CamNews

ព័ត៌មានអន្តរជាតិ 

ដល់ម្លឹងផង! កូរ៉េខាងជើង មាននាវាមុជទឹកថ្មី ដើម្បីធ្វើតេស្ដមីស៊ីល

ព័ត៌មានអន្តរជាតិ ៖ នៅចំពោះមុខនៃការអំពាវនាវជាអន្តរជាតិ ដើម្បីបញ្ឈប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន កូរ៉េខាងជើង អាចនឹងតម្រូវឱ្យមានសាឡុងបញ្ឈរធ្វើតេស្ដពីនាវាមុជទឹកទី ២  ដែលមានសមត្ថភាពក្នុងការធ្វើតេស្តមីស៊ីល ពីនាវាមុជទឹក នេះបើយោងតាមរូបភាពផ្កាយរណប ដែលបានចេញផ្សាយដោយគេហទំព័រ 38 North ជាក្រុមឃ្លាំមើលមួយ ដែលមានមូលដ្ឋាននៅ សាកលវិទ្យាល័យ Johns Hopkins ។

រូបភាពដែលផ្ដិតយកបាន កាលពីថ្ងៃទី ១៩ មេសា បានបង្ហាញឱ្យឃើញនូវសាឡុងមួយ នៅកន្លែងផលិតនាវាកងនាវាចរ Nampo នៅលើឆ្នេរភាគខាងលិចរបស់ប្រទេសនេះ ដោយមានជើងបញ្ឈរមួយ ដែលអាចប្រើដើម្បីធ្វើតេស្ដមីស៊ីលផ្លោងពីនាវាមុជទឹក។  សាឡុងនេះ មើលទៅហាក់ដូចជាស្រដៀងគ្នា ទៅនឹងទំហំសាឡុងមួយ ដែលគេសង្កេតឃើញ នៅក្នុងឆ្នាំ ២០១៤  នៅកន្លែងផលិតនាវា Sinpo ប៉ែកខាងត្បូង នៅលើឆ្នេរសមុទ្រភាគខាងកើត នេះបើយោងតាមរបាយការណ៍។



ស្ថានីយធ្វើតេស្ដទី ២នេះ អាចជាសញ្ញាបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានបំណងធ្វើតេស្តមីស៊ីលទ្រង់ទ្រាយកាន់តែធំឡើងបន្ថែមទៀត។ សាឡុងទី១ ត្រូវបានគេជឿថា ជាតំបន់ធ្វើតេស្ដមីស៊ីល Pukguksong-1 ពី ៤ ទៅ ៦ គ្រាប់ ដែលអាច បាញ់ចេញពីមហាសមុទ្រ និងនៅលើដី និងមានសក្តានុពលចម្ងាយឆ្ងាយជាង ១,២៤២ ម៉ាយទៅទៀត។

សាឡុងទាំងពីរនេះ មានទំហំប្រហាក់ប្រហែលគ្នា និងមានគំនូសព្រាងស្រដៀងគ្នាទៅនឹងសាឡុងបញ្ឈរធ្វើតេស្ដមីស៊ីលពីនាវាមុជទឹក PSD-4  របស់រុស្ស៊ី  នេះបើយោងតាមការវិភាគ នៅក្នុងរបាយការណ៍មួយ ដែលធ្វើឡើង ដោយអ្នកជំនាញកូរ៉េខាងជើងដ៏លេចធ្លោម្នាក់គឺ លោក Joseph S. Bermudez Jr។ សាឡុងប្រភេទនេះ ត្រូវបានប្រើ ដោយកងទ័ពជើងទឹក ដើម្បីអនុវត្ដការធ្វើតេស្តបំពង់បាញ់បង្ហោះមីស៊ីលពីនាវាមុជទឹកថ្មី នៅក្រោមទឹក និងប្រព័ន្ធបាញ់បង្ហោះមីស៊ីល ព្រមទាំងដើម្បីធ្វើតេស្តមីស៊ីល ដែលបានបើកដំណើរការ មុនពេលដែលប្រព័ន្ធដំបូងទាំងនេះត្រូវបានដំឡើង នៅក្នុងនាវាមុជទឹក"។

ការធ្វើតេស្តមីស៊ីល ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង និងការគំរាមកំហែង ចំពោះការធ្វើតេស្តអាវុធនុយក្លេអ៊ែរថ្មី ឬសូម្បីតែការចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែរ បានធ្វើឱ្យប្រទេសជាច្រើនមានការព្រួយបារម្ភ ដែលការគំរាមកំហែងភាគច្រើន មានគោលដៅ ទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅប៉ែកអាស៊ីដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើម។

កាលពីថ្ងៃសៅរ៍ ទូរទស្សន៍ CNN បានរាយការណ៍ថា ការធ្វើតេស្តថ្មីរបស់កូរ៉េខាងជើង មិនទាន់ត្រូវបានសន្មត់ថា ទទួលបានជោគជ័យនៅឡើយទេ។ មីស៊ីលផ្លោង ត្រូវបានធ្វើតេស្ដ ប៉ុន្ដែបានផ្ទុះ នៅលើទឹកដីកូរ៉េខាងជើង និងរងការរិះគន់យ៉ាងខ្លាំងថា ការធ្វើតេស្ដនេះ ទទួលបរាជ័យ។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើង រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមន្រ្ដីសហរដ្ឋអាមេរិក លោក Rex Tillerson មានប្រសាសន៍ទៅកាន់អង្គការសហប្រជាជាតិ ដោយបានអំពាវនាវឱ្យអង្គការអន្ដរជាតិនេះ ចាត់វិធានការប្រឆាំងនឹងរបបរបស់លោក គីម និងការគំរាមកំហែងរបស់ខ្លួន៕


ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ Newsweek


Tags: International News