CamNews

ព័ត៌មានអន្តរជាតិ 

ច្បាប់ប្រទេសនេះខ្លាំងមែន! គ្រាន់តែទោសប៉ុណ្ណឹង ត្រូវកាត់ទោសប្រហារជីវិត

ទីក្រុងហាណូយ៖ តុលាការប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតអតីតប្រធាន ក្រុមហ៊ុនរបស់រដ្ឋ PetroVietnam  កាលពីថ្ងៃសុក្រ បន្ទាប់ពីតុលាការរកឃើញថា អតីតប្រធានរូបនេះ មានពិរុទ្ធភាពជាប់ពាក់ព័ន្ធនឹងរឿងក្ដីដ៏ធំមួយនៃមន្រ្តីរាជការ និងធនាគារិកប្រមាណ ៥១ នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទពុករលួយ និងការគ្រប់គ្រងគ្មានប្រសិទ្ធភាព ដែលនាំឱ្យខាតបង់ថវិការដ្ឋប្រមាណ ៦៩ លានដុល្លារអាមេរិក។

អតីតប្រធានក្រុមហ៊ុន PetroVietnam លោក Nguyen Xuan Son ជាជនជាប់ចោទទី ២ ដែលត្រូវបានផ្តន្ទាទោសប្រហារជីវិត ខណៈតុលាការប្រជាជនក្រុងហាណូយ បានចាប់ផ្តើមចេញសាលក្រមកាត់ទោស ចំពោះរឿងក្ដី ដែលបានដំណើរការនីតិវិធីជំនុំជម្រះដ៏យូរនេះ។

ការកាត់ទោសប្រហារជីវិតនេះ ត្រូវបានផ្តល់អនុសាសន៍ដោយមហាអយ្យការអមតុលាការប្រជាជនជាន់ខ្ពស់វៀតណាម(Supreme People's Procuracy of Vietnam )។ ប្រទេសវៀតណាម បានណែនាំឱ្យប្រើប្រាស់ថ្នាំពុលដ៍សាហាវដើម្បីប្រហារជីវិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយថ្នាំពុលប្រភេទនោះ ធ្លាប់បានប្រើប្រាស់លើក្រុមទណ្ឌិត ដែលជាប់ទោសពីបទបាញ់បោះសេរី។

តុលាការ ធ្លាប់បានកាត់ទោសឧក្រិដ្ឋជនឈ្មោះ Ha Van Tham ដែលជាស្ថាបនិកនៃអង្គភាពធនាគារ Ocean Group គឺធនាគារ Ocean Bank ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយតុលាការបានរកឃើញថា ជនជាប់ចោទរូបនោះ មានពិរុទ្ធពីបទរាប់តាំងពីការកេងប្រវ័ញ្ច រហូតដល់ការរំលោភអំណាច។

មន្រ្តីធនាគារ និងមន្រ្ដីក្រសួងថាមពលជាច្រើនរូបផ្សេងទៀត ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ។ ការជំនុំជំរះដ៏ធំនេះ គឺជាលទ្ធផលនៃជំហរកាន់តែតឹងរឹង ទៅលើអំពើពុករលួយ ដែលដឹកនាំដោយគណបក្សកុម្មុយនិស្ត កំពុងកាន់អំណាច ចាប់តាំងពីស្ថាប័នសន្តិសុខរបស់វៀតណាម បានពង្រឹងអំណាច កាលពីឆ្នាំមុន ជាពេលដែលអតីតនាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្លាក់ពីអំណាច។

គណបក្សនេះ និយាយថា ខ្លួនចង់ដោះស្រាយអំពើពុករលួយ ប៉ុន្តែអ្នករិះគន់ខ្លះ បានចោទប្រកាន់មេដឹកនាំវៀតណាមថា បានចាប់ផ្តើមយុទ្ធនាការប្រមាញ់ដោយផ្ទាល់ បន្ទាប់ពីមានការផ្ដួចផ្តើមការស៊ើបអង្កេតចូលទៅក្នុងពួកមន្រ្ដីជាន់ខ្ពស់។

លោក Dung បានបរាជ័យកាលពីឆ្នាំមុន នៅក្នុងការប្រយុទ្ធដើម្បីទទួលបានឋានៈជាអគ្គលេខាបក្សកុម្មុយនិស្ត ដែលជាឋានៈដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម។ តំណែងកំពូលនេះ បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់លោក ង្វៀនភូត្រុង ដែលជាមនុស្សមានប្រជាប្រិយភាពតិចតួចដោយសារទ្រព្យសម្បត្ដិ ដែលសមាជិកខ្លះនៃរដ្ឋបាលរបស់លោក  បានលាតត្រដាង។

ការស៊ើបអង្កេតលើក្រុមហ៊ុនប្រេង PetroVietnam បានរកឃើញថា សមាជិកការិយាល័យនយោបាយមួយរូប ដែលជាអតីតប្រធានក្រុមហ៊ុន PetroVietnam  និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានបណ្តេញចេញពីតំណែងរបស់ខ្លួន ហើយអតីតអភិបាលរងធនាគារកណ្ដាល ក៏ត្រូវបានកាត់ទោសផងដែរ។

តុលាការ បានបញ្ចប់ការការជំនុំជម្រះរឿងក្តីប្រឆាំងមន្រ្តីទាំង ៥១ នាក់នោះ កាលពីថ្ងៃចន្ទ ហើយបានកោះប្រជុំឡើងវិញ កាលពីថ្ងៃសុក្រដើម្បីចេញសាលក្រម និងទោស។

ទាំងលោក Son និងលោក Tham មិនត្រូវបានតុលាការផ្តល់ឱកាសឱ្យឆ្លើយតបទៅនឹងសេចក្ដីសម្រេចនេះឡើយ បន្ទាប់ពីសាលក្រមត្រូវបានប្រកាស។ កាលពីថ្ងៃច័ន្ទ លោក Son បានប្រកាសពីភាពគ្មានទោសពៃរ៍របស់លោក ហើយបានស្នើសុំឱ្យតុលាការមិនត្រូវចេញ "សាលក្រមដ៏អយុត្តិធម៌"នេះឡើយ ។

លោក Son បាននិយាយថា៖ "ខ្ញុំមិនជឿភ្នែករបស់ខ្ញុំឡើយ នៅពេលដែលខ្ញុំត្រូវបានតុលាការកាត់ទោសប្រហារជីវិតពីបទកិបកេង ដែលសាលក្រមនេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងស្រងាកចិត្តជាខ្លាំង ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងក្លាយជាមនុស្សម្នាក់គ្មានវិញ្ញាណទៅហើយ" ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news