CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសបង់ក្លាដេសនិងមីយ៉ាន់ម៉ាព្រមព្រៀង បញ្ជូនជនមូស្លីមរ៉ូហ៊ីងយ៉ា មកវិញ ក្នុងរយៈពេល....

ប្រទេសបង់ក្លាដេស និងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ទី១៦ ខែកមករា ដើម្បីបញ្ចប់កិច្ចការបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ត្រឡប់មកប្រទេសរបស់ខ្លួនវិញ ក្នុងរយៈពេលពីរឆ្នាំ។

សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយក្រសួងការបរទេសបង់ក្លាដេស បានឱ្យដឹងថា ការធ្វើមាតុភូមិនិវត្តន៍ នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរឆ្នាំ រាប់តាំងចាប់ពីថ្ងៃចាប់ផ្តើមនិរទេសមកប្រទេសបង់ក្លាដេសនៃជនជាតិរ៉ូហ៊ីងយ៉ា ។ ក្រោមកិច្ចព្រមព្រៀងនេះ បង់ក្លាដែសនឹងបង្កើតជំរុំភៀសខ្លួនចំនួនប្រាំ។ បន្ទាប់មក ពួកគេនឹងបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាចេញពីជំរុំទាំងនេះ ទៅកាន់មជ្ឈមណ្ឌលទទួលជនភៀសខ្លួនចំនួនពីរកន្លែង ដែលត្រូវបានសង់ឡើង នៅតាមព្រំប្រទល់មីយ៉ាន់ម៉ា។ ក្រោយមកទៀត មីយ៉ាន់ម៉ា នឹងត្រូវផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្នដល់ក្រុមរ៉ូហ៊ីងយ៉ា ខណៈពេលរដ្ឋាភិបាលមីយ៉ាន់ម៉ាសាងសង់ផ្ទះសម្រាប់ពួកគេឡើងវិញ។

បណ្ដាអង្គការមនុស្សធម៌ក្រើនរំលឹកថា កាលវេលាកំណត់នេះ គឺឆាប់រហ័សពេក ក្នុងការធានាចំពោះការ វិលត្រឡប់ប្រកបដោយសុវត្ថិភាព និងដោយស្ម័គ្រចិត្តនៃពលរដ្ឋរ៉ូហ៊ីងយ៉ា ។ អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិថ្លែងថា ជនជាតិរ៉ូហ៊ីងយ៉ាគួរតែវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញដោយស្ម័គ្រចិត្ត នៅពេលណាមួយ ដែលពួកគេមានអារម្មណ៍ថា ការវិលត្រឡប់នេះ មានសុវត្ថិភាពសម្រាប់ពួកគេ ។ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភស្រដៀងគ្នានេះ ដោយបានសង្កត់ធ្ងន់ថាសមត្ថភាពសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា ក្នុងការវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ ដោយសុវត្ថិភាព និងស្ម័គ្រចិត្ត គឺជារឿងសំខាន់បំផុត ដែលត្រូវយកចិត្ដទុកដាក់ ៕


ប្រែសម្រួល៖ ដេវីដ

ប្រភព៖ Jurist


Tags: International news