(ចិន)៖ ស្ទើរតែមិនគួរឲ្យជឿសោះថា លោកយាយដែលមានអាយុ៨១ឆ្នាំទៅហើយ ហ៊ានចំណាយប្រាក់ដល់ទៅរាប់ម៉ឺនដុល្លារ ដើម្បីទិញថ្នាំលេបពង្រីក ដើមទ្រូង របស់គាត់ឲ្យកាន់តែធំជាងមុន។ លោកយាយ Wang រស់នៅតែម្នាក់ឯង ក្នុងខេត្ត Shaanxi ប្រទេសចិន គាត់គឺជាគ្រូបង្រៀនចូលនិវត្តន៍ទៅហើយ តែលោកយាយរស់នៅ ដោយសុខស្រួល ពីប្រាក់សោធននិវត្តន៍ ប៉ុន្តែថ្មីៗនេះ គាត់ក៏ចាប់ផ្តើមខ្ចីប្រាក់ពីសាច់ញាតិ ធ្វើឲ្យកូនស្រីគាត់ គឺនាង Feng ឆ្ងល់ក៏ស៊ើបពីរឿងនេះផងដែរ។
ថ្ងៃមួយ Feng ដឹងថា ម្តាយខ្លួនចំណាយប្រាក់អស់ជាច្រើន ទៅលើផលិតផលសុខភាព ដែលទាក់ទងតាមរយៈទូរស័ព្ទ ជាមួយអ្នកលក់ ហើយក្នុងរយៈពេល៦ខែ Feng ដឹងថាម្តាយចំណាយប្រាក់ ដល់ទៅ $25,000 ទៅលើថ្នាំគ្រាប់លេប ជួយពង្រីកដើមទ្រូង ឲ្យនៅស្អាត និងផលិតផលសុខភាពផ្សេងទៀត ដែលប្រើសម្រាប់ស្បែកមនុស្សចាស់។
Feng បានប្តឹងភ្នាក់ងារ ក្រុមហ៊ុនចែកចាយផលិតផលថា កំពុងបោកប្រាស់យកលុយពីម្តាយនាង តាមរយៈការអូសទាញលោកយាយ ឲ្យទិញផលិតផលជាច្រើនមុខ ហើយប៉ូលីសក៏ស៊ើបអង្កេត លើករណីនេះ ចុងក្រោយខាងក្រុមហ៊ុន លក់ផលិតផលនោះ ក៏សុខចិត្តយកផលិតផល ដែលលោក យាយមិនទាន់ប្រើត្រឡប់ទៅវិញដែរ និងចំណាយប្រាក់ទូទាត់សងគាត់គ្រប់ចំនួន ដោយនៅសល់ប្រមាណ $17,804 ។
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី