(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានធ្វើដំណើរមកដល់រដ្ឋធានីកង់បេរ៉ាវិញហើយ នាព្រឹកថ្ងៃនេះ ដើម្បីត្រៀមរៀបចំគណរដ្ឋមន្ត្រី សម្រាប់រដ្ឋសភានីតិកាលទី ៤៥ ក្រោយការឈ្នះឆ្នោតនៅក្នុងការបោះឆ្នោត សហព័ន្ធនាឆ្នាំ ២០១៦។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ ២០១៦។
លោក Malcolm Turnbull បានប្រកាសពីភាពជោគជ័យរបស់ខ្លួន នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញ នេះ ប៉ុន្តែវាមិនមែនមានន័យថា លោកអាចបង្កើតរដ្ឋាភិបាលឯករាជ្យតែឯងនោះឡើយ។ សំឡេងរបស់គណបក្សលោក Malcolm Turnbull ត្រូវការការបង្កើតរដ្ឋាភិបាលចំរុះមួយ ដែលប្រាកដណាស់ថា នឹងត្រូវរួមជាមួយគណបក្សពលករ របស់លោក Bill Shorten ទើបអាចបន្តការដឹកនាំទៅមុខបាន។
យ៉ាងណាក៏ដោយលោក Malcolm Turnbull ត្រូវការរៀបចំគណរដ្ឋមន្ត្រី ឬធ្វើការរុះរើបន្តិចបន្តួច ពីព្រោះតែសមាជិក គណរដ្ឋមន្ត្រីចាស់ចំនួន ៣រូបមិនបានជាប់នៅក្នុងការបោះឆ្នោត កាលពីសប្តាហ៍មុននោះឡើយ។ គួរបញ្ជាក់ថា កិច្ចប្រជុំ មួយនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋធានីកង់បេរ៉ា នៅថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ ដើម្បីរៀបចំពិធីស្បថចូលកាន់តំណែង នៃសមាជិករដ្ឋសភាអណត្តិថ្មី ក្រោយពីលោកប្រធាន Peter Cosgrove ត្រឡប់មកពីបំពេញទស្សនកិច្ច នៅបារំាង៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង