប៊ីប៊ីស៊ី ដកស្រង់ សម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់កើត ហេតុ លោក Robert Schultz អោយដឹងថា ចៅតូចៗទាំង ៦ នាក់នោះ ពួកគេមានអាយុចន្លោះពី ៣ ខែ ទៅ ១០ ឆ្នាំ ។ យ៉ាងណាមិញ ប៉ូលីស បានកំណត់អត្តសញ្ញាណ ជនដៃដល់ ជាជីតាក្មេង តូចៗ ទាំងនោះ គាត់មានឈ្មោះថា លោក Don Charles Spirit មានវ័យ ៥១ ឆ្នាំ ។
ប៉ូលីស អះអាងអោយដឹងថា ពួកគេបានទទួលទូរស័ព្ទ ពីជនដៃដល់ ខណៈបានប្រកាស ថាបានធ្វើការ គម្រាមគំហែងដល់ សមាជិកក្រុមគ្រួសាររបស់គាត់ មុននឹងធ្វើអត្តឃាត សម្លាប់ខ្លួនឯង ។ ជាការពិត ខ្ញុំ ពុំដែលធ្លាប់បានឃើញសោកនាដកម្ម ដ៏គួរអោយរន្ធត់បែបនេះ កើតឡើងនោះទេ លោក Schultz គូស បញ្ជាក់អោយដឹង ។
ជាការពិត សហគមន៍ដ៏តូចមួយនេះ ពិតជាត្រូវបានធ្វើអោយតក់ស្លុត ជា មួយនឹង សោកនាដកម្មលើក នេះ ខណៈពួកយើង គឺជាសង្គមគ្រួសារតែមួយ រស់នៅ រដ្ឋ និង សហគមន៍ដ៏តូចមួយនេះ ។ ពួកយើង ក៏កំពុងតែស្នើសុំ ការអធិដ្ឋាន បន់ស្រន់ សុំសេចក្តីសុខ ដល់ ក្រុម គ្រួសារខាងលើ អោយបានទៅកាន់ សុគតិភព និង សុខសុវត្ថិភាព ដល់សហគមន៍តូចមួយ មួយនេះ ដែលជាគ្រួសារ នឹងគ្នា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី