CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមហ៊ុនល្បីឈ្មោះ McDonald’s ចេញលិខិតសុំទោសជាសាធារណៈ ក្រោយអតិថិជនលើកកាហ្វេផឹកប៉ះចំ......

អន្តរជាតិ ៖ ក្រុមហ៊ុន McThai ដែលជាប្រតិបត្តិកររបស់ខ្សែសង្វាក់ក្រុមហ៊ុនម្ហូបអាហារ McDonald's ប្រចាំនៅប្រទេសថៃ បានថ្លែងសុំទោស បន្ទាប់ពីអតិថិជនម្នាក់ បានរកឃើញជើងកន្លាត អណ្តែតនៅក្នុងកាហ្វេមួយពែងក្នុងសាខារបស់ខ្លួនមូយ ស្ថិតនៅលើដងផ្លូវ Rama IV សង្កាត់ Klong Toey ក្រុងបាងកក។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន McThai បានបង្ហោះលិខិតពន្យល់មួយច្បាប់។ យោងតាមលិខិតនោះ អ្នកគ្រប់គ្រងហាង បានសុំភ័យទោសដល់អតិថិជន បន្ទាប់ពីបានដឹងអំពីហេតុការណ៍នេះ។ បន្ទាប់ពីនោះ បុគ្គលិកប្រចាំការ បានជូនកាហ្វេមួយពែងថ្មីភ្លាមៗ ដល់អតិថិជន។

បុគ្គលិកនៅហាងនោះ មិនបានព្រងើយកន្តើយនឹងបញ្ហានេះ នោះទេ។ ពួកគេ បានបើកម៉ាស៊ីនឆុងកាហ្វេ ហើយបានត្រួតពិនិត្យ និងសម្អាតវាស្របតាមស្តង់ដាសុវត្ថិភាពម្ហូបអាហាររបស់ក្រុមហ៊ុន។ ក្រោយមក ក្រុមហ៊ុននេះ បានដកយកម៉ាស៊ីនឆុងកាហ្វេ ទៅត្រួតពិនិត្យឱ្យបានល្អិតល្អន់ម្ដងទៀត។


សារបង្ហោះតាមហ្វេសប៊ុក ដោយ "Nostalgic Eik" បានបែកធ្លាយតាមអនឡាញ បន្ទាប់ពីលោកបានសរសេរអំពីបទពិសោធន៍ដ៏ភ្ញាក់ផ្អើលរបស់ខ្លួន នៅហាង McDonald's store Tesco Rama IV កាលពីថ្ងៃទី ១៦ ខែតុលា។ លោកបានកត់សម្គាល់ឃើញថា កន្លាត ដែលងាប់ បានអណ្តែតនៅក្នុងកាហ្វេរបស់គាត់ នៅពេលគាត់រៀបនឹងផឹក។

អ្នកប្រើហ្វេសប៊ុកបានសរសេរថា៖ "ដំបូងខ្ញុំគិតថាជើងកន្លាត អាចជាប់នៅក្នុងពែង មុនពេលចាក់កាហ្វេចូល។ ខ្ញុំបានប្រាប់ទៅបុគ្គលិកនៅទីនោះអំពីបញ្ហានេះ ហើយខ្ញុំក៏ទទួលបានកាហ្វេមួយពែងថ្មី។ ប៉ុន្តែវាហាក់ដូចជាបញ្ហា នៅតែមានដដែល នៅពេលខ្ញុំលឺបុគ្គលិកសួរទៅមិត្តរួមការងារថា តើម៉ាស៊ីនឆុងកាហ្វេត្រូវបានសម្អាត ឬក៏អត់។ ខ្ញុំមានអារម្មណ៍មិនល្អ នៅពេលដែលខ្ញុំបានលឺបែបនេះ'' ។

ការបង្ហោះនេះ ត្រូវបានចែករំលែកតាមអនឡាញ និងមានការបញ្ចេញយោបល់ជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត ដោយធ្វើការរិះគន់ចំពោះសុវត្ថិភាពម្ហូបអាហាររបស់ក្រុមហ៊ុននេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news