(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានវាយប្រហារ ដោយប្រើពាក្យសម្តីធ្ងន់ៗ ដាក់ប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា ដោយបានចំអកថា នាពេលនេះ លោក អូបាម៉ា កំពុងដើរចេញពីសេតវិមាន ក្នុងនាមជា «ជនបរាជ័យ» ហើយ នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០១៧។
នៅក្នុងអត្ថបទមួយមានចំណងជើងថា «ប្រវត្តិសាស្រ្ត នៃការគំរាមកំហែងនុយក្លេអ៊ែរ តែម្ខាងរបស់សហរដ្ឋអាមេរិក ដែលបានឈានដល់ទីបញ្ចប់» ដោយសារព័ត៌មានប្រចាំថ្ងៃ របស់គណបក្សកាន់អំណាច កូរ៉េខាងជើង Rodong Sinmun នៅបញ្ជាក់ជាដដែលៗថា សហរដ្ឋអាមេរិកបានបង្កើនការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង ជារៀងរាល់ឆ្នាំ នៅអំឡុងពេលនៃការដឹកនាំ របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
សារព័ត៌មាន Rodong Sinmun បានសរសេរថា «ការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរបស់យើង ទីបំផុតបានបង្ខំឲ្យយើង ក្លាយជាប្រទេសដ៏ខ្លាំងក្លាមួយ ដែលមានសមត្ថភាព ក្នុងការបើកការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ដែលនឹងបញ្ចប់នូវប្រវត្តិសាស្រ្ត នៃការគំរាមហែងនុយក្លេអ៊ែរ ហើយពេលនេះ លោក បារ៉ាក់ អូបាម៉ា កំពុងតែចាកចេញពីសេតវិមាន ក្នុងនាមជា «ជនបរាជ័យ» នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយប្រទេសកូរ៉េខាងជើង»។
ដោយឡែកសារព័ត៌មាន រដ្ឋកូរ៉េខាងជើងមួយផ្សេងទៀត ក៏បានលើកឡើង នៅថ្ងៃជាមួយគ្នាដែរថា រដ្ឋាភិបាលរបស់លោក អូបាម៉ា បានបង្កើតកំហុសយុទ្ធសាស្រ្ត នៅក្នុងគោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងកូរ៉េខាងជើង និងបានបន្ថែមទៀតថា បើសិនជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចង់ធ្វើអ្វីប្រកបដោយឧត្តមគតិខ្ពស់ រូបលោកជាដំបូងត្រូវតែយល់ ឲ្យបានច្បាស់ពីកូរ៉េខាងជើង។ សារព័ត៌មានដដែលនេះ បានសរសេរយ៉ាងដូច្នេះថា «អនាគតរដ្ឋាភិបាលអាមេរិកថ្មី របស់លោក ដូណាល់ ត្រាំ នឹងទទួលរងលទ្ធផលដ៏អាក្រក់បំផុត នៅក្នុងការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងព្យុងយ៉ាង ប្រសិនបើមិនប្រឹងរៀនសូត្រពីកំហុសនានា របស់រដ្ឋាភិបាលលោក អូបាម៉ា ទេនោះ»៕
ប្រភព ៖ យ៊ុនហាប់
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី